បណ្តាញសង្គម

ខាន់ ជេមស៍ ផ្ដាំរឿងមួយដល់អ្នកគាំទ្រ ក្រោយពីជាប់នៅលើកោះរ៉ុង៥ថ្ងៃ

ខាន់ ជេមស៍ អំពាវនាវដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសអ្នកគាំលោកឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួនក្នុងដើរកម្សាន្តទៅកាន់មាត់សមុទ្រ ឬកោះនានាក្នុងរដូវនេះ។

សាររបស់តារាចម្រៀងរូបនេះធ្វើឡើង បន្ទាប់ពីរូបលោក និងក្រុមការងារជាប់នៅលើកោះរ៉ុង ៥ថ្ងៃ ដោយសារបញ្ហាអាកាសធាតុ។ ខាន់ ជេមស៍ បានប្រាប់ Sabay នៅមុននេះបន្តិចថា រូបលោក និងក្រុមការងារថតបទចម្រៀងថ្មីមួយរបស់លោកបានចេញពីកោះរ៉ុងមកដល់ក្រុងព្រះសីហនុនៅម៉ោងប្រហែល៥ល្ងាច ហើយបានបន្តដំណើរមកកាន់ភ្នំពេញដល់នៅម៉ោងប្រហែល៦កន្លះយប់ថ្ងៃទី៤ ខែសីហា។

លោកសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង ព្រោះរយៈ៥ថ្ងៃនេះ បានធ្វើឲ្យលោកខកច្រៀងក្នុងកម្មវិធីគេចំនួន៣ និងការងាររកស៊ីផ្ទាល់ខ្លួនជាច្រើនទៀត។ ខាន់ ជេមស៍៖"គ្រាន់តែចង់ប្រាប់បងប្អូនថា មុននឹងចេញទៅកម្សាន្តទីណា ជាពិសេសខេត្តជាប់មាត់សមុទ្រ ត្រូវប្រមូលព័ត៌មានឲ្យបានច្បាស់មុនចេញទៅ ព្រោះរដូវនេះអាកាសធាតុប្រែប្រួលញឹកញាប់។ ដូចខ្ញុំខាតពេលវេលា បាត់ប្រាក់ចំណូល ហើយគ្រួសារព្រួយបារម្ភទៀត"។

តារាចម្រៀង ខាន់ ជេមស៍ និងក្រុមការងាររបស់ផលិតកម្មសាន់ដេ បានចេញដំណើរទៅកាន់កោះរ៉ុង ខេត្ដព្រះសីហនុ ដើម្បីថតMV មួយ តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ ពួកគេបានជាប់គាំងនៅទីនោះអស់រយៈពេល៥ថ្ងៃ ដោយមិនអាចធ្វើដំណើរតាមផ្លូវទឹកមកវិញបាន ដោយសារមានព្យុះរលកបោកបក់ធំៗពេក។

ទើបម្សិលមិញនេះ អាជ្ញាធរខេត្ដព្រះសីហនុ និងទាហានជើងទឹកបានរំដោះរូបលោក និងក្រុមការងារចេញពីកោះរ៉ុងដោយសុវត្ថិភាព៕

ដកស្រង់ពី៖ Sabay