បណ្តាញសង្គម

មានបន្ទះឈីបមួយនេះ មេរោគចាប់ជំរឹត Ransomware លែងហ៊ានចូលក្បែរហើយ

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី intel និង ក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខតាមអ៊ីនធឺណិត Cybereason បានចាប់ដៃគ្នាបង្កើតបន្ទះឈីបថ្មី Core vPro ជំនាន់ទី១១ ដែលមានសមត្ថភាពអាចទប់ស្កាត់មេរោគចាប់ជំរឹត Ransomware បាន។

ការពង្រឹងសមត្ថភាពលើសុវត្ថិភាព Hardware នេះនឹងត្រូវដាក់បញ្ចូលទៅក្នុង Platform របស់បន្ទះឈីប Intel vPro ដែលឈីបនេះជារនាំងការពារគ្រឿងបង្គុំផ្នែករឹង និងជាបច្ចេកវិទ្យាចាប់សញ្ញាការគំរាមគំហែងពីពពួកមេរោគ (TDT) ហើយជាពិសេសនោះដើម្បីឱ្យវាអាចតាមដានដឹងមេរោគចាប់ជំរឹត Ransomware និងការគំរាមកំហែងផ្សេងទៀតដែលអាចជះឥទ្ធិពលអាក្រក់លើ CPU របស់កុំព្យូទ័រ។

ដោយសារបន្ទះឈីបនេះប្រើបច្ចេកទេសការពារជាច្រើនស្រទាប់ (multi-layered protections) របស់ Cybereason និងប្រើបច្ចេកវិទ្យាចាប់សញ្ញាការគំរាមគំហែងពីពពួកមេរោគ (TDT) របស់ intel ផងនោះ នឹងធ្វើឱ្យវាមានលទ្ធភាពខ្ពស់ក្នុងការតាមដានដឹងមេរោគយ៉ាងរហ័ស ដើម្បីទប់ស្ដាត់ទាន់ពេល មុន Hacker ធ្វើការជំរឹតទារប្រាក់លើទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយប្រើបច្ចកទេស Encrypted ឬផ្ទេរឯកសាររបស់អ្នកចេញទៅក្រៅទាន់ពេល។

Cybereason បាននិយាយថា ការសហការរកដំណោះស្រាយរួមគ្នានេះ ជាចំណុចផ្តើមពិសេសមួយ ដោយអាចឱ្យផ្នែករឹងរបស់កុំព្យូទ័រដើរតួនាទីដោយផ្ទាល់ក្នុងការការពារពពួកមេរោគ ដែលប្រសើរជាងការប្រើកម្មវិធីមានតម្លៃថ្លៃៗមកទប់ស្កាត់ជំនួស។គួរបញ្ជាក់ផងដែរថា បន្ទះឈីបដែលនឹងប្រើសម្រាប់ម៉ាស៊ីនកុំព្យូទ័រ ប្រភេទ Business Notebooks នេះ កំពុងមានវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិព័ណ៌បង្ហាញគ្រឿងអេឡិចត្រូនិក CES ២០២១៕

ដកស្រង់ពី៖sabay