បណ្តាញសង្គម

ជំទាវ ឱ វណ្ណឌី បាន​កោត​សរសើរ​គូ​ស្វាមី​ពន្យារ​មង្គល​ការ​ដើម្បី​ទប់ Covid-19 ហើយ​ថ្ងៃ​នេះ​អតីត​តារា​សម្ដែង​ម្នាក់​សម្រេច​ពន្យារ​មង្គល​ការ​ដែរ

នៅប្រមាណ១សប្ដាហ៍ចុងក្រោយនេះ មានករណីលើកពេលរៀបមង្គលការរបស់គូស្វាមីភរិយាជាច្រើនគូ ដែលករណីនេះលោកជំទាវ ឱ វណ្ណឌីន បានកោតសរសើរ និងសូមថ្លែងអំណរគុណ

ព្រោះថានេះជាការចូលចំណែកទប់ស្កាត់ការរីករាលដាល Covid-19 ដែលកំពុងគំរាមកំហែងកម្ពុជា។ ដោយឡែកថ្ងៃនេះ អតីតតារាសម្ដែងប្រុសម្នាក់ ក៏បានសម្រេចលើកពេលពិធីជ័យរបស់ខ្លួនដែរ។ នេះជាករណីទី១សម្រាប់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងសិល្បៈ បានសម្រេចពន្យារពេលប្រារព្ធមង្គលការរបស់ខ្លួន ដោយសារតែខ្លាចការប្រមូលផ្ដុំនៃភ្ញៀវកិត្តិយសនៅក្នុងពិធីរបស់ខ្លួន ក្លាយកន្លែងដែលមេរោគមួយនេះ ពង្រីកអនុភាពកាន់តែខ្លាំងឡើងតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា វ័ន្ត លាងហៃ គឺជាអតីតតារាសម្ដែងដែលលេចមុខច្រើនក្នុងវីដេអូចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស។

នៅថ្ងៃនេះ វ័ន្ត លាងហៃ បានសរសេរសារលើបណ្ដាញសង្គមរបស់លោកថា "ដេីម្បីធានាសុវត្ថិភាព និងទប់ស្កាត់ជម្ងឺរលាកសួតដោយសារវីរុសកូរ៉ូណាថ្មី (COVID-19) យេីងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារទាំងសងខាងបានសម្រេចពន្យារពេលពិធីរៀបអាពាហ៍ពិពាហ៍ជាបណ្ដោះអាសន្ន រហូតដល់ស្ថានភាពជម្ងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (COVID-19) មានភាពធូរស្បើយ និងអាចគ្រប់គ្រងបាន"។ សកម្មភាពដូចគ្នានេះ បានកើតឡើងជាច្រើនករណីមកហើយនៅលើគូស្វាមីភរិយាជាសាមញ្ញជន។

ការណ៍នេះ លោកជំទាវរដ្ឋលេខាធិការដែលបាន និងកំពុងទទួលបានប្រជាប្រិយភាពបានសាទរ និងថ្លែងអំណរគុណ ដោយចាត់ទុកថា នេះជាការរួមចំណែកទប់ស្កាត់ការរីករាលដាលរបស់មេរោគអប្រិយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងដុតដៃដុតជើង។ លោកជំទាវ ឱ វណ្ណឌីន ថ្លែងនៅក្នុងថ្ងៃសន្នីសីទសារព័ត៌មាននាថ្ងៃម្សិលមិញថា "ខ្ញុំបានឃើញដែរនៅលើបណ្ដាញសង្គមដែលប្អូនស្រីម្នាក់ ជាម្ចាស់សាមីដើមការ ជាកូនក្រមុំផ្ទាល់តែម្ដង...បានប្រកាសដោយខ្លួនគាត់ថា ដើម្បីចូលរួមទប់ស្កាត់ការចម្លងរបស់វីរុស Covidនេះ គាត់សូមពន្យារពេលការចូលរួមក្នុងអាពាហ៍ពិពាហ៍របស់គាត់ គឺគាត់ប្រកាសខ្លួនគាត់តែម្ដង។

អីចឹងហើយនេះជាចំណុចល្អមួយ ដែលយើងសូមកោតសរសើរ...និងសូមឲ្យមានការរៀនសូត្របន្តៗគ្នាដែរ!”។ ងាកមកអតីតតារាសម្ដែង បច្ចុប្បន្នជាមេធាវីលោក វ័ន្ត លាងហៃ វិញម្ដង ក្រោយការប្រកាសពីការលើកពេលពិធីរៀបមង្គលរបស់ខ្លួនដែលត្រូវធ្វើនៅថ្ងៃទី ៣០ មីនានេះ លោកបានបញ្ជាក់ថា មិនទាន់មានកាលបរិច្ឆេទជាក់លាក់ថ្មីនៃពិធីមង្គលរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែលោកឲ្យដឹងថា អ្វីៗនឹងអាចចាប់ផ្ដើមម្ដងទៀត នៅពេលអ្វីៗវិលមករកភាពប្រក្រតី ពោលគឺជំងឺរលាកសួតថ្មី ហៅថា Covid-19 នេះបានធូរស្រាល ហើយគ្រប់គ្រងបាន ទើបលោកនឹងគិតគូរម្ដងទៀត ហើយចាប់ផ្ដើមអញ្ជើញភ្ញៀវកិត្តិយសមកពិសាភោជនីយអាហារសារជាថ្មី។

លោក វ័ន្ត លាងហៃ គឺតារាសម្ដែងស្រង់សង្ហាម្នាក់ដែលកន្លងមកភាគច្រើនភាគច្រើន លោកបានចូលរួមសម្ដែង MV និងការថតរាំអបអរកម្មវិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកលោក ក៏បាត់មុខពីសិល្បៈឈឹង ដែលក្រោយមកទើបដឹងថា លោកបានយកពេលទៅបន្តការសិក្សាផ្នែកច្បាប់តាមដែលខ្លួន និងក្រុមគ្រួសារស្រឡាញ់។ លោក វ័ន្ត លាងហៃ បានបំពេញលក្ខខណ្ឌច្បាប់ ស្ដីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាអាណាចក្រកម្ពុជាចប់ពេញលេញ ហើយបានស្បថចូលធ្វើជាមេធាវីពេញសិទ្ធិ កាលពីពាក់កណ្ដាលឆ្នាំ ២០១៨៕

ដកស្រង់ពី៖Sabay