បណ្តាញសង្គម

មើល​សម្រស់​កូនស្រី​ដ៏​ស្រស់​ស្អាត​របស់​អតីតតារា​ចម្រៀង ហួត សារ៉ាវឌី ដែល​ពេល​នេះ​កំពុង​ជោគជ័យ​ខ្លាំង!

កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ ត្រូវបានគេមើលឃើញថា ពេលនេះ បាន និងកំពុងជោគជ័យខ្លាំងនៅក្នុងមុខជំនួញ ក្រោយពីបានងាកចេញពីការងារសិល្បៈដែលជាដានចាស់របស់ម្ដាយ។

អ្នកនាង ជុង សារ៉ាច័ន្ទ គឺជាតារាបង្ហាញម៉ូដ និងសម្ដែង យ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ពុំសូវកាក់កប ដោយស្ទើរតែបាត់មុខក្នុងពិភពសិល្បៈ។ បញ្ហានេះ សាមីខ្លួនបានទទួលស្គាល់ថា ជាការពិត ក្នុងនោះមូលហេតុ គឺដោយសារនាងខ្លួនឯង ហាក់មិនស្រវាស្រទេញ ចាប់តាំងពីម្ដាយរបស់នាងបានចែកឋានផុតទៅ ហើយបន្តិចម្ដងៗ នាងបានដើរចេញពីដានចាស់របស់ម្ដាយ។

អតីតតារាស្រីរូបនេះ បញ្ជាក់ថា បន្ទាប់ពីម្ដាយរបស់ខ្លួនបានលាចាកលោកនេះ បន្ទុកគ្រួសារកាន់តែធំ ហើយក្នុងនាមនាងជាកូនច្បងនៅក្នុងគ្រួសារ នាត្រូវរ៉ាប់រងទាំងអស់ ដោយត្រូវដើរតួជាបងផង ជាម្ដាយផង មើលថែគ្រួសារទាំងមូល ខណៈការងារសិល្បៈហាក់មិនសមប្រកប។

ដូច្នេះហើយ ចង់មិនចង់ គឺនាងត្រូវតែព្យាយាមរកចំណូលពីការងារផ្សេង ចុងក្រោយ នាងបានសម្រេចចិត្តចាប់យកការរកស៊ី ជាមួយនឹងការលក់ផលិតផលកែសម្ផស្ស។ មុនចាប់ផ្ដើមលូកខ្លាំងក្នុងជំនួញខាងលើ នាងបានចេញទៅសិក្សាជំនាញនេះ នៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។ក្រោយចេះចាំអស់ហើយ អតីតតារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ ក៏បាន បើកលក់ផលិតផល រហូតដល់បង្កើតម៉ាកផលិតផលខ្លួនឯងតែម្ដង។

យ៉ាងណាក៏ដោយ ពេលចេញរកស៊ីដំបូង គឺនាងបញ្ហាច្រើនណាស់ ក្នុងបញ្ហាធំបំផុត គឺនាងមិនសូវមានដើមទុន។ ដូច្នេះហើយអ្វីដែលធ្វើបាន គឺព្យាយាមសន្សំសំចៃ។ ជុង សារ៉ាច័ន្ទ ថ្លែងថា ដោយផ្ដើមដំបូងក្នុងនាមអ្នករៀនម្នាក់ និងអាចរកចំណូលបានបន្តិចបន្តួច នាងខិតខំសន្សំបានលុយបើកហាងដោយខ្លួនឯង ប៉ុន្តែបើកបានតែហាង តែអ្វីៗក៏នាងធ្វើខ្លួនឯងដែរ។

"ខ្ញុំមិនហ៊ានជួលបុគ្គលិកទេ ឈរចាក់តែម្នាក់ឯង រៀបផង ចាក់ផង សំអាតផង គិតលុយផង ទទួលភ្ញៀវផង លើកទូរស័ព្ទផង។ ទម្រាំមកដល់ថ្ងៃនេះ ខ្ញុំប្តូរកន្លែងពីមួយទៅមួយដោយសារគេរុកគួន និយាយទៅមានរឿងច្រើនណាស់"។ បន្ទាប់ពីតស៊ូម្នាក់ឯងយ៉ាងត្រដាបត្រដួស សារ៉ាច័ន្ទ ក៏អាចរកឃើញលទ្ធផលល្អប្រសើរ ដោយបច្ចុប្បន្ន នាងមានបុគ្គលិក មានសិស្សជាច្រើនចូលមកជារៀងរាល់ថ្ងៃ ពោលគឺពីហាងដែលខ្វះសព្វបែបយ៉ាង ក្លាយជាអាជីវកម្មធំមួយនាពេលបច្ចុប្បន្ន។

"ខ្ញុំពិតជាសប្បាយចិត្ត នឹងសមិទ្ធផលនេះណាស់ ព្រោះវាមិនមែនជាចៃដន្យ តែវាជាការតាំងចិត្ត និងមានទំនួលខុសត្រូវចំពោះភ្ញៀវកន្លងមក។ អគុណមនុស្សដែលនៅក្បែរខ្លួនខ្ញុំ ដែលតែងតែនៅក្បែរផ្តល់គំនិត ទុន ពេលវេលា ភាពកក់ក្តៅ លើកទឹកចិត្តរហូតមក..!"។

ជុង សារ៉ាច័ន្ទ បញ្ជាក់បន្ថែម។ មកដល់ពេលនេះ អតីតតារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ កំពុងក្ដាប់ក្នុងដៃនូវជំនួញខាងលើ ដោយមានអាជីវកម្មដែលទទួលស្គាល់តាមប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងនោះនាងមានហាង”N.22 Beauty Klinik" ចំនួន៣កន្លែង សង្កាត់បឹងកេងកង១ នៅសង្កាត់ស្ទឹងមានជ័យ និងសាខាទី៣ ស្ថិតនៅខេត្តសៀមរាប ខណៈនាង បាន និងកំពុងស្វែងរកអតិថិជន និងតំណាងចែកចាយតាមខេត្តជាច្រើន៕

ដកស្រង់ពី៖ Sabay