បណ្តាញសង្គម

តារាកូរ៉េ​មួយរូប ដែលធ្លាប់​សាងសង់​សាលារៀន​មួយ​ខ្នង​នៅ​កម្ពុជា

Kim Junsu សមាជិកក្រុមចម្រៀង JYJ ជាតារាចម្រៀងកូរ៉េមួយរូប ដែលធ្លាប់ឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួន សម្រាប់ការសាងសង់សាលារៀនមួយខ្នងនៅកម្ពុជា កាលពីឆ្នាំ២០១១។

សាលារៀននោះ ស្ថិតនៅខេត្តពោធិ៍សាត់ ដែលមានបន្ទប់រៀន ៦បន្ទប់ បង្គន់អនាម័យមួយ និងបន្ទប់ប្រជុំមួយ។ មូលហេតុដែលនាំឲ្យ Junsu សម្រេចចិត្តសាងសង់សាលារៀននៅទីនោះ គឺដោយសារម្ដាយរបស់គេ ធ្លាប់មកធ្វើការងារស្ម័គ្រចិត្តនៅតំបន់នោះ និងបានសាកសួរប្រជាពលរដ្ឋថាតើពួកគេចង់បានអ្វីជាងគេ។

ពេលនោះ អ្នកភូមិជាច្រើនបានឆ្លើយដោយមិនស្ទាក់ស្ទើរថាពួកគេត្រូវការសាលារៀន។ ក្រោយទទួលដំណឹងនេះ Junsu មានអារម្មណ៍រំភើបនឹងទឹកចិត្តអ្នកភូមិដែលចង់ស្វែងរកការអប់រំដើម្បីអនាគតកូនៗរបស់ខ្លួន បើទោះជាកំពុងមានជីវភាពលំបាកយ៉ាងណាក្ដី ហើយក៏ចាប់ផ្ដើមបរិច្ចាគប្រាក់សម្រាប់សាងសង់សាលារៀននេះតែម្ដង។

ក្រោយសាលារៀននោះត្រូវបានសាងសង់រួច Junsu ក៏បានឧបត្ថម្ភប្រាក់ខែសម្រាប់គ្រូបង្រៀននៅទីនោះពេញមួយឆ្នាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ កាលពីឆ្នាំ២០០៨ Junsu រួមជាមួយក្រុមអ្នកគាំទ្ររបស់គេ បានបរិច្ចាគប្រាក់សម្រាប់សាងសង់ផ្ទះថ្មីជាច្រើនខ្នង សម្រាប់ប្រជាជនក្រីក្រក្នុងភូមិមួយនៅភាគខាងជើងនៃរាជធានីភ្នំពេញ។

បើទោះជា Junsu មិនធ្លាប់មកជួបផ្ទាល់ ប៉ុន្តែអ្នកភូមិនៅទីនោះបានស្គាល់គេយ៉ាងច្បាស់តាមរយៈរូបថត និងបានហៅភូមិនោះក្រៅផ្លូវការថាជាភូមិ Xiah Junsu ទៀតផង។ សម្រាប់នៅប្រទេសកំណើតរបស់ខ្លួនវិញ តារាចម្រៀងរូបនេះក៏ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដែរ ដូចជាសាងសង់ផ្ទះសម្រាប់មនុស្សចាស់ កុមារក្រីក្រ និងស្ត្រីចំណាស់គ្មានគ្រួសារ និងធ្លាប់ឧបត្ថម្ភអាហារូបករណ៍សម្រាប់យុវជនដែលមានទេពកោសល្យផ្នែកសិល្បៈ ៕

ដកស្រង់ពី៖ Sabay