បណ្តាញសង្គម

តួជំនួស Fan Bingbing បង្ហាញរាងយូរពេកលើកម្រាលព្រំ ត្រូវគេសុំឲ្យចេញ

តារាសម្ដែងស្រីចិន មិនសូវជាល្បីឈ្មោះម្នាក់បានទទួលរងការរិះគន់ជាខ្លាំង បន្ទាប់ពីធ្វើឲ្យគេភ្ញាក់ផ្អើលពេលបង្អួតរាងលើកម្រាលព្រំក្រហមដល់ទៅ៦០ នាទី។

កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ បណ្ដាញព័ត៌មាន 163 បានចុះផ្សាយថា តារាសម្ដែងស្រីចិន Sun Xiao បានបង្ករការផ្ទុះមតិរិះគន់ជាខ្លាំង នៅពេលនាងបង្ហាញខ្លួនក្នុងកម្មវិធីមហោស្រពភាពយន្ត Berlin។ តាមនោះដែរ ទោះបីជាគ្មានវណ្ណកម្មអ្វីគួរឲ្យចាប់អារម្មណ៍នៅស្រុកកំណើតក៏ដោយ តែនាងនៅតែទទួលបានសំបុត្រមួយក្នុងកម្មវិធីដ៏ធំនេះ។

ប្រភពដដែល បានលើកឡើងថា តួស្រីជំនួសរបស់កំពូលតារាសម្ដែងស្រី Fan Bingbing បានដើរតួតូចមួយក្នុងរឿង My Salinger Year របស់អ្នកដឹកនាំរឿងជនជាតិកាណាដា Philippe Falardeau ទើបនាងបានបង្ហាញខ្លួនក្នុងកម្មវិធីនេះ។ 163 បានបន្ថែមថា ក្រុមការងាររបស់រឿង My Salinger Year ទាំងអស់បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមថតរូប ហើយដើរចេញទាំងអស់ មានតែ Sun Xiao ប៉ុណ្ណោះ ដែលនៅឈរកាច់រាងនៅទីនេះ៦០នាទី រហូតដល់តែក្រុមការងាររបស់កម្មវិធីចេញមកអញ្ជើញនាងចេញពីកម្រាលព្រំក្រហម ដើម្បីឲ្យតារាដទៃ មកថតរូប។

នៅពេលឃើញរូបភាពបែបនេះ ទស្សនិកជនបានបង្ហាញពីភាពអាម៉ាសមុខនៅពេលតារាប្រទេសខ្លួន មានសកម្មភាពបែបនេះ ក្នុងកម្មវិធីអន្តរជាតិដ៏ធំយ៉ាងនេះ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលតារាចិនត្រូវដេញពីកម្រាលព្រំក្រហម ដ្បិតសូម្បីតែតារាធំៗដូចជា Li Bingbing ក៏ធ្លាប់ត្រូវអញ្ជើញចេញពីកន្លែងថតរូបដូចគ្នា ព្រោះបង្ហាញរាងយូរពេក៕

 

 

 

 ដកស្រង់ពី៖ Sabay