បណ្តាញសង្គម

លោក ខ្យង ដាក់​ចេញ​យុទ្ធសាស្ត្រ​ជំហាន​ដំបូង ៥​ចំណុច នាំ Top Music ឲ្យ​កាន់​តែ​ល្បី​ខ្លាំង!

ចាប់តាំងពីថ្ងៃលោកស្រី ជួប មាន អគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ប្រកាសតែងតាំងខ្លួនជានាយកគ្រប់គ្រងផលិតផលកម្ម

Top Music រួចមក លោក គង់ សុគន្ធា ហៅ ខ្យង ប្រាប់ថា លោកដឹងថាខ្លួនមានបន្ទុកច្រើន លើកិច្ចការធ្វើយ៉ាងណាឲ្យផលិតកម្មមួយនេះ មានកេរ្តិ៍ឈ្មោះល្បីក្នុងស្រទាប់យុវវ័យ។ ដូច្នេះហើយ លោកបានត្រៀមយុទ្ធសាស្ត្រមួយចំនួន។

លោក គង់ សុគន្ធា ហៅ ខ្យង បានបញ្ចេញឲ្យដឹងថា ជំហានដំបូងនេះ លោកបានដាក់ចេញនូវយុទ្ធសាស្ត្រ ៥ចំណុចខាងក្រោម ដើម្បីនាំយក Top Music ទៅកាន់ទីផ្សារ។ យុទ្ធសាស្ត្រដំណាក់កាលដំបូងរបស់លោក ខ្យង នោះគឺៈ ១.ផលិតបទចម្រៀងឲ្យល្អ៖ លោកថា នេះជារឿងទី១ សម្រាប់យុទ្ធសាស្ត្រទាំងឡាយ ព្រោះថា អាចឈានទៅជំហានបន្ទាប់បាន ត្រូវធ្វើចំណុចនេះឲ្យបានល្អជាមុនសិន។

ដូច្នេះហើយ អ្វីដែលត្រូវធ្វើ គឺផលិតបទចេញមកឲ្យត្រូវចិត្ត ចូលចាក់បេះដូងរបស់យុវវ័យ។ យ៉ាងណាលោក មិនបានបញ្ជាក់លម្អិតឡើយ។ ២.ធ្វើវីដេអូចម្រៀងឲ្យទាក់ទាញ៖ លោកថា មានបទល្អហើយ ត្រូវតែមានវីដេអូចម្រៀងទាក់ទាញ ពោលគឺការសម្ដែងស៊ីសាច់រឿង ស៊ីខ្លឹមសារ ព្រមទាំងប្លង់ថតស្អាត បច្ចេកទេសល្អ សាកសមនឹងសម័យកាល។

៣.Promote ៖ នេះជាយុទ្ធសាស្ត្រទីផ្សារ ដែលលោក ខ្យង បញ្ជាក់ថា មានបទល្អ មានវីដេអូចម្រៀងទាក់ទាញ បើខ្វះយុទ្ធសាស្ត្រផ្សព្វផ្សាយបន្ថែម គឺនៅតែពិបាក។ ដូច្នេះហើយ លោកថា យុទ្ធសាស្ត្រទីផ្សារ គឺជារឿងដ៏សំខាន់មួយទៀត។ ៤.ជ្រើសរើសបន្ថែមតារាចម្រៀងដែលមានទេពកោសល្យ៖ បច្ចុប្បន្នផលិតកម្ម Top Music មានតារាចម្រៀងស្រាប់ចំនួន ៧នាក់ ប៉ុន្តែនាយកគ្រប់គ្រងថ្មី បញ្ជាក់ថា លោកត្រូវការបន្ថែមចំនួនថែមទៀត ពោលគឺលោកនឹងជ្រើសរើសតារាចម្រៀងបន្ថែម។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកត្រូវការចំនួនប៉ុន្មាននោះទេ។

៥.សម្លឹងរកតារាចម្រៀងដែលមានសមត្ថភាពពិតប្រាកដ៖ លោក ខ្យង ថា យុទ្ធសាស្ត្រចុងក្រោយមួយរបស់លោក គឺសម្លឹងរកមើល តារាចម្រៀងដែលទេពកោសល្យ មានសមត្ថភាពពិតប្រាកដនៅក្នុងផលិតកម្ម ម្នាក់ ឬពីរនាក់...ហើយព្យាយាមលើកកម្ពស់គេបន្ថែម។

លោក ខ្យង ថា ផលិតកម្មមិនអាចលើកទាំងអស់គ្នាក្នុងពេលតែ១បានទេ គឺលើកអ្នកដែលល្អហើយ ឲ្យកាន់តែល្អ។ តែជាមួយគ្នា ក៏ព្យាយាមជំរុញ ក៏ដូចជាបង្កើនសមត្ថភាពចំពោះតារាចម្រៀងផ្សេងទៀតដូចគ្នា។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដំណាក់កាលដំបូងរបស់លោក គង់ សុគន្ធា ហៅ ខ្យង ដែលគេស្គាល់ថាជាស្វាមីរបស់អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ក្រោយលោកទើបបានទទួលការទុកចិត្ត និងតែងតាំងជានាយកគ្រប់គ្រងផលិតកម្ម Top Music ដែលជាបុត្រសម្ព័ន្ធទៀតរបស់ ថោន គ្រុបអ៊ីនធើធិនមិន ខូអិលធីឌី៕

ដកស្រង់ពី៖ Sabay