បណ្តាញសង្គម

ពែកមី លេច​មុខ​គាំទ្រ​ប្អូន​ធម៌​ចេញ​រក​ស៊ី​ដំបូង​ ចំ​ពេល Covid-19 កំពុង​វាយ​លុក

នាយ ពែកមី ត្រូវបានគេមើលឃើញថា បានលូកកាន់តែជ្រៅក្នុងមុខជំនួញពិសេសជំនួញអចលនទ្រព្យនោះ ថ្មីៗនេះ

ត្រូវបានគេប្រទះឃើញលេចមុខក្នុងពិធីបើកការដ្ឋានថ្មីមួយកន្លែងទៀតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែភ្លាមៗនាយបានបដិសេធថា នោះមិនមែនជាជំនួញរបស់នាយឡើយ។ តារាកំប្លែងមកពីខេត្តស្វាយរៀង បញ្ជាក់ថា នាយមិនទាន់មានគម្រោងវិនិយោគណាមួយជាលក្ខណៈផ្ទាល់ខ្លួនលើវិស័យអចលនទ្រព្យនោះឡើយ។

ដូច្នេះច្បាស់ណាស់ថា វត្តមានរបស់នាយនាពេលនេះ គឺមិនមែនក្នុងនាមម្ចាស់ភាគហ៊ុនអ្វីនោះទេ ពោលគឺលោកគ្រាន់តែចូលរួមគាំទ្រប្អូនធម៌របស់លោកប៉ុណ្ណោះ។ តាមការបញ្ជាក់របស់ ពែកមី ប្អូនធម៌របស់លោកមានឈ្មោះ ជោត លាងហេង គឺអគ្គនាយកក្រុមហ៊ុនលំនៅដ្ឋាន ឈាំង ហេង ដែលទើបដំណើរការបុកគ្រឹះសាងសង់ម្សិលមិញនេះ។

តារាកំប្លែងបញ្ជាក់ថា ពួកលោកបានជួបស្គាល់គ្នា និងធ្វើការជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុន "ត្រាស់មី" ហើយក៏បានរាប់អានគ្នាជាបងប្អូនរហូតមក។ លុះម្សិលមិញនេះ នាយត្រូវបានអគ្គនាយកក្រុមហ៊ុនដែលជាប្អូនបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីបើកសម្ពោធចេញរកស៊ីផ្ទាល់ខ្លួនជាលើកដំបូង ផ្សំនឹងប្អូនប្រុសរូបនេះ អះអាងពីសក្ដានុពលមុខជំនួញដំបូងរបស់ខ្លួនផង នាយក៏បានឆ្លៀតមកចូលរួមលើកទឹកចិត្ត និងបានមើលឃើញថា គម្រោងអចលនទ្រព្យរបស់ប្អូនប្រុស ពិតជាអំណោយផលល្អ។

ពែកមី ថា ប្អូនប្រុសលោកភ្នែកមុត ទើបរើសបានគម្រោងដែលស្ថិតនៅទីតាំងល្អ ពោលគឺកណ្ដាលក្រុងកំពង់ស្ពឺ ជាប់ផ្លូវជាតិ ហើយព័ទ្ធជុំវិញដោយមន្ទីរពេទ្យ សាលារៀន និងរោងចក្រថែមទៀត។ "ឃើញអីចឹងខ្ញុំសប្បាយចិត្តដែលប្អូនរើសបានទីតាំងល្អ...កន្លែងទំនង ចេញលក់ទៅដឹងតែបងប្អូនគាំទ្រហើយ អីចឹងហើយខ្ញុំពិតជាសប្បាយចិត្ត និងអបអរសាទរគាត់"។

យ៉ាងនេះក្ដី តារាកំប្លែងស៊ីធីអិនបញ្ជាក់ថា លោកមិនមានគម្រោងរួមវិនិយោគជាមួយប្អូនធម៌នោះទេ ព្រោះលោកជាក្រុមប្រឹក្សាភិបាលរបស់ "ត្រាស់មី" រួចហើយ ដែលតាមតួនាទីនេះ លោកមិនអាចធ្វើដូច្នោះបានឡើយ។ គម្រោង "ឈាំង ហេង" ស្ថិតនៅកណ្ដាលក្រុងច្បារមន លើដីទំហំកន្លះហិកតា និងមានសំណង់លំនៅដ្ឋានចំនួន ៣៩ល្វែង។

គម្រោងនេះ រួមវិនិយោគបុគ្គលពីរនាក់សំខាន់ៗ គឺលោក ជោត លាងហេង ជាអគ្គនាយក និងលោក "ឈាំង" ដូច្នេះហើយ ទើបគម្រោងនេះ មានឈ្មោះថា "ឈាំង ហេង" បានមកពីការបញ្ចូលគ្នានៃម្ចាស់ហ៊ុនទាំងពីរ។គម្រោងរបស់ប្អូនធម៌ ពែកមី បានបើកដំណើរការចំពេលជំងឺ Covid-19 បាន និងកំពុងគំរាមពិភពលោក រួមទាំងកម្ពុជាផង ដែលនាំឲ្យមានការប៉ាន់ស្មានថា គម្រោងអាចជួបបញ្ហាមួយចំនួន។

យ៉ាងណា ឯកឧត្តម ជួន គន្ធា ហៅ សីហា ដែលជាភាគទុនិកមួយរូបដែរបានបញ្ជាក់ថា អំឡុងពេលនេះ សំណង់ផ្ទះល្វែងនៅធូរថ្លៃ ផ្ទះទំហំ២ជាន់កន្លះតម្លៃចាប់ពី ៧ម៉ឺន ប៉ុន្តែរង់ចាំដល់អ្វីៗវិលមកប្រក្រតីវិញ ប្រាកដណាស់ថា អចលនទ្រព្យនឹងឡើងថ្លៃ ដូច្នេះវិនិយោគក្នុងពេលនេះ ល្អពេលក្រោយ៕

ដកស្រង់ពី៖ Sabay