បណ្តាញសង្គម

ថៃក្លាយជាប្រទេសដំបូងនៅអាស៊ាន ដាក់សេវា 5G ឲ្យប្រើជាផ្លូវការ

ការផ្ទុះនូវជំងឺកូវីដ១៩ បានធ្វើឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេសថៃពន្លឿនការបញ្ចេញនូវប្រព័ន្ធទំនាក់ទំនង 5G ធ្វើឲ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេដែលមានសេវា 5G ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មមុនគេ។

ក្រុមហ៊ុនទូរគមនាគមន៍ AIS និង True Corp. កំពុងប្រកួតប្រជែងគ្នាក្នុងការដាក់សេវា 5G នៅតាមមន្ទីរពេទ្យដើម្បីផ្ដល់ជំនួយដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។កាលពីថ្ងៃទី ១១ ខែឧសភា ក្រុមហ៊ុន AIS បានបង្ហាញថាខ្លួនបានត្រៀមកញ្ចប់ទឹកប្រាក់រហូតដល់ ១,២ ពាន់លានដុល្លារ សម្រាប់បណ្ដាក់ទុនលើការពង្រីកសេវា 5G ដោយមានគោលដៅផ្ដល់សេវា 5G គ្របដណ្ដប់ឲ្យបាន ១៣% នៃចំនួនប្រជាជនថៃសរុប ត្រឹមដំណាច់ឆ្នាំនេះ។

កន្លងមកអ្នកវិភាគបានរំពឹងថាក្រុមហ៊ុនទូរគមនាគមន៍ថៃអាចត្រូវការពេលវេលាច្រើនមុននឹងបណ្ដាក់ទុនលើប្រព័ន្ធទំនាក់ទំនងជំនាន់ថ្មី ដោយសារតែពួកគេបានចំណាយរាប់ពាន់លានដុល្លាររួចទៅហើយលើអាជ្ញាប័ណ្ណ 4G កាលពីឆ្នាំ ២០១៥។ យ៉ាងណាក្ដីដោយសារការផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍ធំៗបានពន្លឿនការបញ្ចេញនូវប្រព័ន្ធទំនាក់ទំនង 5G លឿនជាងរំពឹងទុក។

ស្ថាប័ន GSMA ដែលជាអ្នកបង្កើតកម្មវិធីសមាជទូរសព្ទពិភពលោក MWC បានផ្ដល់វិញ្ញាបនបត្រដល់ក្រុមហ៊ុន AIS ថាជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅអាស៊ានដែលបានដាក់ដំណើរការសេវា 5G ជាលក្ខណៈពាណិជ្ជកម្ម។ AIS ដែលមានអ្នកប្រើប្រាស់ ៤២លាននាក់ ជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅថៃ បានដាក់ដំណើរការសេវា 5G នៅមន្ទីរពេទ្យចំនួន ១៥៨ នៅបាងកក និងតាមទីក្រុងធំៗមួយចំនួននៅតាមប្រទេសថៃផងដែរ។

ប្រទេសអាស៊ានដទៃទៀតកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងលើសេវា 5G នៅឡើយ ហើយមានប្រទេសខ្លះនៅរង់ចាំដេញថ្លៃយកអាជ្ញាប័ណ្ណដែលចាំបាច់សម្រាប់ការដាក់ដំណើរការសេវា 5G។ ប្រទេសបន្ទាប់នៅអាស៊ានដែលទំនងជាបញ្ចេញសេវា 5G ឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំនេះគឺវៀតណាម ដោយក្រសួងព័ត៌មានវិទ្យានិងទំនាក់ទំនងវៀតណាមនិយាយថាគ្រោងបញ្ចេញសេវា 5G ជាលក្ខណៈពាណិជ្ជកម្មនៅក្នុងខែមិថុនាខាងមុខ៕

ដកស្រង់ពី៖Sabay