បណ្តាញសង្គម

លេច​មុខ កូន​ខ្មែរ​កាត់​សាំងហ្គាពួ​ម្នាក់ ផ្ដើម​អាជីព​ដើរ​ម៉ូត​ក្នុង​ក្រុម Perfect-10

យុវតីវ័យ១៦ឆ្នាំដែលជាកូនខ្មែរកាត់សាំងហ្គាពួ Grace Lin បានបង្ហាញមោទនភាពដែលខ្លួនមានចំណេះដឹង បទពិសោធន៍ និងទំនុកទុកចិត្តកាន់តែខ្ពស់

ដើម្បីឈានទៅចាប់អាជីពដើរម៉ូត និងក្លាយជាផលិតករភាពយន្តល្បីឈ្មោះមួយរូប ក្រោយពីនាងបានសម្រេចចិត្តចូលក្នុងក្រុម Perfect 10 ជាង៣ខែ។ Grace Lin និយាយថា វាពិតជាមានការលំបាកណាស់សម្រាប់រូបនាងក្នុងការប្រឡូកក្នុងអាជីពដើរម៉ូតដំបូង ប៉ុន្តែPerfect10 បានជំរុញ និងលើកទឹកចិត្តនាងរហូតនាងក្លាយជាមនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងមានឱកាសបានជួបតារាម៉ូដែលថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតផង។

ក្នុងរយៈពេលបីខែដែលរូបនាង បានប្រឡូកចូលក្នុងសិល្បៈបង្ហាញម៉ូតដោយធ្វើជាតារាម៉ូដែលក្នុងក្រុមPerfect 10 ក៏បានធ្វើឲ្យនាងមានឱកាសកាន់តែច្រើនក្នុងការចាប់យកអាជីពដើរម៉ូត និងផលិតករភាពយន្ដដែលជាក្ដីប្រាថ្នារបស់នាងជាយូរមកហើយនោះ។

Grace Lin បញ្ជាក់ថា បច្ចុប្បន្នរូបនាងមានបទពិសោធន៍ដើរម៉ូត ផលិតភាពយន្ត អ្នករៀបចំឆាកសម្ដែង និងជាអ្នកថតរូប ប៉ុន្តែអ្វីដែលនាងពេញចិត្តខ្លាំងជាងគេនោះ គឺចង់ក្លាយជាតារាម៉ូដែល និងផលិតករភាពយន្ត។ នាងអគុណដល់ក្រុមPerfect 10 ដែលបានដុសខាត់បន្ថែមនូវជំនាញរបស់នាងទាំងអស់នេះ៕

ដកស្រង់ពី៖ Sabay