បណ្តាញសង្គម

ស្វាមី​របស់ Jun Ji Hyun ស្នង​មរតក​ក្រុមហ៊ុន​ពាន់​លាន​ដុល្លារ

ប្ដីរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Jun Ji Hyun ចាប់ផ្ដើមចូលកាន់តំណែងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនប៉ាម៉ាកខ្លួន ប៉ុន្តែមុននោះលោកមិនកាន់ជំនួញរបស់គ្រួសារឡើយ។

បណ្ដាញព័ត៌មានកូរ៉េ និងហុងកុងបានចុះផ្សាយយ៉ាងព្រោងព្រាតថា លោក Choi Joon Hyuk ស្វាមីរបស់តារាសម្ដែងស្រីលំដាប់ A ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់គ្រួសារលោក។ មុននោះដែរ លោកគឺជានាយកនៃធនាគារ Bank of America សាខាប្រទេសកូរ៉េ។

ក្រុមហ៊ុនរបស់ស្វាមី តួរឿង សង្សារខ្ញុំមកពីភពផ្កាយ ជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ និងជាក្រុមហ៊ុនក្នុងចំណោមដែលធំជាងគេនៅកូរ៉េ។ មុនពេលឡើងក្ដាប់តំណែងខ្ពស់ជាងគេក្នុងក្រុមហ៊ុន លោកគឺជាអ្នកមានភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន។ យោងតាមបណ្ដាញព័ត៌មាន News9 ដើមទុននៃក្រុមហ៊ុននេះគឺ ៣៤០០ពាន់លានវ៉ុន (២,៨៥ពាន់លានដុល្លារ)។

ឪពុករបស់បុរសវ័យ ៣៨ឆ្នាំនេះ គឺជាអគ្គនាយកនៃក្រុមហ៊ុនផលិតកប៉ាល់ដ៏ធំមួយនៅកូរ៉េដូចគ្នា។ ដោយសារតែមានស្វាមីជាអ្នកជំនាញហិរញ្ញវត្ថុ ទើបតួរឿង Legend of the Blue Sea តែងរកបានចំណូលជាច្រើនពីការវិនិយោគរបស់ខ្លួន ដោយគ្រាន់តែគិតទ្រព្យសម្បត្តិពីអចលនទ្រព្យរបស់នាងគឺជាង១០០លានដុល្លារ៕

 

ដកស្រង់ពី៖ Sabay