បណ្តាញសង្គម

ពៅ លី​ដា ប្រាប់​មូលហេតុ​ដែល​បាត់​មុខ​​ពី​ការ​សម្តែង​ភាពយន្ត

រាជធានីភ្នំពេញ ៖ តារសម្តែងនាង ពៅ លីដា មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងបានបាត់វត្តមានសម្តែងនៅក្នុងខ្សែភាពយន្តទាំងស្រុង

ក្នុងពេលដែលតារាថ្មីៗកំពុងតែប្រជែងគ្នាចាប់យកតំណែងជាតួឯកជាបន្តបន្ទាប់ ដែលបានធ្វើឲ្យរូបនាង និងតារាចាស់ៗមួយចំនួនទៀតក៏បានបាត់មុខដូចគ្នា។ តារាសម្តែងសប្បុរស្រអែមស្រស់នាង ពៅ លីដា បានអះអាងថា មួយរយៈនេះនាងបានអាក់ខានមិនបានសម្តែងភាពយន្តថ្មីៗឡើយ ដោយសារនាងមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលនោះជាមូលហេតុដ៏ចម្បងដែលនាងមិនទាន់ហ៊ានទទួលយកការសម្តែងភាពយន្ត។

នាងបញ្ជាក់ថា កន្លងមក មានផលិតកម្មមួយចំនួននៅតែទាក់ទងឲ្យរូបនាងសម្តែងជាធម្មតា ប៉ុន្តែដោយសារតែភាពយន្តដែលនាងសម្តែងនោះជារឿងបុរាណ ហើយរូបនាងបានដាក់គៀបធ្មេញដែកមិនអាចត្រូវនឹងសាច់រឿងទាំងនោះ ទើបនាងខកខានមិនបានសម្តែង។

ទោះជាយ៉ាងណា បើតាម ពៅ លីដាថា ទោះបីជានាងមិនបានចូលរួមសម្តែងភាពយន្តថ្មីៗក៏ដោយ ប៉ុន្តែសម្រាប់ការងារសិល្បៈដូចជាថតស្ពតពាណិជកម្ម និងឡើងកម្មវិធីស្ថានីយទូរទស្សន៍នានា គឺនាងតែមានវត្តមានជាហូរហែដដែល មិនបានបាត់វត្តមាននោះឡើយ។ ពៅ លីដា បានឲ្យដឹងបន្ថែមទៀតថា មានហេតុផលមួយទៀតដែលធ្វើឲ្យនាងមិនសូវជាបានសម្តែង គឺនាងត្រូវដកឃ្លាពេលទំនេរចុងសប្តាហ៍ គឺនាងត្រូវដាំដុះដំណាំផ្លែឈើនៅលើផ្ទៃដីដែលនាងបានទិញនៅខេត្តពោធិ៍សាត់ ដើម្បីបង្កបង្កើនផល ក្រៅពីការងារសិល្បៈ។

នាងថា បច្ចុប្បន្ននាងក៏មានការមមាញឹកផងដែរ ព្រោះក្រៅពីការងារនៅភ្នំពេញ គឺរាល់ថ្ងៃសៅរ៍ នាងនឹងគ្រួសារត្រូវចុះទៅកើត ដើម្បីដាំដំណាំផ្សេងៗ ខណៈពេលដែលនាងក៏មិនចង់ចោលឱកាសនៃការធ្វើចំការបន្ទាប់បន្សំ ក្រៅពីការងារសិល្បៈនេះផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជានាងបានហាក់រយាលពីការថតភាពយន្តភាគនាពេលនេះក៏ដោយ ប៉ុន្តែនាងហាក់មិនសូវមានការបារម្ភពីការធ្លាក់ចុះទីផ្សារសម្តែងនេះឡើយ ដោយសារតែរហូតមកទល់នាពេលនេះ នាងនៅតែមានបណ្តាផលិតកម្មនានាមកទាក់ទងថតដដែល។

នាងបញ្ជាក់ថា បច្ចុប្បន្ននាងបានឃើញពីតារាថ្មីៗជាច្រើនបានចេញថតរឿងជាហូរហែ ប៉ុន្តែសម្រាប់នាងមិនមានអ្វីព្រួយបារម្ភពីច្រើនពីជ្រែកទីផ្សារសម្តែងនោះដែរ ព្រោះនាងនៅតែអាចទទួលបានតំណែងជាតួឯកដដែល ក្នុងពេលដែលនាងអាចនឹងទទួលយកការសម្តែងនោះឡើងវិញ។

នាងបន្ថែមថា ការងារសម្តែង គឺនាងមិនអាចបញ្ឈប់ត្រឹមនេះឡើយ ព្រោះជាការស្រឡាញ់ និងចូលចិត្តរបស់នាង ហើយនាងអាចនឹងទទួលយកការសម្តែងនេះឡើងវិញ នៅពេលដែលនាងដោះធ្មេញគៀបនោះចេញ ហើយជំងឺកូវីដ១៩នេះ បានស្បើយទៅវិញ។

គួរបញ្ជាក់ថា តារាសម្តែងនាង ពៅ លីដា ត្រូវបានថតបញ្ចប់នូវរឿងភាគចុងក្រោយ គឺរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» ដែលបានចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍កាលពីពេលថ្មីៗនេះ ក្រោយពីនោះមកនាងហាក់មិនបានបង្ហាញវត្តមានសម្តែងភាពយន្តភាគបន្ថែមទៀតឡើយ ពោលគឺនាងបានត្រឹមបង្ហាញមុខចូលរួមលេងកំសាន្តក្នុងកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍នានាប៉ុណ្ណោះ៕

ដកស្រង់ពី៖កោះសន្ដិភាព