បណ្តាញសង្គម

Nissan X-Trail ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង កាន់តែទំនើប និងសុវត្ថិភាព

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត SUV ខ្នាតតូចម៉ូដែល X-Trail (ឬ Rogue សម្រាប់ទីផ្សារបរទេស) ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ព្រមទាំងធ្វើឲ្យកាប៊ីនខាងក្នុងកាន់តែមានផាសុខភាព និងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប ហើយសុវត្ថិភាពជាងមុនទៅទៀត។

ថ្វីបើផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងមែន ប៉ុន្តែរថយន្ត Nissan X-Trail ឆ្នាំ២០២១ នេះ នៅតែរក្សាប៉ាណាមុខរាងអក្សរ V ប្រចាំត្រកូល ដែលហៅថា V-Motion Grille ហើយចង្កៀងមុខ និងភ្លើងបំភ្លឺពេលថ្ងៃ ត្រូវបានចែកដាច់ពីគ្នា។

X-Trail ថ្មីបំពាក់គ្រោងឆ្អឹង CMF-C/D របស់ Nissan ហើយមានរូបរាងតូចជាងមុន ពោលគឺប្រវែងពីកង់មុខទៅកង់ក្រោយខ្លីជាងមុន ២,៥៤មីល្លីម៉ែត្រ ហើយដំបូលខ្លីជាងមុន ៥៣,៣មីលីម៉ែត្រ។ ដោយឡែកកាប៊ីនខាងក្នុងរបស់វាមានបំពាក់អេក្រង់ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ខណៈកុងទ័ររបស់វាមានទំហំ ៧អ៊ីញមកស្តង់ដារ ហើយក៏មានកុងទ័របាញ់លើកញ្ចក់ទំហំ ១០,៨អ៊ីញ ផងដែរ។

បន្ថែមពីនេះ វាក៏បំពាក់មុខងារ ProPilot Assist ដែលជួយសម្រួលដល់ការបើកបរឲ្យកាន់តែមានសុវត្ថិភាពជាងមុន ទៀតផង។Nissan X-Trail ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប្រអប់លេខអូតូ និងប៉ុងមួយវិលកង់មុខ តែក៏មានជម្រើសប៉ុងពីរផងដេរ៕

ដកស្រង់ពី៖sabay