បណ្តាញសង្គម

ទឹក​ជំនន់​កំពុង​យាយី​ខ្លាំង តន់ ច័ន្ទសីម៉ា ចេញ​បទ​លើក​ចិត្ត​ទ័ព ត្រូវ​ប្រិយមិត្ត​ពោល​សរសើរ​ខ្លាំង

ទឹកជំនន់ បាន និងកំពុងយាយីកម្ពុជាបង្កឲ្យការលិចលង់ផលដំណាំ ផ្ទះសម្បែង ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងវេលានេះ

គេឃើញបងប្អូនកងកម្លាំងស្ទើរគ្រប់ផ្នែក បានចេញជួយប្រជាពលរដ្ឋទប់ទល់នឹងគ្រោះវារីភ័យនេះយ៉ាងសស្រាក់សស្រាំ។ ឃើញពីពលិកម្មនេះ ផលិតកម្ម Galaxy ម្សិលមិញនេះបានបញ្ចេញបទចម្រៀងបន្ទាន់មួយឲ្យ តន់ ច័ន្ទសីម៉ា ច្រៀងឆ្លុះបង្ហាញពីពលិកម្មដ៏គួរឲ្យកោតសរសើរនៃបងប្អូនកងកម្លាំងក្នុងវេលាដ៏លំបាកនេះ។ បទនេះមានចំណងជើងថា "ទឹកចិត្តកងទ័ព" អមជាមួយបទភ្លេងលន្លង់លន្លោចឆក់បេះដូង។

ប្រិយមិត្តបានសរសើរថា បទនេះពីរោះ និងបានផ្ដល់ការលើកតម្លៃ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនកងកម្លាំងខ្លាំងក្នុងពេលពួកគេ បានសុខចិត្តលះបង់ក្ដីសុខផ្ទាល់ខ្លួន ចាកចោលផ្ទះ និងក្រុមគ្រួសារប្រពន្ធកូន មកប្ដូរនឹងក្ដីសុខរបស់បងប្អូនប្រជាពលរដ្ឋ១នគរ ពោលគឺនៅពេលប្រទេសមានសង្គ្រាម ពួកគេលះបង់ជីវិតទៅច្បាំងទប់ទល់នឹងសត្រូវឈ្លានពាន។

លុះពេលប្រទេសជួបគ្រោះផ្សេងៗ ដូចជាគ្រោះទឹកជំនន់នាពេលនេះ ពួកគេនៅតែមិនអាចសម្រាកសម្រាន្តនៅផ្ទះឲ្យបានស្រួលខ្នងដែរ។ ពលិកម្មរបស់បងប្អូនកងកម្លាំងនាពេលនេះ ប្រិយមិត្តគ្រប់គ្នាបានឃើញស្រាប់ហើយ!

តោះ...ទស្សនា និងឈ្វេងយល់ពីពលិកម្មបងប្អូនកងកម្លាំងទាំងអស់គ្នា!!!

 

ដកស្រង់ពី៖ Sabay