បណ្តាញសង្គម

ឮ​ថា រ៉េ​ត សារី​តា បង្ហាញ​វត្តមាន​ប្រឡង​កម្មវិធី Miss Universe Cambodia 2020

រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីនាង រ៉េត សារីតា បានបង្ហាញវត្តមានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Universe Cambodia 2020 ខណៈពេលនាងក៏ជាអតីតបេក្ខនារី Freshie ឆ្នាំ២០១៣ផងដែរ។

បើយោងតាមការបង្ហោះរបស់ផេក Miss Cambodia បានបញ្ជាក់ថា ពិធីការិនីដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា បានដាក់ពាក្យប្រកួត Miss Universe Cambodia 2020 Road to Miss Universe Cambodia 2020 ។ នាងមានឈ្មោះថា រ៉េត សារីតា វ័យ24ឆ្នាំ មានកម្ពស់កម្ពស់168cm មានមុខរបរ ជាពិធីការិនី និង តារាសម្តែង។

រ៉េត សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school Lycée Français René-Descartes ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ។ តារារូបនេះអាចនិយាយភាសាខ្មែរ ថៃ អង់គ្លេស និងបារាំង បើតាមផេក Miss Cambodia ថ្មីៗនេះ រ៉េត សារីតា បានទៅហ្វឹកហាត់ការដើរម៉ូតនិងការឆ្លើយសំណួរនៅប្រទេសហ្វីលីពីនសម្រាប់ត្រៀមការប្រកួត Miss Universe Cambodia 2020 នាពេលខាងមុខ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា រ៉េត សារីតា អាចនឹងឈានដល់វគ្គចុងក្រោយនៃការជ្រើសរើសនៅក្នុងកម្មវិធីនេះយ៉ាងណាឡើយ ខណៈពេលបេក្ខនារីផ្សេងទៀតសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្លាំងៗដូចរូបនាងផងដែរ។ ជាការកត់សម្គាល់ ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន រ៉េត សារីតា បានឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។

សារីតា បានចូលរួមជាបេក្ខនារីក្នុងកម្មវិធី Freshie ដល់ទៅ២លើកឯនោះ ដែលលើកទី១ គឺSeason11 តែពុំទទួលបានជោគជ័យឡើយ។ ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតម្តងទៀតនៅ Season 12។

យ៉ាងណាមិញ បើទោះបីជាលទ្ធផលមិនបានជាជ័យលាភីមួយរូបក៏ដោយ ក៏ រីតា ពេញចិត្តនិងរីករាយ ដែលខ្លួនបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនឹងគេដែរ។ រហូតមកដល់ពេលនេះ សារីតា បានប្រឡូកក្នុងកម្មវិធីជាច្រើនក្នុងនាមជាអ្នកសម្តែងផង និងខ្លះជាពិធីការីនីផងដែរ។ តារារូបនេះធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ «ស្នេហ៍៩»ដែលរៀបចំដោយ BBC Media Action ផងដែរ។

បន្ទាប់មកទៀត នាងក៏បានបន្តអាជីពជាពិធីការិនី ក្នុងកម្មវិធី «Magic Street» និង «កញ្ញាធ្លាក់ទឹក» ។ ដោយសារតែភាពក្រមិចក្រមើម និងប៉ិនប្រសប់ខាងវោហា គួបផ្សំនឹងសម្រស់ពីធម្មជាតិរបស់នាង ប្រជាប្រិយភាពរបស់រីតាបានកើនឡើងចាប់តាំងពីពេលនោះមក ព្រមទាំងទទួលការគាំទ្រច្រើនពីអ្នកទស្សនា៕

ដកស្រង់ពី៖ កោះសន្ដិភាព