បណ្តាញសង្គម

អ្នកស្នងតំណែង Poco F1 ចេញមុខជាផ្លូវការ ប្រើឈីប SD865 តម្លៃ ៥០០ដុល្លារ

Poco F1 គឺជាស្មាតហ្វូនមហាកម្លាំងមួយដែលមានតម្លៃធូរបំផុត ដោយគេបានចាត់ទុកវាជាអ្នកពិឃាដស្មាតហ្វូន Flagship តម្លៃថ្លៃ។

ពេលនេះអ្នកស្នងតំណែងវាបានចេញមុខជាផ្លូវការ ក្រោយទន្ទឹងរង់ចាំអស់ជិត ២ ឆ្នាំ។អ្នកស្នងតំណែង Poco F1 គឺ Poco F2 Pro ដែលវាដូចគ្នានឹង Redmi K30 Pro អ៊ីចឹងដែរ គ្រាន់តែផ្លាស់ប្ដូរឈ្មោះថ្មីប៉ុណ្ណោះ។

ស្មាតហ្វូននេះមានប្រើប្រាស់ឈីប Snapdragon 865 ដែលគាំទ្រនូវសេវា 5G ហើយវាមានបច្ចេកវិទ្យាបញ្ចុះកម្ដៅ LiquidCool 2.0 ដែល Poco អះអាងថាអាចជួយបញ្ចុះកម្ដៅស្មាតហ្វូនបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ អង្គផ្ទុកទិន្នន័យមានទំហំចាប់ពី ១២៨GB គួបផ្សំនឹង RAM ទំហំ ៦GB និងអង្គផ្ទុកទំហំ ២៥៦GB គួបផ្សំនឹង RAM ទំហំ ៨GB ដែលជាប្រភេទ LPDDR5 និង UFS 3.1។

ក្រៅពីបន្ទះឈីបថ្មី ប្រព័ន្ធកាមេរ៉ាថ្មីលើ Poco F2 Pro អាចជាចំណុចទាក់ទាញមួយសម្រាប់អ្នកគាំទ្រ។ កាមេរ៉ាមេមានទំហំ ៦៤MP ដែលប្រើវិធីសាស្ត្រ Pixel-Binning អាចផលិតរូបភាពបានទំហំ ១៦MP, កាមេរ៉ា Telephoto ទំហំ ៥MP អាច Zoom បានពីរដង, កាមេរ៉ា Ultrawide ទំហំ ១៣MP និងមាន Sensor វាស់ជម្រៅទំហំ ២MP ផងដែរ។ បន្ទះឈីបកម្លាំងខ្លាំង អាចឲ្យ Poco F2 Pro ថតវីដេអូបានកម្រិត 8K/30fps និងអាចថតវីដេអូ 4K/60fps។

កាមេរ៉ាខាងមុខមានទំហំ ២០MP ដែលប្រើប្រាស់បច្ចេកទេសបង្កប់ខ្លួនក្នុងតួម៉ាស៊ីន។ បច្ចេកទេសអាចឲ្យគេបង្កើតបាន Poco F2 Pro ដែលមានអេក្រង់ទំហំ ៦,៦៧អ៊ីញ លាតសន្ធឹងគ្មានចំណុចរំខានភ្នែក។ បន្ទះអេក្រង់ Super AMOLED នៃស្មាតហ្វូននេះគាំទ្រនូវ HDR+ និងមានកម្រិតបង្ហាញ 1080p+ ដែលមានបង្កប់ទ្រនាប់ស្កេនម្រាមដៃផងដែរ។

អេក្រង់នេះមានកម្រិតបង្ហាញត្រឹម 60Hz ប៉ុណ្ណោះ។ថាមពលថ្មមានទំហំ ៤៧០០ mAh ដែលធំជាងមុន ហើយអាចសាកលឿនជាងមុនជាមួយល្បឿន ៣០វ៉ាត់ ឯណោះ។ Poco F2 Pro នឹងមានលក់លើអនឡាញនៅលើទីផ្សារបរទេស ដែលវាមានតម្លៃចាប់ពី ៥០០ដុល្លារ ដល់ ៦០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ដេកស្រង់ពី៖sabay