បណ្តាញសង្គម

ផ្ទុះព្រឹកនេះ តារាសម្ដែង អាង សុជាតា ភ្ជាប់ពាក្យជាមួយតារាចម្រៀង សំ សុវណ្ណារ៉ាក់?

នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះហ្វេនៗតារាវ័យក្មេងពីរដួង គឺតារាសម្ដែងស្រី អាង សុជាតា និងតារាចម្រៀងប្រុស សំ សុវណ្ណារ៉ាក់។

ការភ្ញាក់ផ្អើលបង្កប់នូវចម្ងល់ជាច្រើនថា"វាជាការពិត ឬគ្រាន់តែជាការសម្ដែង" ក្រោយពីតារាទាំងពីដួងនេះបញ្ចេញរូបថតភ្ជាប់ពាក្យជាមួយគ្នាកាលពីយប់មិញ។ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា អាង សុជាតា និងលោក សំ សុវណ្ណារ៉ាក់ សុទ្ធតែបានបង្ហោះនូវរូបថតស្លៀកឈុតភ្ជាប់ពាក្យអង្គុយនៅចំពីមុខថង់រង ស្លាព័ន្ធម្លូព័ន្ធ ហើយបានភ្ជាប់នូវសារស្រដៀងគ្នាថា"ល្ងាចនេះ ជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីរនាក់ សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក"។

ប្រិយមិត្តជាច្រើនបានចូលមកសរសេរអបអរ គូស្នេហ៍វ័យក្មេងចំពោះវេលាពិសេសនេះ ប៉ុន្តែមួយចំនួននៅមានចម្ងល់ចំពោះរូបភាពទាំងឡាយដែលលេចឡើង។ ប្រិយមិត្តមិនតិចទេ បានចោទជាសំណួរក្នុងន័យថា តើនេះ គឺជាការការពិតឬយ៉ាងណា ដែលថា តារាប្រុសស្រីមួយគូនេះ នឹងចាប់ដៃកសាងអនាគតជាមួយគ្នា ខណៈមួយចំនួនក្នុងចំណោមនេះ ពួកគេសង្ស័យថា នេះអាចគ្រាន់ជាការសម្ដែងនៅក្នុងស្ប៉តពាណិជ្ជកម្ម ឬវីដេអូចម្រៀងណាមួយប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ មិនទាន់មានព័ត៌មានផ្ទៀងផ្ទាត់បាននៅឡើយ ដោយសារនៅហ្វេសប៊ុករបស់ សាមីខ្លួនទាំងពីរ បានស្រុះគ្នាមិនឆ្លើយតបនឹងការចោទសួររបស់អ្នកគាំទ្រជាច្រើននោះឡើយ។ បន្ថែមពីលើនេះ អ្នកនាង ស៊ឿន ផាភួង ដែលជាម្ដាយ ក៏បានបង្ហោះរូបភាពពួកគេទាំងពីរដែរ ប៉ុន្តែក៏មិនបានឆ្លើយតបទៅនឹង Comment របស់អ្នកគាំទ្រ ដែលព្យាយាមរកការពិតក្នុងរឿងនេះដែរ។

ក្រុមការងារ Sabay ក៏មិនទាន់អាចទាក់ទងពួកគេ ដើម្បីស្រាយឲ្យអស់ចម្ងល់បានដូចគ្នាគិតមកដល់ម៉ោង១០ ព្រឹកថ្ងៃទី១៣ ខែមករា នេះ៕

 

 

 

 

ដកស្រង់ពី៖ Sabay