បណ្តាញសង្គម

សប្បាយ​ចិត្ត​អី​យ៉ាង​នេះ! ដួង ម៉ានិច បញ្ចេញ​វីដេអូ​រាំ​លោតកញ្ឆេង និងគ្រវីក្បាល​ស្ទើរ​ដាច់​នៅ​ក្នុង​បន្ទប់​

តារាសម្ដែងស្រី ដួង ម៉ានិច បង្កើតភាពភ្ញាក់ផ្អើលមួយដល់មហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនតាមរយៈសកម្មភាពដ៏ចម្លែក។

នៅក្នុងវីដេអូដែលបញ្ចេញដោយនាងផ្ទាល់តាមបណ្ដាញសង្គមInstagram កាលពីថ្ងៃម្សិលម្ង៉ៃ គេឃើញនាងនៅក្នុងបន្ទប់មួយជាមួយកញ្ញាជីមី ហើយនាងបានឈរាំគ្រលែងចង្កេះ ព្រមទាំងគ្រវីក្បាលស្ទើរដាច់តាមចង្វាក់ភ្លេងចាក់តាមទូរស័ព្ទ។ តាមរយៈសកម្មភាពនេះ បានធ្វើឲ្យអ្នកគាំទ្រខ្លះនិយាយថា ម្ដងនេះម៉ានិចសប្បាយលើសពីពាក្យចាស់លោកពោលថា"សប្បាយផ្ដាំចាស់" ទៅទៀត"។

រីឯម៉ានិចខ្លួនឯង ក៏និយាយអមនឹងវីដេអូនោះតាមបណ្ដាញសង្គមថា៖"បានឃើញVideo ខ្លួនឯងហើយ"។ គិតត្រឹមរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ Sabay មិនទាន់អាចទាក់ទងតារាស្រីរូបនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើវីដេអូដែលបានបញ្ចេញនេះទេ។

ប៉ុន្តែតាមរយៈវីដេអូនោះ គេឃើញមានវត្ដមានកញ្ញា ដួង ម៉ានិច និងកញ្ញា ជីមមី ព្រមទាំងមិត្តភ័ក្ដិម្នាក់ទៀតជុំគ្នានៅតុអាហារមួយដោយបានដាក់ទូរស័ព្ទចាក់បទញាក់ ហើយនាង និងជីមមី បានរាំតាមចង្វាក់ភ្លេង តែមានតែដួង ម៉ានិច ប៉ុណ្ណោះដែលក្រោកពីកៅអី ហើយរាំចាក់ក្បាច់មួយទំហឹងមនុស្សចាស់តែម្ដង។ តារាសម្ដែងរាងតូចច្រឡឹង ដួង ម៉ានិច ធ្លាប់បញ្ចេញសកម្មភាពចម្លែកស្រដៀងគ្នាម្ដងដែរកាលពីឆ្នាំ២០២០ ជាមួយតារាសម្ដែងប្រុស អេឡិច ចត្រា។

កាលណោះនាង និងអេឡិច បានយកដៃទាំងពីរដាក់លើក្បាល រួចលោកចុងជើងពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀត នៃជញ្ជាំងបន្ទប់មួយរហូតដល់ហត់ទាំងពីរនាក់។ ក្រោយមកទើបនាងបកស្រាយថា ការបញ្ចេញរូបភាព ឬសកម្មភាពប្លែកៗបែបនេះ គឺគ្រាន់តែចង់បង្កើតអនុស្សាវរីយ៍ជាមួយមិត្តរួមអាជីព ឬអ្នកស្និទ្ធស្នាលប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay