បណ្តាញសង្គម

អតីត​តារា​ចម្រៀង បច្ចុប្បន្ន​ពិធីករ​ទូរទស្សន៍​ផ្នែក​កីឡា​ ហេង សារ៉េត ឲ្យ​តម្រុយ​មក​សិល្បៈ​វិញ

អតីតតារាចម្រៀង បច្ចុប្បន្នពិធីករទូរទស្សន៍ផ្នែកកីឡាប្រដាល់ លោក ហេង សារ៉េត ថ្មីៗនេះ បានឲ្យតម្រុយដែលនាំឲ្យមានការសង្ស័យថា លោកអាចនឹងវិលត្រឡប់ទៅអាជីពដើម គឺអាជីពសិល្បៈវិញ ក្រោយពីបានឈានជើងចេញជាង ១០ឆ្នាំ។

នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនម្សិលមិញ លោក ហេង សារ៉េត បានបញ្ចេញឲ្យដឹងថា លោកនឹងថតវីដេអូចម្រៀង(MV)ត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងមកដល់នាពេលខាងមុខ ក្នុងនោះលោកថែមទាំងបង្ហាញតួស្រី ដែលសុទ្ធជាយុវតីវ័យក្មេង និងស្រស់ស្អាតប៉ុន្មាននាក់ផង។

លោកមិនបានបង្ហើបទេថា បទអ្វីដែលលោកនឹងថតសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ។ ប៉ុន្តែទោះយ៉ាងណា មិត្តភ័ក្តិ ក៏ដូចជាអ្នកគាំទ្រលោកមួយចំនួន បានចូលរួមលើកទឹកចិត្ត និងជូនពរឲ្យផែនការសិល្បៈរបស់លោកទទួលជោគជ័យ។ នេះជាសកម្មភាពសិល្បៈថ្មីបំផុតមួយ ចាប់តាំងពីលោកបានលែងដៃ អស់កាលជាង១០ឆ្នាំ ហើយមកប្រឡូកក្នុងវិស័យកីឡាប៉ុន្មានឆ្នាំជាជំនួសវិញ។

តម្រុយនេះ គេសង្ស័យថា ម្ចាស់បទ "បេះដូងពីរចំណែក" អាចនឹងវិលទៅរកអាជីពដើមរបស់លោកវិញ។ ចំពោះបញ្ហានេះ លោក ហេង សារ៉េត បានឆ្លើយតបថា អ្វីដែលលោកគ្រោងធ្វើនេះ ជាការរំលឹកដល់ការងារចាស់(សិល្បៈ) កន្លងមកប៉ុណ្ណោះ។ "គ្រាន់តែស្តាយស្នាដៃធ្លាប់មានកន្លងមកចង់ចងក្រងវាឡើងវិញ ព្រោះយល់ថាខ្លួនឯងអាចនៅមានលទ្ធភាពធ្វើវាខ្លះៗដែរ"។

តាមការបញ្ជាក់របស់ពិធីករទូរទស្សន៍ផ្នែកកីឡា បានឲ្យដឹងថា តាមផែនការរបស់លោក គឺមានចម្រៀងចំនួន ៦បទ ត្រៀមនឹងបញ្ចេញបទចម្រៀងចំនួន ៦បទ ដោយបច្ចុប្បន្ន កំពុងស្វះស្វែងរកម្ចាស់ឧបត្ថម្ភមួយចំនួនដើម្បីសម្រាលលើការចំណាយសម្រាប់ផលិត។ បទទាំងនោះ មួយចំនួនជាបទចាស់ដែលលោកបានធ្វើឡើងតាំងពីលោកនៅបម្រើការនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយមួយចំនួនទៀត លោកធ្វើថ្មី ហើយបទទាំងនោះ នឹងចេញជាបន្តបន្ទាប់។

ប៉ុន្តែសម្រាប់បទដែលត្រៀមចេញមុនគេនេះ គឺបទចង្វាក់កន្ទ្រឹមមានចំណងជើងថា "ស្រឡាញ់ក្រមុំស្រុកឯង" ដែលលោកច្រៀងតាម(Cover) បទដើមរបស់លោក យ៉ិង យុង តារាចម្រៀងសុរិន្ទ សម្រាប់ជូនបងប្អូន និងអ្នកគាំទ្ររាំសប្បាយនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខសិន។ លោក ហេង សារ៉េត គឺជាអតីតតារាចម្រៀងក្នុងផលិតកម្ម "Eco Music”។

លោកបានសាងកេរ្តិ៍ល្បីខ្លាំងនាអំឡុងឆ្នាំ ២០០៤-២០០៥ តាមរយៈបទមួយចំនួន ពិសេសគឺបទ "បេះដូងពីរចំណែក" “ជីវិតអ្នកសិល្បៈ" និងបទ "នៅជិតបង្កើយ" ជាដើម។ ក្រោយពីបានសាងកេរ្តិ៍ឈ្មោះល្បីក្នុងស្រទាប់យុវវ័យ លោក ហេង សារ៉េត ក៏បានចាកចេញពីសិល្បៈ នៅក្នុងឆ្នាំ ២០០៦ ហើយប៉ុន្មានក្រោយមកលោក ក៏បានលេចមុខធ្វើជាពិធីករទូរទស្សន៍ផ្នែកកីឡា។ ចំពោះតម្រុយដែលថា លោកអាចនឹងវិលមកអាជីពសិល្បៈឡើងវិញនោះ លោក សារ៉េត ឲ្យដឹងថា នេះដូចជាការចាប់ផ្ដើមថ្មីមួយ។ ដូច្នេះច្បាស់ណាស់ថា អាចទៅរួច ប្រសិនបើប្រិយមិត្តនៅតែគាំទ្រច្រើន៕

ដកសា្រង់ពី៖ Sabay