បណ្តាញសង្គម

ច​ន ច័ន្ទ​ល​ក្ខិ​ណា ​សម្តែង​ការ​ឈឺចាប់ ដែល​​រឿង​​​នាង​​ឃ្មឹ​ប បែរ​ជា​រាល​ដាល​ដល់​​​នាង​

រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារសម្តែងការឈឺចាប់ ក្នុងពេលដែលមហាជនមួយចំនួនបានភ្ជាប់រឿងចាប់ឃាត់ខ្លួននាងឃ្មឹប

ចោទពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នោះ មកដាក់បន្ទុកស្ដីបន្ទោសរូបនាងដែរ ។ បើទោះបីវាជាកំហុសផ្ទាល់របស់នាងឃ្មឹប ក៏ដោយ ប៉ុន្តែបុគ្គលមួយចំនួនបែរជាចោទប្រកាន់ និងរិះគន់អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ថាមិនបានគ្រប់គ្រង និងជួយឲ្យបានដិតដល់ចំពោះអ្នកសិល្បៈណាដែលមានជីវភាពលំបាក ។

ក្នុងនាមប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងការហួសចិត្ត ក្នុងពេលដែលនាងរងការចោទប្រកានបែបនេះ ទោះបីជាក្នុងអាណត្តិរបស់នាងជាប្រធានសមាគមតែងតែស្វែងប្រាក់ជួយអ្នកសិល្បៈដែលខ្សត់ខ្សោយ ហើយនាងឃ្មឹប ក៏ត្រូវបានសមាគមជួយជាបន្តបន្ទាប់ផងដែរ ។

អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារឆ្លើយតបការចោទលើរូបនាង ទាក់ទិនករណីនាងឃ្មឹប តាមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា «គាត់ដើរផ្លូវខុស ហើយធ្វើឲ្យគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួន និងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ ។

សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស ។ អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស ។ អ្នកណាសិចស៊ីបង្អួតសម្រស់ក៏ថាខ្ញុំខុស។ ចោទថា ក្រុមខ្ញុំ បក្សពួកខ្ញុំ ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វាយតម្លៃខ្ញុំ ។ បើខ្ញុំមិនប្រឹងរកស៊ីក្រៅការងារសមាគម តើខ្ញុំបានលុយឯណាចិញ្ចឹមខ្លួនឯង និង កូន ហើយខ្ញុំក៏ត្រូវប្រឹងរកលុយដើម្បីសងគុណឪពុកម្តាយខ្ញុំ និងជួយរៀបអនាគត ប្អូនៗខ្ញុំ ខ្ញុំមិនមែនស្រីរកស៊ីផ្លូវភេទ ឬជាស្រីលក់ខ្លួនទេ ហើយក៏គ្មានអ្នកមានណាចិញ្ចឹមខ្ញុំដែរ »។

អ្នកនាងចន ច័ន្ទលក្ខិណា បញ្ចាក់ថា «តើមុខរបរថតកុន ថតភាពយន្តបានលុយប៉ុន្មាន ? ហើយថត មួយរឿងៗប៉ុន្មានខែ ប៉ុន្មានឆ្នាំបានចប់ ? អ្នកសម្តែងកុនល្បីមិនដូចអ្នកចម្រៀងល្បីៗច្រៀង ម្តងៗបានរាប់ពាន់ដុល្លារឯណា ខ្ញុំថតកុនមួយរឿងបានកម្រៃស្មើអ្នកច្រៀង៣ ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។

ខ្ញុំទ្រាំឲ្យគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ ខ្ញុំឆ្អែតចិត្តជាមួយអ្នកពេកហើយ អ្នកតាមដានសកម្មភាពខ្ញុំជាង អ្វីៗទាំងអស់ សូម្បីសកម្មភាពអ្នកដទៃក៏អ្នកយកបូកដល់ខ្ញុំដែរ អ្នកមិនលែងជីវិតខ្ញុំសោះ ទាំងខ្ញុំចុះចាញ់ ហើយលែងតបតអ្នក និងមិននិយាយអ្វីដែលប៉ះពាល់អ្នកទៀតទេ ហើយខ្ញុំតែងព្យាយាមដើរចេញពីកម្មវិធីណាដែលមានអ្នក សូម្បីតែកម្មវិធីតូចធំកន្លងមកបើខ្ញុំដឹងថាមានវត្តមានអ្នក គឺខ្ញុំតែងបដិសេធមិនចូលរួម តែអ្នកហាក់មិនលែង» ។

ករណីនាងឃ្មឹប មិនមែនតែអ្នកនាងចន ច័ន្ទលក្ខិណា មួយទេដែលបានសម្តែងការខកចិត្តចំពោះអ្វីដែលនាងបានធ្វើនាពេលនេះ ពោលក៏មានតារាមួយចំនួនទៀតដែលបានដឹងពីស្ថានភាពរបស់នាងឃ្មឹប នោះក៏បានស្តីបន្ទោសផងដែរ ដោយសារនាងមិនចេះកែខ្លួន និងជួយមិនចេះគ្រប់ ។

អ្នកនាងរ៉េន សុធារី ហៅឃ្មឹប បានធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យ បន្ទាប់ពីនាងបានលែងលះគ្នាជាមួយស្វាមីនាយហុងដា ក្នុងពេលដែលនាងបានប្រើជីវិតតែលតោលដូចក្បូនរសាត់គ្មានទិសដៅច្បាស់លាស់ រហូតក្លាយជាអ្នកញៀនថ្នាំថែមទៀតផង ។ អតីតារាកំប្លែងនាងឃ្មឹប ត្រូវសមាគមសិល្បករខ្មែរជួយជាបន្តបន្ទាប់ រហូតអាចឲ្យនាងមានឱកាសបានលេងកំប្លែងឡើងវិញជាមួយនាយកុយផងដែរ ប៉ុន្តែក្រោយពីការសម្តែងត្រូវបានគេផ្អាកមួយរយៈនោះ នាងក៏បានបាត់មុខឈឹងរហូតមានព័ត៌មានអ្នកនាងត្រូវបានគេឃាត់ខ្លួននាពេលនេះ ។

ប្រសិនបើនាងឃ្មឹប ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ នាងក៏មានវាសនាដូចគ្នាទៅនឹងកូនប្រុសបង្កើតរបស់នាង ដែលកំពុងជាប់ពន្ធនាគារដែរ ។ កូនប្រុសរបស់នាងជាប់ទោសពីបទសម្លាប់ភរិយាក្រោយរបស់នាយហុងដាដែលជាឪពុក ៕

ដកស្រង់ពី៖ កោះសន្ដិភាព