បណ្តាញសង្គម

តួ​អង្គ​មួយ​ដែល​គ្រប់​គ្នា​សឹង​មិន​ហ៊ាន​ប្រាថ្នា ស្រាប់​តែ អ៊ុន សិទ្ធា ប្រកាស​ថា​ចង់​សម្ដែង​ខ្លាំង!

តារាសម្ដែងរាងខ្ពស់ស្រឡះ រូបសង្ហា អ៊ុន សិទ្ធា កំពុងមមាញឹកក្នុងអាជីពសិល្បៈតាមរយៈការសម្ដែងរឿង ធ្វើជាពិធីករ និងដើរម៉ូដ។

ភាពមមាញឹករបស់សិទ្ធា ក៏មិនបានថមថយដែរនៅដើមឆ្នាំ២០២០ នេះ។ ជាក់ស្ដែងនៅក្នុងខែមេសា ឬខែឧសភា នេះ លោកនឹងទទួលថតរឿងភាគមួយរបស់ផលិតកម្ម អិល ឌី ដើម្បីយកទៅចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មួយ ក្នុងចំណោមពីរដែលកំពុងចរចាយករឿងនេះទៅចាក់។

បើតាមលោក អ៊ុន សិទ្ធា ក្នុងរឿងនេះមានតួអង្គសំខាន់បីគូរ ហើយលោក គឺជាតួម្នាក់ក្នុងចំណោមបីគូនោះ។ តាមរយៈរឿងនេះ ឬរឿងក្រោយៗទៀត សិទ្ធា ចង់សម្រេចនូវបំណងសំខាន់មួយ។ អ៊ុន សិទ្ធា៖"ខ្ញុំចង់មែនទែនហ្នឹង...គឺតួខ្វាក់ខ្ញុំអត់ទាន់ដែលបានជួបនៅឡើយទេ អីចឹងខ្ញុំចង់ដឹង ចង់ស្គាល់ថាតើតួអង្គខ្វាក់មានភាពលំបាកប៉ុណ្ណានៅពេលខ្ញុំសម្ដែង។

អីចឹងខ្ញុំសង្ឃឹមថារឿងក្រោយៗនឹងមានរូបខ្ញុំ"។ ក្នុងឱកាសដែលលោកចូលរួមអបអរសាទរពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១០ នាសាលមហោស្រពចតុម្មុខ កាលពីដើមខែមីនា លោកថា លោកនឹងសប្បាយចិត្ត និងប្លែកអារម្មណ៍ បើលោកមានឱកាសបានសម្ដែងជាតួអង្គជនពិកា ព្រោះកន្លងទៅលោកធ្លាប់ឆ្លងកាត់ទាំងអស់នូវតួអង្គខ្ទើយ ឆ្កួត និងតួអង្គសុភាពបុរស។

លោក អ៊ុន សិទ្ធា បានដើរចូលសិល្បៈតាមរយៈការប្រឡងស្រីស្រស់ប្រុសស្អាតកាលពីឆ្នាំ២០០៦។ លោកបានវិវដ្ដខ្លួនទៅជាតារាសម្ដែង ពិធីករ និងជាអ្នកដើរម៉ូដល្បីឈ្មោះម្នាក់ ហើយជំនាញដែលលោកចាប់នេះកំពុងត្រូវប៉ាន់។ ប្រិយមិត្តប្រហែលជានៅចាំមិនភ្លេចពីទេពកោសល្យសម្ដែងរបស់លោក អ៊ុន សិទ្ធា នៅក្នុងរឿង"ស្បែកគង់” និងរឿង"វិញ្ញាណលោកម្ចាស់គ្រញូង” ព្រមទាំងរឿងភាគប្រមាណជា២០រឿងផ្សេងទៀតនោះ៕

 

ដកស្រង់ពី៖ Sabay