បណ្តាញសង្គម

តារា​ចម្រៀង ប៊ុត សីហា និង សយ រតនា ចាប់​ដៃ​គ្នា មុន​ចេញ​ទៅ​អូស្ត្រាលី

តារាចម្រៀងប្រុសពីររូបគឺលោក ប៊ុត សីហា និង លោក សយ រតនា

បានបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់សម្រាប់អបអរឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ មុនពេលដែលពួកគេនឹងចេញទៅច្រៀងរាំនៅប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ។ ថ្មីៗនេះ តារាប្រុសទាំងពីរនាក់ ទើបបានចេញបទចម្រៀងមួយបទរួមគ្នាមានចំណងជើងថា "កំលោះកូន១" ជាប្រភេទចង្វាក់កន្ទ្រឹម សម្រាប់រាំលេងសប្បាយនាបុណ្យចូលឆ្នាំថ្មីខាងមុខ។

នេះជាសមិទ្ធផលថ្មី និងរួមគ្នាលើកដំបូងមុនពេល ពួកគេកាន់ដឹកដៃគ្នាទៅអូស្ត្រាលីដំបូង នាពេលខាងមុខ។ នេះបើតាមអ្នកជិតដិតម្នាក់របស់តារាប្រុសទាំងពីរបង្ហើប។ ដំណើរទៅកាន់ទឹកដីរបស់សត្វកង់ហ្គូរូលើកនេះ គឺតបតាមការអញ្ជើញរបស់អ្នកផលិត និងដឹកនាំកម្មវិធីនៅប្រទេសនេះ ក្នុងនោះ ពួកគេ រួមជាមួយនឹងតារាស្រី២រូបទៀត គ្រោងនឹងចេញទៅនៅមុនបុណ្យចូលឆ្នាំចូលមកដល់ ប្រសិនបើអ្វីៗមិនមានការរាំងស្ទះ។

ប្រភពបន្តថាពួកគេនឹងចំណាយពេលវេលាចូលរួមអបអរសាទរកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយប្រជាជនខ្មែររស់នៅរដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី។ មានការលើកឡើងដែរថា ពួកគេកំពុងសម្រុកបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនពិសេបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមិនតិចជាង១០បទនោះទេ ខណៈនេះគឺជាលើដំបូងដែលតារារូបនេះមានស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយលើកដំបូង ហើយបទទាំងនេះក៏នឹងនាំយកទៅច្រៀងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។

បទចម្រៀងដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជននោះគឺបទ ”កំលោះកូនមួយ” ខាងលើ ដែលជាបទចម្រៀងចង្វាក់កន្ត្រឹម ខណៈ តារាចម្រៀង សយ រតនា ក៏ទទួលបានការចាប់អារម្មណ៍លើបទចម្រៀងមួយចំនួនដូចជាបទ ”ខ្មៅអន្តរជាតិ” បទ “រួញអស់ហើយឪ” ជាដើម។

តាមផែនការ ប៊ុត សីហា និង សយ រតនា នឹងបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ហើយប្រសិនបើមិនមានការប្រែប្រួលទេតារាប្រុសទាំងពីររូបនឹងអាចនាំបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទច្រៀងជូនអ្នកគាំទ្រខ្លួនរាំលេងកម្សាន្តនៅលើទឹកដីនៃប្រទេសអូស្ត្រាលីនេះ៕

ដកស្រង់ពី៖Sabay