បណ្តាញសង្គម

iPhone 12 តម្លៃ ៦៤៩ដុល្លារ នឹងមានរូបរាងតូចជាង iPhone SE ស៊េរីថ្មី

Apple អាចនឹងប្រកាសចេញ iPhone 12 ចំនួនបួនម៉ូដែលនៅឆ្នាំ ២០២០ នេះ។ ស៊េរីទាបជាងគេនឹងមានបំពាក់អេក្រង់ទំហំ ៥,៤អ៊ីញ ហើយវាទំនងជាមានរូបរាងតូចជាង iPhone SE ស៊េរីថ្មីដែលទើបប្រកាសចេញទៅទៀត។

ម្ចាស់គណនី YouTube ឈ្មោះ EverythingApplePro បានបង្ហោះវីដេអូខ្លីមួយ ដែលប្រៀបធៀបទំហំ iPhone SE ជាមួយនឹងពុម្ពរបស់ iPhone 12 អេក្រង់ទំហំ ៥,៤អ៊ីញ ដែលបង្ហាញឲ្យឃើញថា iPhone 12 ពិតជាមានរូបរាងតូចជាង iPhone SE ហើយវាអាចជាជម្រើសល្អសម្រាប់អ្នកពេញចិត្តស្មាតហ្វូនទំហំតូច។

iPhone SE មានអេក្រង់ទំហំ ៤,៧អ៊ីញ ហើយវាមានរូបរាងធំជាង iPhone 12 ដែលមានអេក្រង់ ៥,៤អ៊ីញ ព្រោះថានៅផ្នែកខាងមុខរបស់ iPhone SE មានសល់គែមអេក្រង់ច្រើនសម្រាប់ដាក់នូវទ្រនាប់ស្កេនម្រាមដៃ។ ចំណែកឯ iPhone 12 ប្រើរចនាបថក្បាលឆក មានអេក្រង់លាតពេញផ្ទៃខាងមុខ។

គួរដឹងថា iPhone 12 ទាំងបួននឹងមានបំពាក់អេក្រង់ OLED ទាំងអស់ ហើយមានបំពាក់នូវឈីប A14 Bionic ថ្មី ដែលមានគាំទ្រនូវសេវា 5G ដូចៗគ្នា។ សម្រាប់ iPhone 12 អេក្រង់ ៥,៤អ៊ីញ ទំនងជាមានតម្លៃចាប់ពី ៦៤៩ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក៕

 

ដកស្រង់ពី៖sabay