បណ្តាញសង្គម

មេ Facebook អស់ទ្រព្យប៉ុន្មានពាន់លានដុល្លារ ក្រោយក្រុមហ៊ុនធំៗឈប់ដាក់ Ads?

យុទ្ធនាការមួយត្រូវបានគេបង្កើតឡើងឈ្មោះថា #StopHateForProfit ដែលទទូចឲ្យក្រុមហ៊ុននានាធ្វើពហិការចំពោះ Facebook តាមរយៈការឈប់ប្រើសេវាផ្សាយពាណិជ្ជកម្មរបស់បណ្ដាញសង្គមនេះនៅខែកក្កដា។

យុទ្ធនាការនេះបង្កើតឡើងដោយអង្គការ Color of Change, ADL និង NAACP ដែលចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែមិថុនា ជាមួយគោលបំណងសុំឲ្យ Facebook ជួយទប់ស្កាត់ការចែកចាយមាតិកាពោរពេញដោយការស្អប់ ហិង្សា និងការរើសអើងពូជសាសន៍។

នៅថ្ងៃទី ២៥ ខែមិថុនា Verizon ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតមួយក្នុងលោកបានប្រកាសចូលរួមយុទ្ធនាការនេះ ដែលពួកគេបានអះអាងថានឹងបញ្ឈប់ការទិញផ្ទាំងផ្សព្វផ្សាយលើ Facebook រហូតដល់ពេលដែល Facebook រកឃើញដំណោះស្រាយដែលអាចទទួលយកបានមួយ។

គួរដឹងថាមកទល់ពេលនេះមានក្រុមហ៊ុនជិត ១០០ហើយ ដែលចូលរួមយុទ្ធនាការនេះ ដែលរួមមាន Ben & Jerry's, The North Face, REI, Patagonia និង Eddie Bauer ជាដើម។ តាមរយៈការឈប់ផ្សាយពាណិជ្ជកម្មលើ Facebook នេះ ច្បាស់ណាស់ថានឹងប៉ះពាល់ដល់ចំណូលរបស់ Facebook ដោយសារតែវាជាប្រភពចំណូលធំមួយរបស់ក្រុមហ៊ុន។

នាពេលនេះវាចាប់ផ្ដើមប៉ះពាល់ដល់តម្លៃហ៊ុនរបស់ Facebook ដោយគិតត្រឹមសុក្រកន្លងទៅ តម្លៃហ៊ុនរបស់ Facebook មានការធ្លាក់ចុះ ៨,៣% ធ្វើឲ្យតម្លៃលើទីផ្សាររបស់ក្រុមហ៊ុនមានការបាត់បង់ដល់ ៥៦ពាន់លានដុល្លារ។

ចំណែកលោក Mark Zuckerberg ឯណោះវិញ បានបាត់បង់ទ្រព្យសម្បត្តិ ៧ពាន់លានដុល្លារ ធ្វើឲ្យទ្រព្យសម្បត្តិសរុបធ្លាក់មកនៅ ៨២,៣ពាន់លានដុល្លារ។ តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនវិភាគ Pathmatics បានឲ្យដឹងថា ក្រុមហ៊ុន Verizon បានចំណាយទឹកប្រាក់ ១,៤៦លានដុល្លារ សម្រាប់ការផ្សព្វផ្សាយលើ Facebook ចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ២០ ខែមិថុនា។ ក្នុងចន្លោះពេលដូចគ្នានេះ ក្រុមហ៊ុនក៏បានចំណាយជិត ៤០៧ ០០០ដុល្លារ សម្រាប់ផ្សព្វផ្សាយលើ Instagram ផងដែរ៕

ដកស្រង់ពី៖sabay