បណ្តាញសង្គម

តន្ដ្រីករ និងអ្នកចម្រៀង​វ័យក្មេង៤២រូប អាក់ខានប្រឡងដណ្ដើម​មេដាយ​មាស

បេក្ខភាពសិស្សតន្ដ្រីករ និងអ្នកចម្រៀងរបស់កម្ពុជាចំនួន ៤២រូប

ត្រូវអាក់ខានចេញទៅក្រកួតដណ្ដើមពានរង្វាន់អន្ដរជាតិនៅប្រទេសម៉ាឡេស៊ី ដោយសារគ្រូ និងអាណាព្យាបាលពួកគេ ព្រួយបារម្ភពីការឆ្លងមេរោគរលាកផ្លូវដង្ហើមវីរ៉ុសកូរ៉ូណា ដែលកំពុងរាតត្បាតនៅក្នុងប្រទេសមួយចំនួន។ តាមគម្រោងប្រទេសម៉ាឡេស៊ី រៀបចំប្រកួតដណ្ដើមពានរង្វាន់អន្ដរជាតិលើវិញ្ញាសារ ចម្រៀង លេងព្យាណូ វីយូឡុង និងហ្គីតា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងម៉ាឡាកា ដោយមានបេក្ខភាពពីប្រទេសជាច្រើនលើពិភពលោកចូលរួមដែរ។

ប៉ុន្ដែគួរឲ្យសោកស្ដាយដែលបេក្ខភាពពីសាលាតន្ដ្រីសូ ស្រណោះ របស់កម្ពុជា មិនបានចូលរួមក្នុងព្រឹត្ដិការណ៍នេះ។ ទោះជាយ៉ាងណាបេក្ខភាពវ័យក្មេងទាំង ៤២រូប នៅតែមានឱកាសបញ្ចេញសមត្ថភាពច្រៀង និងលេងឧបរណ៍ភ្លេងយ៉ាងស្ទាត់ជំនាញរបស់ខ្លួននៅក្នុងប្រទេស តាមរយៈកម្មវិធីប្រគំតន្ដ្រី និងពិសាអាហារសាមគ្គីមួយ ដែលរៀបចំដោយសាលាតន្ដ្រី សូ ស្រណោះ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ដោយមានអ្នកសិល្បៈ តន្ដ្រីករ និងមាតា-បិតាសិស្សប្រហែល ២០០នាក់ ចូលរួម។

នាយកសាលាតន្រ្ដីសូស្រណោះ គឺលោក សូ ស្រណោះ និយាយថា រូបលោក និងអាណាព្យាបាលសិស្សមានការសោកស្ដាយចំពោះការអាក់ខាននេះ ព្រោះសិស្សដែលត្រៀមទៅប្រកួតទាំងអស់សុទ្ធតែឆ្លងកាត់ការប្រឡងជ្រើសរើស និងបំប៉នបន្ថែមដោយគណៈកម្មការសាលា៖ "ដើម្បីកុំឲ្យក្មេងបាក់ទឹកចិត្ដ ខ្ញុំក៏សម្រេចបង្កើតកម្មវិធីនេះឡើង ដើម្បីឲ្យពួកគាត់បង្ហាញពីសមត្ថភាពដល់មាតា-បិតា និងត្រៀមការប្រឡងលើកក្រោយៗ ហើយខ្ញុំនឹងផ្ដល់មេដាយជូនគាត់ដែរ តែមិនទាន់ឲ្យដឹង"។

បើតាមលោក សូ ស្រណោះ។ បេក្ខភាពទាំង៤២រូប នេះ នៅតែត្រៀមទៅប្រកួតដណ្ដើមពានរង្វាន់ខ្នាតអន្ដរជាតិនៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ដ្រី និងចម្រៀងរបស់ប្រទេសកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់៕

ដកស្រង់ពី៖ Sabay