បណ្តាញសង្គម

តារា​សម្ដែង​ជើងចាស់​ ២​ដួង នឹង​ជួប​គ្នា​ក្នុង​រឿង​ភាគ​មួយ​ដែល​ជា​សត្រូវសួពូជ

តារាប្រុស២ដួង ដែលចាប់អាជីពសម្ដែងតាំងពីអំឡុងទសវត្ស៩០ គឺលោក ទេព រិនដារ៉ូ និងលោក សាវិន ហ្វីលីប នឹងជួបសម្ដែងជាមួយគ្នាជាលើកទី៣ នៅក្នុងរឿងភាគមួយរបស់ផលិតកម្ម ជា ឈីម ភាពយន្ដ។

នៅក្នុងរឿង "ទឹក និងប្រេង” ដែលនិយាយអំពីវណ្ណៈសង្គមគ្រួសារ ក្នុងសម័យបារាំងដាក់អាណានិគមមកលើកម្ពុជា បានតម្រូវឲ្យតួអង្គ ទេព រិនដារ៉ូ និងលោក សាវិន ហ្វីលីប ក្លាយជាសត្រូវសួពូជ ឬអាចនិយាយបានម្យ៉ាងទៀតថា ស្នេហាត្រូវបានបែងចែកវណ្ណៈ តាំងពីដូនតា រហូតដល់កូនចៅជំនាន់ក្រោយ។ តួអង្គសម្ដែងសំខាន់ទាំង២ ដួង នឹងសម្ដែងកាច់កុងគ្នាតាំងពីដើមរឿង រហូតដល់ចប់។

លោក សាវិន ហ្វីលីប បានប្រាប់ Sabay ពីក្រុងបាត់ដំបងមកថា៖ "ខ្ញុំតែងតែមានអារម្មណ៍ល្អនៅពេលបានសម្ដែងជាមួយគាត់ (ទេព រិនដារ៉ូ) ហើយនេះជារឿងទី៣ហើយ ដែលខ្ញុំសម្ដែងប៉ះគាត់ បន្ទាប់ពីរឿង "ភ្លើង" និងរឿង "កូនពស់កេងកង" ហើយបងរ៉ូ គឺជាមនុស្សដែលគួរឲ្យគោរពស្រឡាញ់"។

ផលិតកម្ម ជា ឈីម ភាពយន្ត នឹងរៀបចំធ្វើពិធីក្រុងពាលីដើម្បីដំណើរការថតរឿងភាគមួយក្រោមចំណងជើងថា "ទឹក និងប្រេង" នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នាខេត្តបាត់ដំបង៕

ដកស្រង់ពី៖ Sabay