បណ្តាញសង្គម

កូនប្រុស-ស្រីកាន់តែធំ កែវ វាសនា ខ្សឹបប្រាប់ភរិយាឲ្យបញ្ចប់គម្រោងមួយ

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក កែវ វាសនា បានបង្ហើបពីជីវិតឯកជនរបស់លោកទាក់ទងនឹងការបិទបញ្ចប់ ឬឈប់យកកូនបន្ថែមទៀត បន្ទាប់ពីភរិយារបស់លោកបង្កើតបានកូនប្រុសស្រីធំៗ និងកាន់តែគួរឲ្យស្រឡាញ់ ២នាក់។

តារាប្រុសមាឌល្អិតរូបនេះ បានប្រាប់ Sabay នៅក្នុងឱកាសដែលលោកបណ្ដើរភរិយាដ៏ស្រស់សោភាទៅចូលរួមក្នុងពិធីមង្គលការមួយកាលពីពេលកន្លងទៅថា រូបលោកសម្រេចលែងយកកូនបន្ថែមទៀតហើយ ដោយគិតថាមានកូនប្រុសម្នាក់ និងស្រីម្នាក់គ្រប់គ្រាន់។

ម្យ៉ាងលោក និងភរិយា ក៏ចង់មានពេលវេលាច្រើនសម្រាប់រកស៊ី ខណៈដែលលោកប្រកាសនឹងចំណាយពេលកាន់តែច្រើនទៅលើសិល្បៈចាប់ពីឆ្នាំ២០២០ នេះតទៅ។ លោក កែវ វាសនា៖ "បើបានប្រុសទាំង២ ឬស្រីទាំង២ ទាល់តែតាមទៀត (យកកូនបន្ថែមទៀត) តែឥឡូវខ្ញុំមានកូនប្រុសស្រីតាមការចង់បានហើយ ហើយឥឡូវយើងក៏មិនសូវចង់ជាប់ដៃជាប់ជើងក្មេងតូច ព្រោះយើងរវល់"។

លោក កែវ វាសនា បានរៀបការជាមួយកូនអ្នកជំនួញធំម្នាក់ដែលមានរូបសម្បត្តិស្រស់សោភានៅខេត្តបន្ទាយមានជ័យ កាលពីខែឧសភា ឆ្នាំ២០១៦។ រយៈពេលជាង៤ឆ្នាំ ដែលរូបលោក និងភរិយា បានចាប់ដៃគ្នាក្នុងភាពជាប្ដី-ប្រពន្ធ បានបង្កើនកូនប្រុសម្នាក់ឈ្មោះ វាសនា ឈីហ្វូ មានវ័យប្រហែល៤ឆ្នាំ។ រីឯកូនស្រីឈ្មោះ វាសនា ឈីអ៊ីង មានវ័យប្រហែល២ឆ្នាំ។

កូនទាំង២មានសុខភាពល្អ និងធាត់ទ្រលុកមើលទៅគួរឲ្យក្នាញ់៕

ដកស្រង់ពី៖Sabay