បណ្តាញសង្គម

តន់ ច័ន្ទ​សី​ម៉ា ​ទម្លាយ​រឿងរ៉ាវ​​អតីត​កាល​​​ដ៏​​ឈឺ​ចាប់​ ពេល​​ច្រៀង​តាម​ហាង​​​យប់ឡើង

រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងកញ្ញាតន់ ច័ន្ទសីមា បានទម្លាយរឿងរ៉ាវពីអតីតកាលដ៏ឈឺចាប់មួយ គឺធ្លាប់ត្រូវគេមាក់ងាយជាក្មេងស្រីមិនល្អដែលធ្វើការពេលយប់ ។

អំឡុងពេលនោះនាងច្រៀងពេលយប់ គឺជាអ្វីដែលនាងខិតខំតស៊ូយ៉ាងលំបាក ដើម្បីខ្លួនឯង និងគ្រួសារទម្រាំមកទល់នាពេលនេះ ។ ម្ចាស់បទ«ឡានស៊ីរ៉ែន»រូបនេះបានបញ្ចេញសារមួយបង្ហោះលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា ២២០២០ ដោយបានបង្ហាញពីការឈឺចាប់ និងលំបាក ក្នុងនាមជាក្មេងស្រីម្នាក់ដែលខិតខំពុះពាររកប្រាក់ដោយខ្លួនឯងដើម្បីការសិក្សា និងគ្រួសារ ដោយមិនអស់សង្ឃឹមនឹងសម្តីដែលអ្នកជិតខាងមើលងាយនោះឡើយ ។

តន់ ច័ន្ទសីមា បានបង្ហោះសារថា «បំណងអតីតកាល ក្ដីប្រាថ្នារបស់ក្មេងស្រីម្នាក់នេះសុំត្រឹមតែឪពុកម្ដាយ គ្រួសារមានសុភមង្គលបានហើយ ជីវិតខ្ញុំមួយតែងតែគិតថាលះបង់ចំពោះគ្រួសារជានិច្ច ទោះបីខ្ញុំគ្មានអ្វីល្អ គ្មានអ្នកបង្ហាញផ្លូវ គ្មានអ្នកចាំ take care គ្មានមិត្តដែលយល់ចិត្ត គ្មានអ្វីគ្រប់យ៉ាង ហើយជាក្មេងស្រីដែលច្រៀងនៅហាងរាត្រីពេលយប់ ក៏ដោយក៏ខ្ញុំមិនតូចចិត្តដែរ ។

តែវាហាក់ដូចជាអយុត្តិធម៌ណាស់ ពេលនោះដែលក្មេងស្រីម្នាក់នេះខំធ្វើការដើម្បីរៀនបញ្ចប់បរិញ្ញា និងជួយជ្រោមជ្រែងលោកពុកអ្នកម្ដាយ បែរជាត្រូវអ្នកជិតខាងមាក់ងាយថាជាក្មេងស្រីមិនល្អធ្វើការយប់ ដែលធ្វើឲ្យម្ដាយបារម្ភ ។ ទឹកភ្នែកតែងតែហូរចេញពីការឈឺចាប់ ម្តងៗចំពោះសម្ដីអ្នកនៅជុំវិញខ្លួន ធ្វើឲ្យខ្ញុំស្ទើរតែបោះបង់ក្ដីស្រមៃរបស់ខ្ញុំចោលទៅហើយ ។

តែមានពេលខ្លះខ្ញុំធ្លាប់បានលួចញញឹមតិចតួចដែរនៅពេលម្ដាយសប្បាយចិត្ត ដែលជាកម្លាំងចិត្តដ៏ធំរបស់ខ្ញុំ ទោះបីជាអម្រែកធ្ងន់របស់ក្មេងស្រីម្នាក់នេះក៏ដោយ ក៏ក្មេងស្រីម្នាក់នេះមិនដែលសម្រក់ទឹកភ្នែកឲ្យម្ដាយឃើញដែរ តែងតែធ្វើជាតារាសម្ដែងចំពោះម៉ែជានិច្ច ខ្ញុំមិនដែលតូចចិត្ត និងស្ដាយក្រោយចំពោះការទទួលអម្រែកពីលោកពុកអ្នកម្ដាយឡើយ »។

បើតាមតន់ ច័ន្ទសីមា «មកដល់ពេលនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលគាំទ្ររូបនាងខ្ញុំ ធ្វើឲ្យខ្ញុំមានពន្លឺជាងមុន ជាពិសេសសូមអរគុណទៅដល់ក្រុមហ៊ុន galaxy Navatraដែលតែងតែជួយជ្រោមជ្រែងនាងខ្ញុំជានិច្ច »។

ជាការកត់សម្គាល់គេមិនដឹងទេថា នៅ សុខៗស្រាប់តែតន់ ច័ន្ទសីមា បែរជាបង្ហោះសារបែបនេះបង្ហាញរឿងរ៉ាវមួយចំនួនពីអតីតកាលដ៏ជូរចត់ដែលនាងបានជួបប្រទះប្រាប់មហាជននោះឡើយ ក្នុងពេលដែលតារាចម្រៀងរូបនេះកំពុងតែចាប់ឈោងភាពល្បីល្បាញតាមរយៈបទចម្រៀងត្រូវចិត្តយុវវ័យ ។

ក្រោយទទួលបានបទពិសោធន៍ជាច្រើនពីការប្រឡងជាច្រើនឆ្នាំកន្លងមក តន់ ច័ន្ទសីម៉ា តារាដែលមានប្រភពពីខេត្តតាកែវរូបនេះបានអភិវឌ្ឍខ្លួនទៅជាតារាចម្រៀងស្រីវ័យក្មេងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ។ បទចម្រៀង ថ្មីៗរបស់នាងពេលចេញផ្សាយតែងតែទទួលបានការគាំទ្រខ្លាំង មិនថាបទមនោសញ្ចេតនា ឬញាក់កន្ត្រាក់អារម្មណ៍នោះឡើយ ។

តន់ ច័ន្ទសីម៉ា កំពុងតែឈរក្នុងតំណែងជាតារាចម្រៀងជួរមុខនៅក្នុងផលិត galaxy Navatra ជាមួយនឹងភាពជោគជ័យជាបន្តបន្ទាប់តាមរយៈបទចម្រៀងដែលមានការគាំទ្រយ៉ាងច្រើនលើសលប់ពីយុវវ័យ ក្នុងនោះបទរបស់នាងដែលមានការគាំទ្រច្រើនគឺបទ «ចូលដណ្តឹងអូនទៅ» និងបទ «ឡាស៊ីរ៉ែន»។

តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងបានសម្រេចចែករំលែកប្រាក់ចំណូលដែលនាងរកបានប្រមាណ២០% សម្រាប់អ្នកនិពន្ធលោកយឹម តាស្រង់ ដែលបានជួយជ្រោមជ្រែង និងផ្ទុងផ្តើមនាងឲ្យមានឈ្មោះបោះសំឡេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ដកស្រង់ពី៖កោះសន្ដិភាព