បណ្តាញសង្គម

អ្នកជំនាញ៖​ សោកស្ដាយដែលមហាជនមិនបានទស្សនាភាពយន្ដដ៏សម្បូរបែប!

តាមគម្រោង មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ ត្រូវបិទបញ្ចប់នៅយប់មិញនេះ ប៉ុន្តែដោយសារបញ្ហារាតត្បាតជាសកលនៃជំងឺផ្លូវដង្ហើមកូវីដ១៩ បានធ្វើឲ្យកម្មវិធីនេះបិទមុនកាលកំណត់។

អ្នកជំនាញបណ្ដុះបណ្ដាល និងផលិតភាពយន្ត សម្ដែងការសោកស្ដាយចំពោះបញ្ហានេះ តែសង្ឃឹមថា នៅមហោស្រពភាពយន្តលើកក្រោយ គ្រប់ផលិតករនឹងបានបង្ហាញស្នាដៃ ហើយយុវវ័យនឹងបានចូលទស្សនាពេញលេញ។ នាយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តបរទេសនៅកម្ពុជា លោកសាស្ត្រាចារ្យ ជៀប សុវិជ្ជា មានប្រសាសន៍ថា យើងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ។

ប៉ុន្តែយើងក៏សោកស្ដាយដែរដែលមហោស្រពទើបដំណើរការបាន៤ថ្ងៃ ត្រូវបិទទៅវិញ។ លោកសាស្ត្រាចារ្យ ជៀប សុវិជ្ជា៖"មានយុវជនច្រើនណាស់រង់ចាំទស្សនាភាពយន្ត ហើយផលិតករយើងក៏ច្រើនទៀតដែរដែលត្រៀមបញ្ចេញស្នាដៃរបស់ខ្លួនក្នុងឱកាសនេះ។ តែសង្ឃឹមថាលើកក្រោយនឹងគ្មានបញ្ហាដូចនេះ ទៀត ហើយនឹងមានការចូលរួមកាន់តែច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមហាជនដែលជាអ្នកគាំទ្រ"។

មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១០ ដែលមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានសម្ពោធបើកនៅសាលមហោស្រពចតុម្មុខ កាលពីយប់ថ្ងៃទី១៣ ខែមីនា។ តាមគម្រោងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកនេះ មានបញ្ចាំងខ្សែភាពយន្តខ្នាតធំតាមរោងភាពយន្តល្បីៗមួយចំនួន ហើយផ្ដល់ឱកាសឲ្យមហាជនចូលរួមទស្សនាដោយឥតគិតថ្លៃ។

ភាពយន្តដែលនឹងចាក់បញ្ចាំងនោះមានចំនួន១៥៧ចំណងជើង មកពី៤៤ប្រទេស។ ក្នុងនោះមានភាពយន្ត កម្ពុជាចំនួន១៥%ដែរ។ ភាពយន្តទាំងនេះបង្ហាញពីទស្សនវិស័យប្លែកៗគ្នា ជាពិសេសបរិស្ថាន និងយេនឌ័រ៕

ដកស្រង់ពី៖ Sabay