បណ្តាញសង្គម

សម័យ​កូវីដ​! យក្ស​ធ្លាប់តែ​មាន​មាឌធំ ​​ពោះ​ប៉ោង​ ស្រែក​រង្គើឆាក ត្រូវ​ស្វិត​ពោះ​អស់​

រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលជំងឺកូវីដ-១៩បានឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជានិងនៅពិភពលោកនោះ

សកម្មភាពសម្តែងសិល្បៈ នានាក្នុងនោះទាំងការចេញសម្តែងល្ខោនបាសាក់ផងបានផ្អាកសកម្មភាពស្ទើរទាំងស្រុង ។ ក្នុងស្ថានភាពបែបនេះយក្សដែលធ្លាប់តែមានមាឌធំ ក្បាលពោះប៉ោងធំ ស្រែករង្គើឆាក ត្រូវស្វិតពោះដោយសារជំងឺមួយនេះផងដែរ ។

អាចថាវាជារឿងអស់សំណើច ប្រសិនបើគេប្រៀបធៀបទៅលើតួអង្គយក្ស ដែលតំណាងឲ្យសភាវៈអាក្រក់ មិនខ្លាចនរណាទាំងអស់នោះ បែរជាចាញ់ឥទ្ធិពលជំងឺកូវីដ ។ ជំងឺកូវីដមិនខ្លាចអ្នកណាម្នាក់ឡើយ សូម្បីតែយក្សក៏វាអាចចម្លងបានដែរ ដែលនាំឲ្យយក្សមិនអាចចេញទៅណា សម្ងំតែនៅក្នុងផ្ទះ មិនបានសម្ដែង បាត់ចំណូល ប៉ះពាល់ជីវភាពរស់នៅ ។

ជាតួអង្គយក្សម្នាក់ក្នុងវង់ល្ខោនរបស់លោកអុល សំអាង កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា នៅក្នុងរដូវកាលនៃជំងឺកូវីដវង់ល្ខោនមិនបានចេញសម្តែងមួយរោងណាឡើយ ពោលគឺផ្អាក និងលើកចោលការសម្តែងប្រមាណជា២០ទៅ៣០រោងមកហើយ បើគិតរយៈពេលជាង២ខែចុងក្រោយនេះ ។

មុនមានការរីករាលដាលជំងឺកូវីដនេះវង់ល្ខោនរបស់លោកបានចេញសម្តែងជាបន្តបន្ទាប់ ហើយសម្រាប់តួអង្គយក្សដូចជារូបលោកនោះគឺទទួលបានកម្រៃក្នុងមួយរោងចាប់ពីជាង១០មុឺនរៀលឡើងទៅ ដោយគិតតាមទីជិត និងឆ្ងាយ ។ តួយក្សរូបនេះនិយាយថា «តម្លៃនេះគឺអាចជួយសម្រាលជីវភាពរបស់ខ្ញុំបានមួយផ្នែកផងដែរ ហើយវាអាចទទួលបានច្រើននៅពេលដែលយើងទទួលបានការសម្តែងច្រើន ។

មកទល់សម័យកូវីដនេះខ្ញុំក៏បានជួបនូវបញ្ហាជីវភាពយ៉ាងខ្លាំង ដោយសារមិនមានរោងចេញសម្តែង ពោលខ្ញុំទទួួលបានការហៅថតតិចតួចតាមកម្មវិធីមួយចំនួន ខណៈក្រៅពីនោះគឺមិនមានអ្វីទាំងអស់ វាហាក់ដូចស្លាប់ទីផ្សារសម្តែងតែម្តង ។ ទោះជាយ៉ាងណាក្ដីខ្ញុំរំពឹងថា ក្រោយពីជំងឺកូវីដថមថយ ឬការបាត់ទៅវិញនោះ ខ្ញុំអាចនឹងមានរោងសម្តែងឡើងវិញ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះបច្ចុប្បន្នការសម្តែងល្ខោននេះគឺជាផ្នែកសំខាន់ផងដែរ ក្នុងការដោះស្រាយជវិភាពគ្រួសារ»។

លោកអុល សំអាង ប្រធានក្រុមល្ខោនបាសាក់មហាជនអុល សំអាង រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺ COVID-19 វង់ល្ខោនរបស់លោកត្រូវបានគេលើកពេលនៃការសម្តែងប្រមាណជិត៣០រោង ខណៈពេលដែលចំនួនដែលនៅសេសសល់កំពុងតែស្ថិតនៅក្នុងការពិចារណានៅឡើយពីម្ចាស់កម្មវិធី ។

យ៉ាងណាចំពោះការអាក់ខាននៃការសម្តែងនាពេលនេះ លោកមិនមានចិត្តទោមនស្ស និងខឹង ឬត្អូញត្អែរអ្វីនោះឡើយ ដោយសារតែនេះជាការសម្រេចចិត្តពីម្ចាស់កម្មវិធី ហើយនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ។

លោកបន្តថា «យើងបានគិតពីសុខភាពអ្នកសិល្បៈយើង បើទោះបីយើងដឹងថា ពួកគាត់មានជីវ ភាពខ្វះខាត ហើយមិនបានសម្តែងរកកម្រៃ តែបើយោងទៅតាមស្ថានការរបស់សង្គម និងវិធាន ការរបស់រដ្ឋាភិបាល គឺយើងត្រូវតែអនុវត្ត ព្រោះវិធានការនេះមិនមែនតែកម្ពុជានោះទេ គឺទូទាំងពិភពលោក ដែលមានមេរោគកូវីដ១៩ រីករាលដាលនេះ»៕

ដកស្រង់ពី៖ កោះសន្ដិភាព