បណ្តាញសង្គម

បាត់​មុខ​យូរ​រហូត​ឡើង​គីឡូ​មើល​មិន​ចង់​ស្គាល់ ឥឡូវ​ឮ​ថា ឌុច សុភា វិល​ត្រឡប់​មក​ការ​សម្ដែង​វិញ​ហើយ!

ឌុច សុភា ដែលអតីតជាតារាស្រីកំពូលមួយរូបនោះ បានចាកឆ្ងាយពីការងារសិល្បៈច្រើនឆ្នាំមកហើយ

ក្នុងទាំងការសម្ដែង ឬក៏ចូលរួមកម្មវិធីសិល្បៈនានា ក៏នាងមិនសូវបានឃើញមុខនោះដែរ ឥឡូវនេះមានដំណឹងថា តារាស្រីទម្រង់មុខមានមន្តស្នេហ៍រូបនេះ បានវិលត្រឡប់មកការសម្ដែងវិញហើយ។ តម្រុយនេះ ក្រោយពីគេបានឃើញនាងបានបង្ហាញខ្លួននៅក្នុងការសម្ដែងមួយយ៉ាងកម្រ។

រូបភាពស្ដីពីសកម្មភាពរបស់ សុភា ត្រូវបានគេឃើញចែកចាយនៅលើទំព័រហ្វេសប៊ុក និងគណនី IG របស់កញ្ញា ទឹម រដ្ឋា ធ្វើឲ្យមានការចាប់អារម្មណ៍។ ប្រិយមិត្តមួយចំនួនបានពោលឡើងថា រូបគេខានមុខ ឌុច សុភា យូរហើយ ឯអ្នកខ្លះទៀតក៏ចោទសួរ អំពីការលេចវត្តមានរបស់នាងនាពេលនេះ ថាតើជាការវិលត្រឡប់មកការសម្ដែងឬយ៉ាងណា? ទោះយ៉ាងនេះក្ដី គេមិនឃើញសាមីខ្លួន ឬក៏ភាគីណាផ្សេងបានស្រាយចម្ងល់ប្រិយមិត្តចំពោះរឿងនេះនោះទេ។

ប៉ុន្តែគេជឿថា សុភា ទំនងជាវិលវិញមែន ក្រោយពីនាងបានឃ្លាតឆ្ងាយពីការសម្ដែងអស់រយៈពេលដ៏យូរ។ ចំពោះបញ្ហានេះ សាមីខ្លួនតារាស្រី មិនទាន់អាចសុំការអធិប្បាយបាននៅឡើយទេ។

ប៉ុន្តែដៃគូម្នាក់ដែលមានវត្តមាននៅក្នុងរូបភាពជាមួយគ្នា គឺកញ្ញា ទឹម រដ្ឋា បានគូសបញ្ជាក់ពីរឿងនេះ។ តាម រដ្ឋា បានឲ្យដឹងថា ឌុច សុភា ពិតជាវិលមកការសម្ដែងវិញមែន ហើយរូបភាពដែលឃើញនាង និង សុភា ថតរួមគ្នានោះ គឺជាសកម្មភាពរបស់ពួកនាងក្នុងការថតភាពយន្តជាមួយគ្នា ដែលរឿងនោះមានចំណងជើងថា "ម្ដាយ ២"។ រដ្ឋា មិនបានបញ្ជាក់បន្ថែមឡើយថា រឿងនេះផលិតដោយអ្នកណា ថតចប់ពេលណា ដាក់បញ្ចាំងពេលណា និងសូម្បីតែនាង និង សុភា សម្ដែងជាតួអ្វី ក៏តារាស្រីខ្ពស់ស្រឡះរូបនេះ មិនបានទម្លាយដែរ។

ឌុច សុភា បានបាត់មុខជាច្រើនឆ្នាំណាស់មកហើយ ពោលគឺតាំងពីអំឡុងឆ្នាំ ២០១៤-២០១៥ ក្រោយពីនាងបានចូលរួមសម្ដែងក្នុងបទ "Call មកបង ម៉េចសុំលេខគេ" របស់លោក ព្រាប សុវត្ថិ។ ក្រោយមក នាងក៏បានវិលត្រឡប់មកការសម្ដែងជាថ្មីនៅអំឡុងឆ្នាំ ២០១៨ ដោយសម្ដែងជាតួអង្គនៅក្នុងរឿង "ផ្កាថ្ម" របស់ទូរទស្សន៍ហង្សមាស។ បន្តមកទៀត នាងក៏បានស្ងប់ស្ងាត់ជាថ្មី។

អំឡុងពេលបាត់មុខនេះ យូរៗម្ដងគេឃើញនាង បញ្ចេញរូបភាពស្ដីពីជីវិតឯកជនរបស់នាងនៅលើគណនី IG។ ចំណុចចាប់អារម្មណ៍ សុភា បានបង្ហាញឲ្យឃើញពីប្រែប្រួលរូបរាងស្ទើរមិនគួរជឿ ដោយគេឃើញនាងឡើងគីឡូច្រើន ដល់ថ្នាក់មើលមិនចង់ស្គាល់។

ប៉ុន្តែវិលមកការបង្ហាញមុខជាថ្មីនេះ គេឃើញថា សុភា បានមកជាមួយនឹងភាពស្រស់បំព្រងជាថ្មី ពោលគឺ ស្ថានភាពឡើងគីឡូធាត់ទ្រលុកទ្រលន់កាលពីពេលមុននោះ នៅពេលនេះ គឺលែងមានហើយ។ដូច្នេះហើយ ប្រិយមិត្តនៅតែសរសើរថា តារាស្រីរូបនេះ នៅតែមានសម្រស់ស្អាត និងពោរពេញដោយមន្តស្នេហ៍ដដែល៕

ដកស្រង់ពី៖ Sabay