បណ្តាញសង្គម

សិស្ស​វិស្វករ ២ នាក់ ធ្លាប់បោក Apple បាន​ជិត​ ១ លានដុល្លារ ដោយប្រើល្បិចនេះ

សិស្សផ្នែកវិស្វករសញ្ជាតិចិនពីររូប នៅក្នុងរដ្ឋ Oregon ត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ Apple បានលុយខ្ទង់សែនដុល្លារ ដោយប្រើវិធីសាស្ត្រប្ដូរ iPhone ថ្មី ហើយពេលនេះពួកគេប្រឈមមុខនឹងបទឧក្រិដ្ឋក្នុងតុលាការសហព័ន្ធ។

ចាប់តាំងពីឆ្នាំ ២០១៧ បុរសជាប់ចោទទាំងពីរ បានគេចពន្ធ iPhone ក្លែងក្លាយជាច្រើនពាន់គ្រឿងពីប្រទេសចិន ចូលមកទឹកដីសហរដ្ឋអាមេរិក ហើយបានផ្ញើទៅឲ្យ Apple ដើម្បីធ្វើការជួសជុល ឬប្ដូរថ្មីតែម្ដង ដោយអះអាងថា iPhone ក្លែងក្លាយទាំងនោះបើកមិនចេញ។

ក្នុងករណីជាច្រើន Apple បានប្ដូរ iPhone ក្លែងក្លាយជាមួយ iPhone ពិតប្រាកដ ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់អស់ប្រមាណ ៨៩៥ ៨០០ ដុល្លារឯណោះ។ បុរសទាំងពីរនាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Yangyang Zhou និង Quan Jiang។

Yangyang Zhou ទើបតែបញ្ចប់ការសិក្សាផ្នែកវិស្វកម្មនៅសកលវិទ្យាល័យ Oregon State University ដែលជាអ្នកនាំ iPhone ក្លែងក្លាយទៅសហរដ្ឋអាមេរិក និងជាផ្ញើ iPhone ពិតដែលបានពី Apple ទៅកាន់ប្រទេសចិន។ចំណែក Quan Jiang ជានិស្សិតវិស្វកម្មនៅ Linn Benton Cummunity College ដែលមានតួនាទីយកiPhone ក្លែងក្លាយទៅកាន់ Apple តាមរយៈអនឡាញ និងទៅដោយខ្លួនឯងផ្ទាល់។

ក្រោយពី iPhone ពិតត្រូវនាំយកទៅប្រទេសចិនលក់ហើយ លុយដែលលក់បាន បានផ្ទេរទៅកាន់គណនីម្ដាយរបស់ Jiang ដែលក្រោយមកត្រូវដាក់ចូលគណនីរបស់ Jiang ផ្ទាល់ដែលប្រើនៅសហរដ្ឋអាមេរិក។

ផ្អែកតាមពាក្យបណ្ដឹងរបស់សហព័ន្ធ ទាំង Jiang និង Zhou បានអះអាងថាមិនបានដឹងថា iPhone ដែលពួកគេនាំមកជាផលិតផលក្លែងក្លាយនោះទេ។ ជនទាំងពីរនេះកំពុងស្ថិតនៅក្រៅការឃុំឃាំង ប៉ុន្តែ Jiang ដែលរងការចោទប្រកាន់តាំងពីឆ្នាំ ២០១៨ ត្រូវតាមដានដោយឧបករណ៍ GPS។

ក្រសួងសន្តិសុខអាមេរិកបានពន្យល់ថា ការបោកប្រាស់នេះអាចកើតមានឡើង ក៏ដោយសារតែបុគ្គលិក Apple Store មិនអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ផលិតផលថាពិតឬមិនពិត ដោយសារមិនអាចចុចបើកបាន។

មួយវិញទៀតគឺ Apple មិនទាមទារឲ្យមានវិក្កយបត្រទិញ ដើម្បីប្ដូរ iPhone នោះឡើយ។ Jiang រងការចោទប្រកាន់ថាបានយក iPhone ក្លែងក្លាយចំនួន ៣ ០៦៩ គ្រឿង ឲ្យ Apple ត្រួតពិនិត្យ ហើយលទ្ធផល Apple បានប្ដូរ iPhone ថ្មីឲ្យចំនួន ១ ៤៩៣ គ្រឿង។

ក្នុងតម្លៃប៉ាន់ស្មាន ៦០០ ដុល្លារសម្រាប់ iPhone មួយគ្រឿង នោះ Apple បានបាត់បង់ប្រមាណ ៩០០ ០០០ ដុល្លារ ពីការបោកប្រាស់នេះ៕

ដកស្រង់ពី៖sabay