បណ្តាញសង្គម

ចេញហើយ! BMW 5-Series ឆ្នាំ២០២១ អាប់ដេតការឌីហ្សាញថ្មី រឹតតែស្អាត

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តម៉ូដែល 5-Series ឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតការឌីហ្សាញ ព្រមទាំងនាំយកនូវបច្ចេកវិទ្យាថ្មីមួយចំនួនផងដែរ។រថយន្ត BMW 5-Series ឆ្នាំ២០២១ បានបំពាក់ចង្កៀងមុខប្រភេទ Adaptive LED ថ្មី រាងស្លីមជាងមុន ហើយមានអំពូលបំភ្លឺពេលថ្ងៃ រាងជាអក្សរ “L” និងដើរតួជាស៊ីញ៉ូផងដែរ។

ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀងក្រោយថ្មីដែរ។ក្រឡេកទៅមើលក្នុងកាប៊ីន 5-Series ថ្មី បំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ ប្រភេទ Touchscreen មានមុខងារផែនទី, Apple CarPlay និង Android Auto ព្រមទាំងកុងទ័រប្រភេទឌីជីថលទំហំ ១២,៣អ៊ីញផងដែរ។

នៅលើទីផ្សារសហរដ្ឋអាមេរិក BMW ផ្តល់ជម្រើស 5-Series ម៉ាស៊ីន Hybrid លើម៉ូដែល BMW 530e (ប៉ុងមួយ) និង 530e xDrive (ប៉ុងពីរ) ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៨៨សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។

វាក៏មានជម្រើសម៉ាស៊ីនសាំងលើម៉ូដែល BMW 530i (ប៉ុងមួយ) តម្លៃចាប់ពី ៥៤ ២០០ដុល្លារ និង 530i xDrive (ប៉ុងពីរ) តម្លៃចាប់ពី ៥៦ ៥០០ដុល្លារ គឺចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ។ បន្ថែមពីនេះគឺម៉ូដែល 540i (ប៉ុងមួយ) និង 540i xDrive (ប៉ុងពីរ) ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ។

ចុងក្រោយគឺ M550i xDrive (ប៉ុងពីរ) បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ TwinPower Turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥២៣សេះ។ដោយឡែកនៅលើទីផ្សារដទៃ BMW ផ្តល់ជម្រើស 5-Series ជាច្រើនផ្សេងទៀតរួមទាំង 530e Touring, 545e xDrive Sedan, 520i Sedan, 520i Touring, 530i Touring, 540i Touring, 520d Sedan, 520d Touring, 530d Sedan, 530d Touring, 540 xDrive Sedan និង 540d xDrive Touring ទៀតផង៕

ដកស្រង់ពី៖sabay