បណ្តាញសង្គម

Song Hye Kyo រង​ការ​រិះគន់​ខ្លាំង​ព្រោះ​លើក​ទឹក​ចិត្ត Wuhan តែ​មិន​បរិច្ចាគ​ឲ្យ​ខេត្ត​កំណើត​ខ្លួន​ឯង

ស្រុកកំណើតរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo គឺខេត្ត Daegu ដែលជាតំបន់កំពុងផ្ទុះរោគកូរ៉ូណាជាខ្លាំង។

យ៉ាងណាក្ដី តាំងពីចាប់ផ្ដើមមានអ្នកឆ្លងជំងឺមកទល់ពេលនេះ ស្រីស្អាតខាងលើមិនមានការលើកទឹកចិត្ត ក៏ដូចជាបរិច្ចាគអ្វីឡើយ។ កាលពីចុងខែកុម្ភៈ កន្លងទៅនេះ តារាសម្ដែងស្រីលំដាប់ A កូរ៉េ Song Hye Kyo ត្រូវបានគេប្រទះឃើញត្រលប់មកពីអ៊ីតាលី ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដនៅទីនោះ។

នេះគឺជាលើកទី១ ក្នុងរយៈពេលកន្លះឆ្នាំ ដែលគេឃើញតារាស្រីនេះនៅប្រទេសកំណើតរបស់ខ្លួន។ ក្រោយពេលកម្រងរូបរបស់នាង នៅព្រលានយន្តហោះត្រូវបានបង្ហោះ នាងបានរងការរិះគន់ខ្លាំងជាមនុស្សអាត្មានិយម អត់ចិត្តចំពោះខេត្តកំណើតរបស់ខ្លួន ដែលជាខេត្ត Daegu ដែលកំពុងរងការប៉ះពាល់យ៉ាងធំបំផុត ដ្បិតវាជាជម្រកផ្ទុះដំបូងនៃមេរោគកូរ៉ូណានៅកូរ៉េ។

នៅលើបណ្ដាញព័ត៌មាន Naver ទស្សនិកជនបានបញ្ចេញកំហឹងថា៖ នៅពេល Wuhan ត្រូវឆ្លងរោគ នាងបានបរិច្ចាគលុយ និងសរសេរសារលើកទឹកចិត្តហំណាស់ តែដល់ពេល Daegu ជួបទុក្ខ នាងបែរជាព្រងើយទៅវិញ។ នាងមើលឃើញតែលុយប៉ុណ្ណោះ។ នេះគឺជាមតិមួយចំនួនដែលប្រជាជនកូរ៉េបញ្ចេញលើអ៊ីនធឺណិត។

គួរបញ្ជាក់ផងដែរថា គិតដល់ត្រឹមថ្ងៃទី១ ខែមីនា មានសិល្បករកូរ៉េប្រមាណ១០០នាក់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បី ជួយដល់អ្នកឆ្លងរោគកូរ៉ូណា ដែលសរុបទឹកប្រាក់ប្រមូលបានចំនួន ២,៥លានដុល្លារ។ អាស្រ័យហេតុនេះហើយ ការដែលកូនអ្នកខេត្ត Daegu ផ្ទាល់ដូច Song Hye Kyo មិនបរិច្ចាគនោះ ត្រូវបានគេរិះគន់ជាខ្លាំង៕

ដកស្រង់ពី៖ Sabay