បណ្តាញសង្គម

Song Hye Kyo បង្ហើបពីអ្នកដែលសំខាន់បំផុតពេលនេះ និងរបៀបជំនះឧបសគ្គកន្លងមក

ថ្មីៗនេះ Song Hye Kyo បានផ្ដល់បទសម្ភាសមួយ ក្រោយបង្ហាញមុខថត Fashion ឲ្យ ELLE ដោយបានបើកទម្លាយពីឧបសគ្គ និងពេលវេលាលំបាកផ្សេងៗជាច្រើននាពេលកន្លងមក។

សម្រាប់ Hye Kyo គ្រួសារ និងមិត្តភ័ក្តិពិតជាមានតម្លៃខ្លាំងបំផុតក្នុងជីវិត។ នាងនិយាយថា៖ «មិត្តភាព និងទំនាក់ទំនងក្នុងគ្រួសារពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំជឿថាពួកគេម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន។ ខ្ញុំជឿថាសេចក្ដីរំភើបដែលសំខាន់បំផុតក្នុងលោក គ្មានអីក្រៅពីសម្ព័ន្ធភាពរវាងមនុស្សគ្រប់គ្នា និងភាពស្មោះត្រង់ទេ»។

ឮនាងទទួលស្គាល់ថា វាជារឿងលំបាកក្នុងការបញ្ជាក់ពីអារម្មណ៍ដែលមានក្នុងចិត្ត ប៉ុន្តែក៏បង្ហើបដែរថានាងអាចបញ្ចេញអារម្មណ៍ទាំងនោះបាន តាមរយៈការងារសម្ដែង ពេលនាងដើរតួម្ដងៗ។ បែបនេះហើយបានជានាងចង់សម្ដែងខ្លាំង។ ទាក់ទងនឹងសំណួរថាតើអាចជំនះនឹងពេលវេលាលំបាកយ៉ាងណាក្នុងជីវិតនាពេលកន្លងមក Hye Kyo ក៏បានតបថា៖ «ពិភពលោកទាំងមូលកំពុងឆ្លងកាត់ពេលលំបាកអំឡុងពេលនៃការរាតត្បាតនៃជំងឺ COVID-19។

សម្រាប់ខ្ញុំ ខ្ញុំរៀនយល់នូវបទពិសោធន៍ទាំងនេះ រៀនឲ្យតម្លៃអ្នកដែលការពារខ្ញុំ ហើយខ្ញុំជឿថា យើងនឹងឆ្លងផុតពេលលំបាកនេះជាមួយគ្នា អាស្រ័យលើភាពស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក។ ខ្ញុំក៏ជឿថាសេចក្ដីស្រឡាញ់ ការលះបង់ដើម្បីនរណាម្នាក់ពិតជាមានសារសំខាន់បំផុតនាពេលនេះ»។

ដោយសារតែព័ត៌មានចចាមអារ៉ាមជាច្រើនមកគ្របដណ្ដប់នាងជុំជិត Song Hye Kyo ក៏ចាប់ផ្ដើមចេះរៀនផ្ដោតទៅរកអ្វីដែលសំខាន់បំផុតក្នុងជីវិតនាង ក្នុងនោះមានគ្រួសារ មិត្តភ័ក្ដិ និងអ្នកណាដែលការពារនាង នៅក្បែរនាងមិនទៅណាក្នុងពេលដែលជីវិតនាងធ្លាលក់ក្នុងសភាពលំបាក៕

 

ដកស្រង់ពី៖ Sabay