បណ្តាញសង្គម

Apple នៅតែលេខ១ ខាងលក់ Smartwatch ប៉ុន្តែលេខ២មានអ្នកមកជំនួស Samsung ហើយ

ទិន្នន័យថ្មីពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញថានៅត្រីមាសទីមួយឆ្នាំ ២០២០ នេះ ចំនួនលក់នៃ Smartwatch ទូទាំងពិភពលោកគឺមានកំណើន ១២% ទោះបីជាមានផ្ទុះនូវជំងឺកូវីដ១៩ ពាសពេញពិភពលោកក្ដី។

Apple នៅតែកាន់កាប់តំណែងលេខមួយលើទីផ្សារ ដែលអាចលក់ Apple Watch បានសរុប ៥,២លានគ្រឿង។ ចំនួនលក់នេះដែរគឺមានការធ្លាក់ចុះ ១៣% ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ ចំណែក Huawei ស្ថិតនៅតំណែងលេខ ២ ជាមួយចំនួនលក់ ២,១លានគ្រឿង ដែលមានកំណើន ១១៣% ឯណោះ។

Samsung បាត់បង់តំណែងលេខ ២ មកស្ថិតនៅលេខ ៣ វិញ ដែលមានចំនួនលក់ ១,៨លានគ្រឿង មានកំណើន ៤៦% ធៀបនឹងឆ្នាំមុន។ លេខ ៤ និង លេខ ៥ បានទៅលើ Garmin និង Fitbit ដែលលក់បាន ១,១លានគ្រឿង និង ០,៩លានគ្រឿង។

នៅអំឡុងត្រីមាសទីមួយ តម្រូវការ Apple Watch មានកំណើនខ្លាំងនៅបរទេសជាពិសេសនៅប្រទេសចិន ខណៈដែលនៅអាមេរិក និងអឺរ៉ុបមិនសូវមានតម្រូវការខ្លាំងក្លានោះឡើយ។

កំណើន Apple Watch នៅបរទេសគឺដោយតែការផ្ដល់ជូនប្រូម៉ូសិនច្រើនពីក្រុមហ៊ុនលក់ទូរសព្ទ។ ចំណែកឯ Huawei ឯណោះវិញ មានផ្ដល់ប្រូម៉ូសិនពិសេសភ្ជាប់ជាមួយនឹង Huawei P40 ដែលលក់នៅប្រទេសចិន៕

ដកស្រង់ពី៖sabay