បណ្តាញសង្គម

នីតា វរវង្ស៖ ខ្ញុំ​កំពុង​សង្កេត​មើល​អត្តចរិត​បុរស​ម្នាក់!

តារាសម្ដែងស្រីវ័យក្មេង នីតា វរវង្ស កំពុងពិចារណាលើអត្តចរិតបុរសម្នាក់ក្នុងចំណោម៥នាក់ ដែលបានសារភាពស្នេហ៍ និងកំពុងលួចស្រឡាញ់នាង មុននឹងទទួលយកជាដៃគូជីវិត ខណៈដែលនាងនឹកស្រមៃចង់ស្លៀកឈុតកូនក្រមុំនឹងគេដែរហើយនោះ។

វត្តមានរបស់ នីតា វរវង្ស នៅក្នុងពិធីមង្គលការរបស់ម៉ាក សែនសូនីតា ក្នុងនាមជាអ្នកកំដរកូនក្រមុំ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកចូលរួមក្នុងពិធីមង្គលនេះកោតសរសើរពីរូបសម្រស់របស់នាង ហើយឆ្ងល់ថាតើនាងមានគូគ្រង ឬនៅមិនតិចគ្នានោះទេ។ ត្រង់ចំណុចនេះ នីតា វរវង្ស បានបង្ហើបប្រាប់ Sabay ថា "ខ្ញុំនៅសម្លឹងមើលបុរសម្នាក់បន្តទៀតថាតើគាត់នៅមានអត្តចរិតបែបហ្នឹង ឬគាត់ប្រែប្រួលយ៉ាងណាទៀត ប៉ុន្តែយើងទាំងពីរនៅជាលក្ខណៈរាប់អាន មិនមែនលក្ខណៈជិតស្និទ្ធ ហើយស៊ីជម្រៅនោះទេ"។

នៅពេលដែល Sabay សួរថា តើកញ្ញាមានអារម្មណ៍បែបណា នៅពេលដែលបានធ្វើជាអ្នកកំដរកូនក្រមុំ ហើយឃើញពិធីមង្គលការធំបែបនេះ? វរវង្សឆ្លើយទាំងទឹកមុខញញឹមញញែមថា៖ "មានអារម្មណ៍សប្បាយ ហើយនឹកស្រមៃថាខ្លួនឯងចង់ស្លៀករ៉ូបកូនក្រមុំដូចបង តូតា ដែរ"។

បច្ចុប្បន្ន នីតា វរវង្ស មានវ័យ២៤ឆ្នាំហើយ ហើយបុរសដែលមានសំណាងបានធ្វើជាកូនកំលោះរបស់នាង គឺត្រូវមានលក្ខខណ្ឌបីសំខាន់ គឺទី១ មានការងារច្បាស់លាស់ ទី២ មានទំនួលខុសត្រូវគ្រប់រឿង និងទី៣ ចេះស្រឡាញ់រូបនាង និងក្រុមគ្រួសារ។ នាងជាតារាសម្ដែងវ័យក្មេងជំនាន់ក្រោយ ប៉ុន្តែនាងមមាញឹកក្នុងអាជីពសិល្បៈខ្លាំង។ ថ្មីៗនេះ នាងក៏បានដើរជាតួអង្គសំខាន់ម្នាក់ដែរ ក្នុងរឿង"អន្ទាក់ស្នេហ៍"៕

ដកស្រង់ពី៖ Sabay