បណ្តាញសង្គម

YouTube ​លុប​​វីដេអូ​ចាស់​និង​ផ្អាក​វីដេអូ​ថ្មី​របស់​ ​ដូណាល់ ត្រាំ​ ​ដែល​ចង់​ផុស

YouTube បានសម្រេចលុបចោលនូវវីដេអូថ្មីមួយដែលអាប់ឡូតដោយ គណនីផ្លូវការប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ ដូណាល់ ត្រាំ ល្មើសនឹងគោលការណ៍ក្រុមហ៊ុនធ្លាប់បានចែងកន្លងមក។

លើសពីនេះទៀត គណនី YouTube ផ្លូវការនោះក៏កំពុងស្ថិតក្នុងរ៉ាដា ដែលអាចនឹងបិទរាល់ការអាប់ឡូតវីដេអូថ្មីៗយ៉ាងតិចមួយសប្ដាហ៍ ឬលើសនេះថែមទៀតផង ស្របពេលឥឡូវនេះសូម្បីតែការ comment ពីសំណាក់ឈ្មោះ Donald J. Trump ក៏មិនអាចឆ្លើយតបនិងមើលឃើញបានដែរ។

YouTube បានចេញសេក្តីប្រកាសបែបនេះថា៖ "បន្ទាប់ពីការផ្ទៀងផ្ទាត់(review) ដោយយកចិត្តទុកដាក់ និងការព្រួយបារម្ភអំពីការបង្កហិង្សាផងនោះ។ ពួកយើងសម្រេចលុបចោលនូវវីដេអូថ្មីដែលអាប់ឡូតដោយគណនីលោក Donald J. Trump ។

ជាលទ្ធផល ជាមួយនឹងប្រព័ន្ធ Long-Standing Strike System ឆាណែលនោះ កំពុងត្រូវបានផ្អាកការផុសវីដេអូ ឬផ្សាយផ្ទាល់ (livestreams) យ៉ាងតិច ៧ ថ្ងៃ ឬលើសពីនេះ។”ចំណាត់ការខាងលើនេះ មិនធ្វើឡើងតែចំពោះបុគ្គលលោកត្រាំតែម្នាក់នោះទេសូម្បីតែឆាណែលផ្លូវការ White House’s official ក៏ធ្វើដូចគ្នានេះដែរ។

ក្នុងនោះមានវីដេអូ ២ ដែលបានដកចេញរួចហើយ។ វីដេអូមួយការនិយាយរបស់លោក ត្រាំ ទៅកាន់អ្នកសារព័ត៌មាន និងមួយទៀតជាវីដេអូនិយាយអំពីបញ្ហាជញ្ជាំងព្រំដែនអាមេរិក-ម៉ិចសិក។

ជម្រាបជូនផងដែរ តាំងពីមានការលុកលុយវិមានកាពីតូលដ៏សាហាវដោយអ្នកគាំទ្រលោកត្រាំ មានប្រដាប់អាវុធ និងហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សានៅពេលថ្មីៗនេះ គណនីស្ទើរតែទាំងអស់របស់ ត្រាំ ត្រូវបានបិទ ដែលមានដូចជា Twitter, Facebook, WhatApp, Instagram ជាដើម៕

ដកស្រង់ពី៖sabay