Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវិត​ពិត​ ទិន ហ្វី ដែលអ្នកអាចមិនធ្លាប់ដឹង!

  • បោះពុម្ព

Stephen Chow ទើបតែធ្វើពិធីខួបកំណើត ៥៨ឆ្នាំ យ៉ាងស្ងៀមស្ងាត់កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។

 

ក្នុងឱកាសនេះដែរ Sabay សូមបង្ហាញត្រួសៗ ពីប្រវត្តិតារាសម្ដែងហុងកុងដ៏ល្បីរូបនេះ ដូចខាងក្រោម៖ តារាដែលត្រូវបានទស្សនិកជនខ្មែរស្គាល់តាមរយៈរហស្សនាម ទិន ហ្វី មានឈ្មោះពិតថា Chow Sing Chi កើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៦២។ គ្រួសាររបស់លោកមានដើមកំណើតនៅចិនដីគោក បន្ទាប់មកបានធ្វើអន្តោប្រវេសន្តមកទីក្រុងហុងកុង។

កាលពីកុមារភាព ទិន ហ្វីរស់នៅក្នុងតំបន់អានាធិបតេយ្យមួយ ពេលមានអាយុ ៧ឆ្នាំ ឪពុកម្ដាយលែងលះគ្នា លោករស់នៅជាមួយម្ដាយ អ្នកស្រី Lin Bo Yee ជាមួយនឹងប្អូនស្រី។ ឡើងដល់ថ្នាក់អនុវិទ្យាល័យ ក្មេងជំទង់រូបនេះបានបោះបង់ចោលការសិក្សាដើម្បីស្វែងរកការងារធ្វើ។

ការចងចាំនូវកុមារភាពដែលពោរពេញទៅដោយទុក្ខលំបាកវេទនា ត្រូវបានតារាសម្ដែងរូបនេះរំលឹកឡើងវិញនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ម្ដាយរបស់លោកតែងតែទុករបស់ដែលឆ្ងាញ់បំផុតឲ្យកូនៗ។ នៅពេលកូនៗញ៉ាំហើយទៅគាត់លួចញ៉ាំម្ហូបដែលនៅសេសសល់ពីពួកគេ។ មានគ្រាមួយ Sing Chi បានធ្វើពុតជាជ្រុះភ្លៅមាន់ចុះដី ក្រោយមកប្រាប់ថាខ្ពើមមិនញ៉ាំព្រោះប្រឡាក់ដី។ Chi Sing ប្រាប់ថានោះគឺជាវិធីតែមួយគត់ដែលលោកអាចទុកសាច់មាន់ឲ្យអ្នកមានគុណខ្លួនពិសាបាន។

មានម្ដងនោះ ទិន ហ្វីបានលួចលុយរបស់ម្ដាយ ៥០ សេន ដើម្បីទិញរបស់លេង។ "នៅពេលនោះ ៥០ សេនគឺច្រើនខ្លាំងណាស់ អាចទិញម្ហូបឲ្យគ្រួសារបានពេញ១ខែ។ ម៉ាក់ខ្ញុំបានរត់រកគ្រប់ទីកន្លែង ហើយវាយខ្ញុំឲ្យសារភាព តែខ្ញុំមិនទទួលថាខ្លួនលួចទេដោយបានប្រកែកយកស្លាប់រស់។ នៅទីបំផុត ម៉ាក់ស្មានថាបាត់មែនទែន។

នៅពេលនោះខ្ញុំឃើញគាត់អង្គុយនៅមួយកន្លែងនៅក្នុងបន្ទប់ងងឹត បន្ទោសខ្លួនឯង តែខ្ញុំនៅតែលាក់លុយនោះ ព្រោះបើខ្ញុំហ៊ានយកចេញប្រាកដជាត្រូវវ៉ៃបន្ថែមទៀត។ មកដល់ពេលនេះ នឹកឃើញដល់រឿងនោះ ខ្ញុំនៅតែឈឺចាប់នៅឡើយ ហេតុអីបានជាខ្ញុំហ៊ានធ្វើរឿងបែបនោះ។ ក្រោយមកខ្ញុំបានទៅទិញរបស់លេងដែលខ្ញុំចូលចិត្តតែមិនហ៊ានយកមកផ្ទះទេគឺទុកនៅផ្ទះមិត្តភ័ក្ដិ"។

ល្បែងកម្សាន្តជាមួយក្រុមក្មេងក្រីក្រនៅម្ដុំផ្ទះរបស់ខ្លួន ធ្វើឲ្យ Stephen Chow ចងចាំមិនអាចបំភ្លេចបាន។ "កាលនោះពួកខ្ញុំលេងល្បែងវាយកន្លាត។ មិត្តម្នាក់បានវាយកន្លាតដោយដៃផ្ទាល់ទាំងមិនប្រើស្បែកជើង ខ្ញុំគិតថាគាត់ពិតជាក្លាហានខ្លាំងណាស់ហើយបានយកគាត់ជានិមិត្តរូប។ លេងវាយកន្លាតជាមួយគាត់ពិតជាសប្បាយ"។

ធំជាងនោះបន្តិច ទិន ហ្វី ចាប់ផ្ដើមជក់មើលរឿង ជាពិសេសគឺរឿងរបស់ លី ស៊ាវឡុង។ នេះក៏ជាមូលហេតុដែលធ្វើឲ្យក្មេងប្រុសរូបនេះមានបំណងចង់ក្លាយជាតារាសម្ដែងផងដែរ។ ដើមទសវត្សឆ្នាំ ១៩៨០ Sing Chi បានបបួលមិត្តភ័ក្ដិរបស់ខ្លួនគឺកំពូលតារាសម្ដែង Leung Chiv Wai ចូលរួមវគ្គបណ្ដុះបណ្ដាលតារាសម្ដែងរបស់ប៉ុស្តិ៍ TVB។

ដើម្បីឲ្យ Chiv Wai ងក់ក្បាលព្រមទៅ ក្មេងជំទង់រូបនេះបាននិយាយពាក្យផ្អែមល្ហែមថាបើល្បីឈ្មោះជីវិតរបស់ពួកគេនឹងលែងវេទនាទៀតហើយ។ យ៉ាងណាមិញ នៅពេលទៅប្រលង Leung Chiv Wai ជាប់ឯ Chow Sing Chi ធ្លាក់។ ក្រោយមកលោកបានប្រលងជាច្រើនដងទៀតទើបបានគេទទួលយក ចាប់ពីពេលនោះទៅលោកចាប់ផ្ដើមដើរតួកំប៉ិកកំប៉ុកឲ្យ TVB។

ចាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៨០ ទៅ នៅពេលដែលតារាសម្ដែងវ័យក្មេង Leung Chiv Wai ចាប់ផ្ដើមត្រូវបានគេស្គាល់មុខ បានដើរតួឯកក្នុងរឿងល្បីៗ ទិន ហ្វី នៅតែជនគ្មានអ្នកណាស្គាល់មុខ បានត្រឹមដើរតួកំប៉ិកកំប៉ុកដូចជា ចោរឆក់ ចោរប្លន់ ពួកសង្គមងងឹត ឬរឹតតែអាណោចអាធ័មជាងនេះទៅទៀតនោះគឺដើរតួសាកសពដេកមួយកន្លែងជាដើម។

រហូតដល់ឆ្នាំ ១៩៨៨ Stephen Chow បង្កបានការចាប់អារម្មណ៍នៅពេលដើរតួក្រុមសង្គមងងឹតក្នុងរឿង "Final Justice”។ ភាពយន្តមួយនេះបាននាំមកនូវពានរង្វាន់ទី១ក្នុងជីវិតឲ្យលោកគឺ "តួអង្គរងល្អបំផុត" ក្នុងកម្មវិធីប្រគល់ប្រចាំឆ្នាំ Golden Horse។ ចាប់ពីនោះមក អ្នកដឹកនាំបានមើលមក ទិន ហ្វី ក្នុងកែវភ្នែកផ្សេងមួយទៀត ហើយផ្ដល់ឱកាសឲ្យលោកបានដើរតួអង្គសំខាន់។

ឆ្នាំ ១៩៩០ Stephen Chow បានដើរតួឯកក្នុងរឿង "All For The Winner”។ភាពយន្តមួយនេះគឺជារឿងកំប្លែងដែលធ្វើតាមរឿង "ស្ដេចល្បែង" ដែលកំពូលតារាសម្ដែង Chow Yun Fat ដើរតួឯក។ នៅពេលចេញចាក់ផ្សាយ រឿងនេះទទួលបានជោគជ័យហួសពីការរំពឹងទុក បំបែកកំណត់ត្រាវិស័យភាពយន្តហុងកុង។ ជាលើកទី១ ទិន ហ្វី ត្រូវបានជាប់ជាបេក្ខភាព "តារាសម្ដែងប្រុសល្អដាច់គេ" ក្នុងកម្មវិធីប្រគល់ធំជាងគេ Golden Statue។

ឆ្នាំ ១៩៩២ Stephen Chow បានសម្ដែងតួឯកក្នុងភាពយន្តចំនួន ៧ រឿង ដែលនៅក្នុងនោះមានរហូតដល់ទៅ ៥ រឿងដែលជាប់ឈ្មោះក្នុងតារាងភាពយន្តរកលុយបានច្រើនជាងគេប្រចាំឆ្នាំ។ នេះត្រូវគេចាត់ទុកថាជាឆ្នាំដែល ទិន ហ្វី ទទួលបានជោគជ័យខ្លាំងបំផុត។

ឆ្នាំ ១៩៩៣ រឿង "និស្សិតផ្ដាច់សង្ខារ" របស់ ទិន ហ្វី ជាប់ឈ្មោះជាភាពយន្តរកលុយបានច្រើនជាងគេនៅហុងកុង។ មួយឆ្នាំក្រោយមក Stephen Chow ទទួលយកតួនាទីថ្មីមួយទៀតគឺអ្នកដឹកនាំរឿង ដែលក្លាយជាទំព័រថ្មីផ្សេងទៀតនៅក្នុងអាជីពរបស់ខ្លួន។ ឆ្នាំក្រោយៗមកទៀត ស្ដេចកំប្លែងរូបនេះទទួលបានជោគជ័យជាបន្តបន្ទាប់តាមរយៈភាពយន្តដូចជា "០០៧" “ស្ដេចស្វាស៊ុនអ៊ូខុង" “ស្ដេចចុងភៅទិនហ្វី" និង "ក្រុមបាល់ទាត់សៅលិញ" ជាដើម។

ឆ្នាំ ២០១១ “ក្រុមបាល់ទាត់សៅលិញ" ត្រូវបានទស្សនាវដ្ដី Time ជ្រើសរើសជាភាពយន្ត១ក្នុងចំណោមភាពយន្តទាំង ២៥ ល្អផ្ដាច់គេក្នុងពិភពលោក។ ឆ្នាំ ២០០៥ ទិន ហ្វីបានបំបែកកំណត់ត្រារបស់ខ្លួនឯងតាមរយៈរឿង "ពូថៅហោះ"។ ភាពយន្តមួយនេះបានដណ្ដើមបានពាន "ភាពយន្តល្អដាច់គេ" “អ្នកដឹកនាំរឿងឆ្នើមជាងគេ" ក្នុងកម្មវិធី "Golden Horse”។ ជាងនេះទៅទៀត វាត្រូវបានជាប់ជាបេក្ខភាពក្នុងការប្រគល់រង្វាន់ "Golden Globe” របស់អាមេរិកខាងផ្នែក "ភាពយន្តនិយាយភាសាបរទេសល្អជាងគេ"។ វណ្ណកម្មមួយនេះក៏ជាប់ឈ្មោះក្នុងតារាងភាពយន្តឆ្នើមទាំង១០ ជ្រើសរើសដោយអ្នកជំនាញ Richard Corliss របស់ទស្សនាវដ្ដី Time ផងដែរ។

មកដល់ឆ្នាំ ២០១៣ ភាពយន្ត "Journey to the West: Conquering the Demons” ដែលដឹកនាំសម្ដែងដោយ Stephen Chow បានបំបែកឯកត្តកម្មជាច្រើននៅចិនដីគោក។ ក្នុងអាជីព ៣០ ឆ្នាំដឹកនាំរឿងរបស់ខ្លួន ទិន ហ្វី បានកសាងតំណែងដ៏សំខាន់១នៅក្នុងវិស័យភាពយន្តចិន។ លោកត្រូវបានគេដាក់ងារឲ្យថាជាស្ដេចកំប្លែងហុងកុងដែលរឿងរបស់លោកគឺគ្មានដើមហើយក៏គ្មានទីបញ្ចប់។

កំពូលអ្នកដឹកនាំរឿង Ang Lee ធ្លាប់ប្រកាសថា៖ "បើសិនជា Chow Sing Chi ផលិតរឿងកំប្លែង ខ្ញុំស្ម័គ្រចិត្តធ្វើតារាសម្ដែងរបស់គាត់"។ ត្រូវបានគេទទួលស្គាល់ថាជាមនុស្សដែលពោរពេញទៅដោយទេពកោសល្យ តែនៅក្នុងជីវិតប្រចាំថ្ងៃ ទិន ហ្វី និយាយតិច មិនសូវមានមិត្តភ័ក្ដិ ជីវិតឯកជនក៏បិទជិត។

សាមីខ្លួនផ្ទាល់ក៏ទទួលស្គាល់ថាមិត្តរួមការងារភាគច្រើនមិនចូលចិត្តលោក។ y-6995-1434965219 បើទោះជាដូច្នេះមែន គេមិនអាចបដិសេធបាននូវការលះបង់របស់តារាសម្ដែងត្រកូល Chow ចំពោះវិស័យភាពយន្តចិននោះទេ។ តារាសម្ដែង Carina Lau ធ្លាប់បាននិយាយពីទិនហ្វី ថា៖ "គាត់ពិតជាមនុស្សចម្លែក ពាក់ម៉ាសទៅសម្ពោធរឿង មួយថ្ងៃៗគិតតែពីជិះកង់គ្រប់ទីកន្លែង សក់ក្បាលស្កូវអស់ហើយក៏នៅតែមិនខ្វល់។

គាត់ជាមនុស្សពិសេសម្នាក់ គ្រប់គំនិតឆ្កួតៗទាំងអស់នៅពេលបញ្ចូលក្នុងរឿងរបស់គាត់បែរក្លាយទៅជារឿងគួរឲ្យចាប់អារម្មណ៍"។ ចំពោះជីវិតស្នេហាវិញ ធ្លាប់មានតារាស្រីជាច្រើនបានឆ្លងកាត់ជីវិតទិនហ្វី តែលោកបានទទួលស្គាល់តែចំណងស្នេហ៍ជាមួយ Athena Chu ដៃគូថតរឿង "ស្ដេចស្វាស៊ុនអ៊ូខុង" តែប៉ុណ្ណោះ។ បច្ចុប្បន្នបើទោះជាមានវ័យជ្រេហើយក៏ដោយ ទិន ហ្វី ក៏មិនដែលគិតពីរឿងគូស្រកអ្វីដែរ៕







ដកស្រង់ពី៖ Sabay