បណ្តាញសង្គម

ឈិន​ មុន្នីនាថ កំពុងលួចហាត់តិចនិកមួយ​​ ដើម្បីឈោងចាប់អាជីពក្នុងក្ដីស្រមៃ

ភ្លាមៗក្រោយពីតារាសម្ដែងស្រី ឈិន មុន្នីនាថ បង្ហើបថារូបនាងចង់ក្លាយជាបុគ្គលជោគជ័យផ្នែកអាជីវកម្ម ឬជំនួញខ្នាតធំមួយនៅថ្ងៃអនាគត ស្រាប់តែពេលនេះនាងបានចេញមុខយ៉ាងសកម្មនៅលើបណ្ដាញសង្គមដើម្បីលក់ផលិតផល។

ឈិន មុន្នីនាថ បានប្រាប់ Sabay ក្នុងឱកាសដែលនាងចូលរួមក្នុងពិធីក្រុងពាលីថតរឿងភាគរបស់នាងមួយកាលពីពេលថ្មីៗនេះថា រវាងការងាររកស៊ី និងការងារសិល្បៈ គឺនាងស្រឡាញ់ការងាររកស៊ីច្រើនជាង ប៉ុន្តែមិនទាន់ដែលគិតថានឹងបោះបង់អាជីពសិល្បៈចោលនៅពេលណានៅឡើយទេ។

បច្ចុប្បន្ននាង គ្រាន់តែតាំងចិត្ដថា នឹងធ្វើឲ្យបានល្អ និងអស់ពីសមត្ថភាពលើអាជីពសម្ដែងសិន ហើយសល់ពេលប៉ុណ្ណាចាំទៅបង្កើនសមត្ថភាពរកស៊ី។ មុន្នីនាថ៖"ជំហានដំបូងនេះ ខ្ញុំអត់ទាន់ដឹងថាចាប់យកមុខជំនួញអីទេ តែឥឡូវយើងចាប់ផ្ដើមពីការរកស៊ីតិចតួចសិនដូចជាការលក់តាមអនឡាញ។

អា...បទពិសោធន៍ទាំងអស់ហ្នឹងហើយដែលខ្ញុំអាចឈានទៅចាប់មុខជំនួញធំណាមួយបាន"។ ឈិន មុន្នីនាថ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ៧ឆ្នាំដែលគិតមកដល់ពេលនេះមានរយៈពេល១១ឆ្នាំហើយ។ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងទើបតែត្រូវបានគេឯងស្គាល់ច្រើនក្នុងឆ្នាំ២០១៩ តាមរយៈរឿង "អ្នកម៉ាក់វ័យក្មេង" និងរឿងអប់រំខ្លីមួយចំនួនទៀត។

ក្នុងគ្រាដែលនាងមមាញឹកខ្លាំងទាំងក្នុងអាជីពសម្ដែង និងការរកស៊ីជាមួយបងប្អូននេះ នាងក៏មិនភ្លេចរៀនសូត្រពីល្បិចរកស៊ីពីមជ្ឈដ្ឋានជុំវិញខ្លួនដែរ។ បើតាមតារាសម្ដែងស្រីរូបនេះ ក្រៅពីការងារថតរឿងភាគ និងស្ពតពាណិជ្ជកម្មនាងបានឆ្លៀតពេលជួយលក់ផលិតផលជាមួយបងស្រីតាមអនឡាញដែរ។

ផលិតផលទាំងនោះត្រូវបាននាំចូលពីបរទេស និងចែកចាយបន្តនៅក្នុងស្រុកដោយទទួលបានការគាំទ្រច្រើនពីអតិថិជន ជាពិសេសអ្នកគាំទ្រនាង។ មុន្នីនាថថា នាងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើការរកស៊ី និងជឿជាក់លើខ្លួនឯងសិន ទើបចាប់ផ្ដើមមុខជំនួញមួយក្នុងក្ដីស្រមៃនោះ៕

 

 

ដកស្រង់ពី៖ Sabay