បណ្តាញសង្គម

Jungkook រងភាពភ័យ​ខ្លាច​ ពេលគិត​ដល់ថ្ងៃ​ BTS ត្រូវ​រំសាយ​ក្រុម និងទម្លាយ​ចំណុច​ប៉ះពាល់​ខ្លាំង

BTS មិនត្រឹមតែជាក្រុមចម្រៀងទេ ពួកគេក៏ជាគ្រួសារតែមួយដែលរស់នៅ រួមសុខទុក្ខជាមួយគ្នាអស់រយៈពេលជាយូរ ដោយបានចាប់ដៃគ្នាបង្កើតប្រវត្តិសាស្ត្រជាច្រើន សឹងស្មានមិនដល់នាពេលកន្លងមក។

ដើរជាមួយគ្នារយៈពេលជាយូរមកនេះ វាពិតជាពិបាកនឹងស្រមៃថាតើនឹងមានអ្វីកើតឡើងខ្លះ ពេលថ្ងៃណាមួយដែលក្រុមត្រូវបំបែកមកដល់ ហើយនឹកដល់រឿងនេះ Jungkook ព្រួយខ្លាំង។ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ BTS បានបង្ហាញភាគថ្មីរបស់ «Break The Silence»។

ក្នុងភាគទី ៦នេះ សមាជិកក្រុមទាំងអស់បានពិភាក្សាគ្នា នូវគម្រោងមួយចំនួននាពេលអនាគត មានតាំងពីពេលត្រូវចូលនិវត្ត និងរឿងជាច្រើនទៀត។ ទាក់ទងនឹងប្រធានបទនេះ Jungkook បានលើកឡើងថា៖ «យ៉ាងណាទៅ បើ BTS ស្រាប់តែត្រូវរំសាយក្រុម? តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដោយខ្លួនឯង? ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ថាដូចគ្មានអ្វីក្នុងខ្លួនសោះ គ្មានអ្វីដែលខ្ញុំអាចសម្រេចបានទេ។ គ្រប់ពេលឲ្យតែនឹកឃើញ ខ្ញុំបារម្ភខ្លាំងណាស់។

ពេលណាដែលខ្ញុំនៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ថាការភ័យខ្លាចទាំងនោះមកលងខ្ញុំរហូត»។ Jungkook ធ្លាប់បាននិយាយថា សមាជិកទាំងអស់មិនមែនត្រឹមតែជាមិត្តភ័ក្តិ អ្នករួមការងារទេ ពួកគេសុទ្ធសឹងជាមនុស្សជិតស្និទ្ធរបស់ខ្លួន ព្រោះតាំងពីពេលប្ដូរមកនៅទីក្រុងសេអ៊ូល លោកមានវ័យក្មេងណាស់ ថែមទាំងគ្មានមិត្តភ័ក្ដិឯណាទៀត មានតែសមាជិកទាំង ៦នាក់នេះហើយដែលតែងនៅក្បែរ និងជាអ្នកដែលលោកចំណាយពេលច្រើន និងយូរជាងគេបង្អស់។

ពេលរម្លឹកដល់មិត្តភាពនេះ លោកតែងអួលដើមកជានិច្ច។ ហេតុនេះវាបញ្ជាក់ច្បាស់ពេកទៅហើយ ថាតើ Jungkook ស្រឡាញ់បងៗទាំង ៦ក្នុងក្រុមខ្លាំងកម្រិតណា? មួយវិញទៀត គ្រប់តារាៗទាំងអស់ នឹងត្រូវនិយាយពាក្យថាលាអ្នកគាំទ្រទាំងអស់របស់ខ្លួននៅថ្ងៃណាមួយ ប៉ុន្តែជីវិតមិនមែនបញ្ចប់ត្រឹមនេះទេ។

ដូច BTS ជាដើម មិត្តភាពរបស់ពួកគេនឹងបន្តជាដរាប ហើយក្ដីស្រឡាញ់របស់ ARMY ចំពោះក្រុមក៏ដូចគ្នា៕

ដកស្រង់ពី៖ Sabay