បណ្តាញសង្គម

មុននឹងទាញយកកម្មវិធីណាមួយមកប្រើ ប្រយ័ត្នប៉ះចំមេរោគ!

ចន្លោះមិនឃើញ មិនទាន់បាន៣ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Adobe ប្រកាសថានឹងស្នើសុំឱ្យអ្នកប្រើប្រាស់លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័ររបស់ពួកគេនៅដំណាច់ឆ្នាំនេះ ស្របពេលដែលកម្មវិធីនេះត្រូវបានគ្រោងនឹងឈានដល់ទីបញ្ចប់នៃជីវិត (End-Of-Life) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផង ស្រាប់តែក្រុមហ៊ុនផ្នែកសុវត្ថិភាពបច្ចេកវិទ្យា Intego បានរកឃើញមេរោគ Malware ដែលបន្លំខ្លួន (Trojan) ជាកម្មវិធី Flash Player។

Trojan ឬ Trojan Horse គឺជាពាក្យដែលគេប្រើសម្រាប់សម្គាល់កម្មវិធីដែលបន្លំខ្លួនជាកម្មវិធីត្រឹមត្រូវ ប៉ុន្តែតាមពិតវាជាកម្មវិធីដែលមានផ្ទុកមេរោគ Malware ទៅវិញទេ ហើយអ្វីដែលជាបញ្ហាកាន់តែធំនោះគឺ កម្មវិធីនេះអាចទាញយកបានតាមរយៈការស្វែងរកនៅក្នុង Google ទៀតផង ដូច្នេះវារឹតតែពិបាកក្នុងការកំណត់ថាតើតំណទាញយកមួយណានឹងមានផ្ទុកមេរោគនោះទេ។

ប្រព័ន្ធប្រតិបត្តិការ MacOS ត្រូវបានអ្នកប្រើប្រាស់ចាត់ទុកថា ជាប្រព័ន្ធប្រតិបត្តិការមានសុវត្ថិភាពខ្ពស់ ព្រោះដើម្បីបញ្ចូលកម្មវិធីណាមួយបាន អ្នកបង្កើតកម្មវិធីនោះត្រូវតែចុះឈ្មោះជាមួយក្រុមហ៊ុន Apple បើមិនដូច្នោះទេអ្នកប្រើប្រាស់ត្រូវតែបើកការអនុញ្ញាតនៅក្នុង Settings របស់កុំព្យូទ័រជាមុនសិនទើបអាចបញ្ចូលកម្មវិធីនេះបាន។ ប៉ុន្តែទោះបីជាមានការរឹតត្បិតយ៉ាងនេះក្ដី ក៏មិនអាចរាំងខ្ទប់ពីការបញ្ចូលកម្មវិធីនេះដែរ ដោយកម្មវិធីនេះវាបង្ហាញការណែនាំដើម្បីបញ្ចូលកម្មវិធីនេះផង។

ដើម្បីជៀសវាងការទាញយកកម្មវិធីដែលបង្កប់ជាមួយមេរោគ Malware នោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកទាញយកកម្មវិធីដោយផ្ទាល់ពីក្រុមហ៊ុន។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកចង់បញ្ចូលកម្មវិធី Flash Player លោកអ្នកអាចចូលទៅគេហទំព័ររបស់ក្រុមហ៊ុន Adobe ដើម្បីស្វែងរកនិងទាញយកកម្មវិធីនៅទីនោះតែម្ដង៕

ដកស្រង់ពី៖sabay