បណ្តាញសង្គម

នៅ សុនិតា ប្រើ​វិធី​ទាំង​អស់​ការពារ​ខ្លួន​ពី Covid-19 ដែល​សឹង​មិន​ជឿ​ថា​នាង​អាច​ធ្វើ​បាន!

តារាសម្ដែងស្រី នៅ សុនិតា កាន់តែមានការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ-១៩ ដល់ខ្លួន និងក្រុមគ្រួសារ។

អ្នកនាង ចាប់ផ្ដើមអនុវត្តវិធានការអនាម័យមួយចំនួនដែលប្រិយមិត្តខ្លះនឹកស្មានមិនដល់ ហើយពេលខ្លះគេថានាងធ្វើដូចឆ្កួតពេលចេញក្រៅម្ដងៗ។ យើងក្រឡេកទៅមើលការអនុវត្តវិធានការអនាម័យរបស់នាង និងក្រុមគ្រួសារបន្តិច។ សុនិតា តែតែហៅសមាជិកក្នុងផ្ទះទាំង៦នាក់ មកពន្យល់ពីការលាងដៃ និងប្រាប់ពីការវិវត្តថ្មីៗនៃការឆ្លងមេរោគកូវីដ-១៩ ជារៀងរាល់១សប្ដាហ៍ម្ដង។

នៅមុខផ្ទះនាងដាក់ម៉ាស អាល់កុលលាងដៃ សម្រាប់អ្នកមកលេង ឬទិញអីវ៉ាន់ពីនាង។ ប៉ុណ្ណេះហើយមិនគ្រប់ទេ នាងធ្វើរឿងចម្លែកពីរទៀតពេលចេញក្រៅផ្ទះ។ បច្ចុប្បន្ន នៅ សុនិតា បានក្លាយជាអាជីវករ និងជាស្ដ្រីមេផ្ទះពេញបន្ទុកដែលពេលខ្លះនាងត្រូវបង្ខំចិត្តចេញក្រៅផ្ទះដើម្បីទិញអីវ៉ាន់។

ស្រោមដៃ ម៉ាស និងអាល់កុលលាងដៃ គឺជារបស់ជាប់ខ្លួនចាំបាច់បំផុតសម្រាប់នាង។ សុនិតា ថានាងកម្រប៉ះបង្កាន់ដៃជណ្ដើរ ប៊ូតុងជណ្ដើរយន្ដ ឬទូរ ATM ដោយផ្ទាល់ណាស់ ហើយបើប៉ះត្រូវសម្អាតដៃភ្លាមដោយទឹកអាល់កុល ព្រោះនៅក្រៅផ្ទះមានហានិភ័យច្រើន។ នៅ សុនិតា៖"សូម្បីដៃទ្វាឡានខ្ញុំមុនបើកខ្ញុំបាញ់អាល់កុល ខ្លួនប្រាណខ្ញុំក៏ដូចគ្នា ហើយមុនចូលផ្ទះ ខ្ញុំដោះម៉ាស ស្រោមដៃចោល...រួចខ្ញុំបាញ់អាល់កុលសម្អាតម្ដងទៀត។

ខ្ញុំមិនមែនជាអ្នកមាន ឬឆ្កួតអីទេ តែវាជាពេលវេលាត្រូវការពារខ្លួន និងក្រុមគ្រួសារ"។ តារាសម្ដែងនៅ សុនិតា ដែលពេលនេះមានកូនមួយទៅហើយនោះ នៅតែមានចិត្ដស្រឡាញ់អាជីពសិល្បៈ និងមានទឹកចិត្ដចង់ចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់ជនរួមជាតិ ជាពិសេសក្នុងគ្រាដែលកម្ពុជាកំពុងជួបគ្រោះភ័យនេះ។

សុនិតា សង្កេតឃើញថា ពលរដ្ឋខ្លះមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគផ្សេងៗ ដោយពួកគេមិនបានអនុវត្ដទាល់តែសោះនូវវិធានការអនាម័យ ហើយអ្នកខ្លះអនុវត្ដដែរតែមិនបានត្រឹមត្រូវ ដែលទាមទារឲ្យបុគ្គលម្នាក់ៗចេះតាមដានសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនឡើងវិញ៕

 

ដកស្រង់ពី៖ Sabay