បណ្តាញសង្គម

រឿង​ខ្មែរ​មួយ​រឿង​ល្បី​ថា​ល្អ​មើល នឹង​ឡើង​ផ្ទាំង​សំពត់​ស Major Cineplex by Smart ថ្ងៃ​នេះ

តាមដំណឹងពីការខាង Major Cineplex by Smart បានឲ្យដឹងថា ខាងរោងភាពយន្តបានដាក់បញ្ចេញភាពយន្តខ្មែរមួយរឿង ស្វាគមន៍ការបើកដំណើរការឡើងវិញនៅថ្ងៃនេះ ទុកជាកាដូសម្រាប់ប្រិយមិត្តអ្នកគាំទ្ររោងភាពយន្ត។

ភាពយន្តខ្មែរមួយរឿងនេះ មានចំណងជើងថា "ស្នាមញញឹមចុងក្រោយ" ជាវណ្ណកម្ម និងជាខ្សែភាពយន្តរសជាតិថ្មីរបស់ផលិតកម្ម LD។ កញ្ញា តាំង ហ៊ីហៅ ប្រធានគ្រប់គ្រងកម្មវិធីចាក់បញ្ចាំងភាពយន្តរបស់ Major Cineplex by Smart បានឲ្យដឹងថា "ស្នាមញញឹមចុងក្រោយ" គឺជាខ្សែភាពយន្តប្រភេទស្នេហាយុវវ័យ លើកដំបូងរបស់ LD ដែលកញ្ញា អះអាង មានភាពទាក់ទាញខ្លាំង។

"រឿងនេះ ខ្ញុំបានមើលហើយ បើតាមភ្នែកខ្ញុំ គឺល្អមើលណាស់!”។ ទន្ទឹមនឹងការគ្រោងឡើងលើផ្ទាំងសំពត់សរបស់រឿង "ស្នាមញញឹមចុងក្រោយ" ក៏មានដំណឹងថា LD គ្រោងនឹងធ្វើសន្និសីទកាសែតខ្លីមួយនៅរសៀលនេះ។ យ៉ាងខ្លឹមសារនៃសន្និសីទសារព័ត៌មាននេះ មានខ្លឹមសារយ៉ាងណា មិនទាន់ត្រូវបញ្ចេញឲ្យនៅឡើយ។

ក្រៅពីភាពយន្តខ្មែរតែមួយខាងលើ កញ្ញា ហ៊ីហៅ បញ្ជាក់នៅមានរឿងបរទេស២រឿងទៀត សុទ្ធជាល្អៗត្រូវចិត្តយុវវ័យ ក្នុងនោះមានភាពយន្តថៃរឿង "វិធីបំភ្លេច Ex” និងរឿងភ័យរន្ធត់របស់បរទេសមួយទៀត គឺរឿង "The Closet”។ ទាំង៣រឿង សុទ្ធជារឿងបំផុតតែម្ដង ដោយក្រៅពីនេះ Major Cineplex by Smart នៅមាន២រឿងផ្សេងទៀត ស្ថិតក្នុងកម្មវិធីពិសេស បញ្ចុះតម្លៃដើម្បីស្វាគមន៍ប្រិយមិត្តដូចគ្នាគឺរឿង "រថយន្តទៅប៊ូសាន" របស់កូរ៉េ និងរឿង "រាជនីបាយឆា" របស់ថៃ។

"រឿងទាំងពីរនេះ ជារឿងដែលយើងដាក់បញ្ចាំងមុនផ្ទុះខូវីដ ពោលគឺបញ្ចាំងបានតែ ៥ថ្ងៃ ក៏ផ្ទុះជំងឺតែម្ដង។ ហើយសុទ្ធជារឿងដែលមានអ្នកទស្សនាច្រើន អីចឹងយើងបន្តដាក់បញ្ចាំង ដោយបញ្ចុះតម្លៃត្រឹម ២ដុល្លារ គ្រប់ម៉ោងទាំងអស់!”។ កញ្ញា តាំង ហ៊ីហៅ ថ្លែង។

រោងភាពយន្ត Major Cineplex by Smart ទើបបានប្រកាសបើកដំណើរការឡើងវិញកាលពីល្ងាចម្សិលមិញ គឺតែប្រមាណ១ម៉ោងប៉ុណ្ណោះ ក្រោយពីរាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្ដែងសិល្បៈនានា។

ដំណឹងនេះ បានធ្វើឲ្យប្រិយមិត្ត Major Cineplex by Smart សប្បាយរីករាយជាខ្លាំង។ យុវជន តែ ស៊ិនដូណាល់ បានទៅដល់រោងភាពយន្តភ្លាមតែម្ដងនៅថ្ងៃនេះ។ ដូណាល់ បញ្ជាក់ថា រូបគេជាមនុស្សចូលចិត្តមើលកុនម្នាក់ ដូច្នេះហើយ រូបគេពិតជារីករាយណាស់ដែលរោងកុនអាចបើកឡើងវិញនាពេលនេះ។ ដូច្នេះទើបនាំវត្តមានរបស់ខ្លួន មកដល់ Major Cineplex by Smart ព្រឹកមិញនេះ។

ទស្សនិកជនម្នាក់ទៀត កញ្ញា រីដា បញ្ជាក់ថា រោងកុនជាកន្លែងដ៏ល្អមួយសម្រាប់កញ្ញា Relax បន្ទាប់ពីមមាញឹកក្នុងការងារផ្សេងៗ។ ដូច្នេះក្រោយពីទទួលដំណឹងថារោងកុនត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ កញ្ញារីករាយមែនទែន ហើយក៏បានដល់រោងកុនភ្លាមដូចដូណាល់ដែរ។

ទស្សនិកជនទាំងពីរនាក់បានបញ្ជាក់ថា ជាមួយនឹងការរីករាយក្រោយពេលរោងកុនបើកឡើងវិញ ពួកគេបញ្ជាក់ថា ក៏មិនភ្លេចពីការពារខ្លួនដែរ ព្រោះជាសុវត្ថិភាពរបស់ពួកគេផ្ទាល់ ក៏ដូចជាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ។ មិនត្រឹមតែអ្នកគាំទ្រ ដែលរីករាយ ប៉ុន្តែរោងភាពយន្តខ្លួនឯងក៏រីករាយដូចគ្នា។ យ៉ាងណា កញ្ញា ហ៊ីហៅ បញ្ជាក់ថា ទន្ទឹមនឹងការរីករាយ Major Cineplex by Smart ក៏យកចិត្តទុកដាក់ខ្លាំងលើវិធានសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល។

អ្នកគ្រប់គ្រងកម្មវិធីដដែលលើកឡើងថា "យើងមិនមានកម្មវិធីអ្វីពិសេសខ្លាំងលើកម្មវិធីបញ្ចាំងរបស់យើងទេ ព្រោះយើងគិតបំផុតពីវិធានសុវត្ថិភាព ពិសេសគឺការពាក់ម៉ាស យើងក៏បារម្ភ ហើយក្រសួងក៏បារម្ភខ្លាំងទស្សនិកជនគាត់មកមើលអត់ពាក់ម៉ាក់ អីចឹងហើយសូមផ្ដាំផ្ញើហើយផ្ដាំទៀតថា សូមពាក់ម៉ាកទាំងអស់គ្នា!”។

ក្រៅពីនេះ ប្រធានគ្រប់គ្រងកម្មវិធីរបស់ Major Cineplex by Smart បញ្ជាក់ថា រោងភាពយន្តបានរៀបចំរួចស្រេច នូវគម្លាតកៅអីសុវត្ថិភាព បូករួមទាំងទឹកអាល់កុលសម្រាប់លាងសម្អាតដៃផង ដែលប្រិយមិត្តអាចរកបានស្ទើរគ្រប់កន្លែងនៅក្នុងបរិវេណ និងខាងក្នុងរោងកុនតែម្ដង៕

ដកស្រង់ពី៖Sabay