Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ហាញ​អារម្មណ៍​ជាមួយ​បុរស​ម្នាក់​គេ​មិន​អើ​ពើ ៥​ឆ្នាំ​ក្រោយ Jimmy ធ្វើ​រឿង​ខ្លះ រហូត​បុរស​នោះ​មក​តាម​ញ៉ែ​នាង​វិញ

  • បោះពុម្ព

ពិធីការិនីរាងស្រឡូន Jimmy Meng ថ្មីៗនេះបានបញ្ចេញឲ្យដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនពិសេសគឺទំនាក់ទំនងស្នេហាដែលជារឿងដ៏កម្រក្នុងជីវិតសិល្បករ

ក្នុងនោះ នាងក្លាហានបង្ហាញអារម្មណ៍របស់នាងទៅកាន់បុរសម្នាក់មុន ប៉ុន្តែត្រូវបុរសរូបនោះមិនអើពើ រហូត ៥ឆ្នាំក្រោយ នាងបានផ្លាស់ប្ដូរខ្លួនឯង រហូតដល់បុរសនោះមកតាមទាក់ទងនាងវិញ។ ពិធីការិនីដ៏ស្រស់ប្រិមប្រិយ បាននិយាយពីទំនាក់ទំនងស្នេហារបស់នាងជាមួយលោក Jimmy Nou ដែលបាន និងកំពុងល្អូកល្អិននាពេលបច្ចុប្បន្ន ប៉ុន្តែមុននេះ គឺនាងជាអ្នកមានចិត្តលើភាគីខាងប្រុសមុន។

Jimmy បង្ហើបថា កាលពីជិត ១០ឆ្នាំមុន នាងបានឃើញលោក Jimmy Nou តាមរយៈវីដេអូចម្រៀងមួយបទរបស់តារាចម្រៀង មាស សុខសោភា ដែលភ្លាមៗ មន្តស្នេហ៍របស់កំលោះខ្មែរមកពីអាមេរិក ឆក់យកបេះដូងនាងតែម្ដង។ “នៅពេលខ្ញុំឃើញគាត់ភ្លាម គឺខ្ញុំ Crush បុរសម្នាក់ហ្នឹងតែម្ដង គឺគាត់សង្ហារខ្លាំង សង្ហារបែបកូនកាត់"។

អារម្មណ៍ដែលដក់ជាប់លើកំលោះសង្ហារដោយសារឃើញមួយភ្លែត បានកើតឡើងមួយឈុលហើយក៏វិលមកធម្មតាវិញ រហូតដល់២ឆ្នាំក្រោយ អារម្មណ៍នោះបានវិលមកវិញ ក្រោយនាងបានឃើញអ្នកកំលោះដោយផ្ទាល់នៅកន្លែងធ្វើការរបស់នាងតែម្ដង គឺនៅស្ថានីយទូរទស្សន៍ភីអិនអិន។

នាងថ្លែងថា ថ្ងៃមួយពេលនាង កំពុងតែធ្វើការ នាងបានឃើញមនុស្សមួយក្រុមដើរចូលមកស្ថានីយទូរទស្សន៍របស់នាង ហើយបុរសដែលឆក់យកចំណាប់អារម្មណ៍របស់នាងកាលពី ២ឆ្នាំមុន មកលេចមុខជ្រងោ។ “ពេលនោះ ខ្ញុំឃើញគាត់...ស្ពាយសាក់កាដូខ្មៅ ហើយគាត់សង្ហារខ្លាំងតែម្ដង គាត់មាឌធំខ្លាំង ខ្ពស់ មុខឡូយតែម្ដង!”។

ស្រីស្អាតបន្ថែមថា នាងបានយករឿងនេះទៅប្រាប់ម្ដាយ ពីបុរសម្នាក់ដែលនាងពេញចិត្តគេខ្លាំង ហើយក៏ត្រូវម្ដាយចំអន់ថែមទៀត។ ចាប់ពីពេលនោះមក កញ្ញា Jimmy និងលោក Jimmy Nou ក៏បានរួមការងារនៅស្ថានីយទូរទស្សន៍តែ១ ដែលអំណោយផលដល់ការជួបមុខគ្នាញឹកញាប់។

រហូតដល់ថ្ងៃមួយ នាងបានដើរទៅប្រាប់កំលោះសង្ហារ Jimmy Nou ថា នាងពេញចិត្តលោក។ ហាក់ដូចប្លែកបន្តិចដែលនារីទៅបង្ហាញអារម្មណ៍របស់ខ្លួនទៅមនុស្សប្រុសមុន ប៉ុន្តែស្រីស្រស់បញ្ជាក់ថា គ្រប់គ្នាគួរតែមានសិទ្ធិស្មើគ្នាក្នុងការបង្ហាញអារម្មណ៍របស់ខ្លួន។ យ៉ាងណាក៏ដោយ ភ្លាមៗនាងមិនទទួលបានការឆ្លើយតបវិជ្ជមានពីបុរសដែលនាងពេញចិត្តឡើយ ពោលគឺភាគីខាងបុរសមិនចាប់អារម្មណ៍ មិនអើពើនាងឡើយ រហូត ៥ឆ្នាំក្រោយមក។

បញ្ហាដែលរាំងស្ទះចំពោះការទទួលបានអារម្មណ៍ដូចគ្នាពីខាងប្រុស កញ្ញា Jimmy សង្កត់ធ្ងន់ថា គឺមានពាក់ព័ន្ធនឹងរូបរាង ដែលកាលនោះនាង ធាត់ មុខមូលពេញ និងមានទម្ងន់ខ្លួន ៦៨ គីឡូ។ ដូច្នេះហើយ Jimmy ក៏បានព្យាយាមកែប្រែរូបរាងរហូតដល់បច្ចុប្បន្ននាង ត្រូវបានគេទទួលស្គាល់ថាជាសិល្បការិនីដែលមានដងខ្លួនសមសួនបំផុត ឬហៅថា រាង Gold។

បែបនេះ នាងថា អំណោយផលនៃការប្រែប្រួលរូបរាងរបស់នាង បានទាក់យកការចាប់អារម្មណ៍ពីភាគីខាងប្រុសវិញ ហើយបន្តបន្ទាប់គឺលោក Jimmy Nou គឺជាអ្នកតាមទាក់ទងនាង រហូតដល់សារភាពថាស្រឡាញ់នាងដោយផ្ទាល់មាត់នៅលើទឹកដីខេត្តសៀមរាប ធ្វើឲ្យនាងស្រឡាំងកាំង។

គិតមកដល់បច្ចុប្បន្នស្រីស្អាត Jimmy Meng និងលោក Jimmy Nou បានស្គាល់ និងធ្វើការជាមួយគ្នាប្រមាណ៦ឆ្នាំ។ ប៉ុន្តែទើបតែបើកចិត្តចំពោះគ្នា និងទទួលយកសេចក្ដីត្រូវការរបស់បេះដូងរៀងខ្លួននៅ១ឆ្នាំចុងក្រោយនេះ ដែលគេមើលឃើញថា ពួកគេ បច្ចុប្បន្នគឺជាគូស្នេហ៍ដ៏ល្អូកល្អិនមួយគូ និងតែងតែបើកចំហទំនាក់ទំនងនេះរហូតមក។

មកដល់ពេលនេះ តារាស្រី បញ្ជាក់ថា នាងទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនធ្លាប់ចង់បាន ពិសេសគឺបុរសដែលធ្លាប់មិនអើពើនឹងការចាប់អារម្មណ៍លើខ្លួន បែរជាត្រឡប់មករកនាងវិញដោយខ្លួនឯង។ លទ្ធផលទាំងនេះ គឺផ្អែកតាមទង្វើរបស់យើងផ្ទាល់។ Jimmy បានចែករំលែកថា មនុស្សស្រីគ្រប់រូបសុទ្ធតែមានចំណុចល្អរៀងខ្លួន ដូច្នេះត្រូវស្វែងរកចំណុចល្អខ្លួនឯងនោះឲ្យឃើញ។

"យើងជាមនុស្សស្រី កុំគិតថាខ្លួនឯងអត់តម្លៃ គ្រប់គ្នាសុទ្ធតែមានតម្លៃ ត្រូវរកតម្លៃក្នុងខ្លួននោះឲ្យឃើញ...ក្រៅពីត្រូវធ្វើឲ្យខ្លួនឯងស្អាតបំផុតតាមតែអាចធ្វើបាន...ត្រូវធ្វើចិត្តឲ្យល្អបំផុត អំពើល្អរបស់អ្នកទាំងអស់គ្នា នឹងនាំមកនូវផលល្អ និងត្រូវធ្វើជាមនុស្សដែលអភិវឌ្ឍខ្លួនឯងអត់ឈប់ឈរ...យើងមិនចាំបាច់ដេញចាប់មេអំបៅទេ តែសាងសួន១ឲ្យស្អាត មេអំបៅ នឹងហោះចូលមកដោយខ្លួនឯង!”។

Jimmy បញ្ជាក់ថា ត្បិតថាពួកគេទាំងពីរកំពុងយល់ចិត្តគ្នា ល្អូកល្អិន ប៉ុន្តែនាងមិនទាន់មានគម្រោងរៀបការទេ ហើយនាងសុំមិននិយាយមុន ព្រោះថានៅពេលវែងឆ្ងាយទៀត និងម្យ៉ាងទៀត អ្វីគ្រប់យ៉ាងនៅពេលខាងមុខ គឺមិនអាចប៉ាន់ស្មានបាន៕

ដកស្រង់ពី៖Sabay