បណ្តាញសង្គម

រក​​បាន​រាប់​ពាន់​បែប​នេះ ទើប​នាយ តាក់ស៊ី រលាស់​ខ្លួន​បាន​យ៉ាង​លឿន​ពី​ស្ថានភាព​តោកយ៉ាក!

តារាកំប្លែងដែលមានជំងឺប្រចាំកាយ លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានរលាស់ខ្លួនចេញស្ថានភាពក្រលំបាក និងអត់លុយព្យាបាលជំងឺទឹកនោមផ្អែមប្រចាំខែ បានយ៉ាងលឿន។

នេះក៏ព្រោះតែលោកមានឱកាសចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ តាមរយៈសកម្មភាពសម្ដែងរបស់លោកជាមួយក្រុមកំប្លែងលោក វិច ទ័រ ប្រចាំនៅស្ថានីយ៍ទូរទស្ស C T N។ នាយ តាក់ស៊ី បញ្ជាក់ថា នាពេលនេះ នាយអាចរកចំណូលបានច្រើនគួរសម ពោលគឺខ្ទង់ពាន់ដុល្លារដែរក្នុង១ខែ។ ឥឡូវខ្ញុំលែងលំបាកខ្លាំងដូចមុនទៀតទេ ទាំងសុខភាព និងប្រាក់ចំណូលប្រចាំខែ។ ខ្ញុំអាចរកចំណូលបានមិនក្រោម៣០០០ដុល្លារឡើយក្នុង១ខែ...ឥឡូវខ្ញុំកំពុងសន្សំលុយបន្ថែម..."។

តួលេខប្រាក់ចំណូលនេះ នាយ តាក់ស៊ី បញ្ជាក់ថា មួយផ្នែក គឺបានពីការងារជាប់លាប់ជាតារាកំប្លែងនៅស៊ីធីអិន ប៉ុន្តែការងារនេះ នាយសុំសិទ្ធិមិនប្រាប់តួលេខពិតប្រាកដ។ ដោយឡែកចំនូលផ្សេងៗទៀត នាយអាចរកបានពីការសម្ដែងរឿង ស្ប៉តពាណិជ្ជកម្ម និងការដើរលេងនៅកម្មវិធីខាងក្រៅមួយចំនួនទៀត។ យ៉ាងណា នាយថា ចំណូលពីស៊ីធីអិន គឺជាចំណែកធំ និងជាប់លាប់ទៀត។ ដូច្នេះហើយ លោក រឿង សារ៉េត ហៅនាយតាក់ស៊ី សម្ដែងការដឹងគុណចំពោះលោក វ៉ិច ទ័រ ដែលព្រមទទួលយករូបលោកចូលសំដែងឡើងវិញ។

បច្ចុប្បន្នប្រភពចំណូលធំរបស់លោក គឺបានពីការសម្ដែងក្នុងកម្មវិធី៖"ផ្ទះលោកតា""បានមើលបានសើច" និងកម្មវិធី"ពីរគ្រួសារ"។ កាលពីខែមិថុនា ឆ្នាំ២០១៩ នាយតាក់ស៊ី ធ្លាប់លាឈប់ពីអាជីពកំប្លែង  ហើយរត់ទៅបួសជាសង្ឃដោយប្ដេជ្ញាថានឹងបួសបម្រើព្រះពុទ្ធសាសនាអស់មួយជីវិត។

ប៉ុន្ដែដោយបួសជាសង្ឃត្រូវតមបាយល្ងាយ ហើយឆាន់ភេសជ្ជៈជំនួសរាល់ថ្ងៃ ទើបធ្វើឲ្យជាតិស្ករឡើងរហូតដល់៨០០ បង្ករឲ្យស្ថានភាពជំងឺរបស់ព្រះអង្គកាន់តែធ្លាក់ដុនដាប។ ក្រោយមកព្រះអង្គក៏សម្រេចលាចាកសិក្ខាបទវិញ ដើម្បីមានឱកាសមើលថែពីសាច់ញាតិ និងពិនិត្យព្យាបាលដិតដល់ពីគ្រូពេទ្យជំនាញ។

ភ្លាមៗក្រោយលាចាកសិក្ខាបទ ហើយស្ថានភាពជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរផងនោះ លោកខ្វះខាតលុយព្យាបាល និងផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃយ៉ាងខ្លាំង ប៉ុន្ដែដោយលោក វ៉ិច ទ័រ អាណិតក៏ទទួលឲ្យចូលលេងកំប្លែងឡើងវិញ រហូតដល់សព្វថ្ងៃ៕

ដកស្រង់ពី៖ Sabay