បណ្តាញសង្គម

អតីត​បវរកញ្ញា​អង់គ្លេស​ចង់​​ផ្ដោត​លើ​វិទ្យា​សាស្ត្រ​ដឹកនាំ​ការ​ស្រាវជ្រាវ​លើ​កូវីដ

ប្រទេសអង់គ្លេស ៖ អតីតបវរកញ្ញាអង់គ្លេសនាងCARINA TYRRELL បានសម្រេចចិត្តផ្ដោតលើវិទ្យាសាស្ត្រ ហើយក្នុងឆ្នាំ២០២០បានដឹកនាំការស្រាវជ្រាវ លើវីរុស COVID-19 នៅសាកលវិទ្យាល័យOXFORD។

ពិតណាស់អតីតស្រីស្អាតអង់គ្លេសនេះ បានប្រកាន់យកវិស័យវិទ្យាសាស្ត្រ ជាអាជីព។ ស្ដ្រីវេជ្ជបណ្ឌិតអាយុ៣១ឆ្នាំរូបនោះ ស្ថិតក្នុងក្រុមសាកលវិទ្យាល័យOXFORD ដែលខិតខំប្រឹងប្រែងត្រួតពិនិត្យវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ថា តើពិតជាមានប្រសិទ្ធភាព គ្រប់គ្រាន់? ដើម្បីអាចប្រើប្រាស់គ្រប់ទិសទីលើពិភពលោក។

ក្រុមរបស់នាងទទួលបន្ទុកធ្វើការលើបណ្ដាវ៉ាក់សាំង ទាំងរបស់ក្រុមហ៊ុនPFIZER MODERNA និង OXFORD ASTRAZENECA។ បវរកញ្ញាអង់គ្លេសឆ្នាំ២០១៤រូបនោះ ទើបធ្វើបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្ដីDAILY STAR និងបានថ្លែងថា ការងាររបស់នាងគឺធានាថា គ្មានមនុស្សណាម្នាក់ជួបគ្រោះថ្នាក់ដោយសារការប្រើវ៉ាក់សាំងប្រឆាំងវីរុសCOVID-19។

នាង CARINA TYRRELL បន្តថា ខ្ញុំបានពិនិត្យ គ្រប់វ៉ាក់សាំងជាមួយក្រុមខ្ញុំ ហើយយើងចេញផ្សាយពីការងារមួយ កាលពីប៉ុន្មានខែមុននេះ។ ពេលនោះយើងបានពិនិត្យលើការសិក្សាចំនួន៧២៨។ យើងបានពិនិត្យវ៉ាកសាំង PFIZER MODERNA និង OXFORD ASTRAZENECA។

ខ្ញុំសិក្សាបណ្ដាវ៉ាក់សាំងនិងការសាកល្បងគ្លីនិក ដើម្បីប៉ុនប៉ងកំណត់វ៉ាក់សាំងណាដែលមានភាពប្រាកដប្រជាជាងគេ។ នោះជាអាជីពមួយដែលខ្ញុំ ចាប់អារម្មណ៍ខ្លាំងក៏ទោះបីក្រោយការដណ្ដើមបានមកុដបវរកញ្ញាអង់គ្លេសខ្ញុំមិនបានគិតដល់ការស្រាវជ្រាវបែបនេះក្ដី។

ទោះបីជាត្រូវធ្វើការដោយស្វិតស្វាញ និងព្យាយាមខ្លាំងក្ដីតែនាងCARINA TYRRELLថ្លែងថា នាងនៅតែគាំទ្រជានិច្ចចំពោះការប្រឡងបវរកញ្ញាពិភពលោក និងបវរកញ្ញាអង់គ្លេស៕ 

 

 

 

 

 

ដកស្រង់ពី៖ កោះសន្ដិភាព