បណ្តាញសង្គម

អុញ...ក្រឡាប់​ចាក់​ហើយ! ព្រឹក​នេះ អ៊ិន សុភិន ប្រកាស​ប្ដូរ​ជំហរ​លែង​ចរចា​វិញ ព្រោះ សុខ រ៉ាស៊ី នៅ​តែ​ផ្គើន​ទៀត

បន្ទាប់ពីពិធីករ សុខ រ៉ាស៊ី ទម្លាយរឿងសម្របសម្រួលក្ដីក្ដាំរបស់លោកជាមួយលោក អ៊ិន សុភិន

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាប់តែថ្ងៃលោក អ៊ិន សុភិន ដែលជាចុងចម្លើយបានប្រកាសប្ដូរជំហរលែងចង់ចរចាអ្វីបន្ដទៅទៀត គឺទុកឲ្យតុលាការជាអ្នកវែកញែករកខុសត្រូវ ហើយលោកថានឹងបញ្ចប់រឿងនេះឲ្យកាន់តែល្អមើល។

អគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន ប្រាប់Sabay នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ថា រូបលោកផ្ទាល់មិនចង់ពង្រីកបញ្ហានេះឲ្យកាន់តែធំនោះទេ ប៉ុន្ដែបើសុខ រ៉ាស៊ី នៅតែបញ្ចេញចរិតរឹងរូសមិនស្ដាប់តាមការសម្របសម្រួលរបស់សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលទើបតែបញ្ចប់នីតិវិធីសម្របសម្រួលលើកទី១នោះ គឺលោកក៏នឹងរង់ចាំតតាំងគ្នានៅតុលាការដែរ ព្រោះលិខិតស្នាមរឿងជំពាក់លុយនោះក៏មិនអាចយកជាការបានដែរ។

អ៊ិន សុភិន៖"ខ្ញុំមិនដែលធ្ងន់មាត់អីជាមួយគាត់(សុខ រ៉ាស៊ី)ទេ តែគេថាក្មេងហ្នឹងច្រឡោងខាម រឹងរូសពិបាកនិយាយគ្នា។ កាលសម្របសម្រួល គាត់យល់ព្រមលើតម្លៃ១ម៉ឺន ហើយឥឡូវគាត់មកបញ្ចេញព័ត៌មានអីទៀត...អីចឹងខ្ញុំមិនតបតអីទៀត ទុកទៅតុលាការចុះ ខ្ញុំនឹងបញ្ចប់រឿងឲ្យល្អមើល"។

លោក អ៊ិន សុភិន បញ្ជាក់ថា រឿងតម្លៃរៀបចំឆាក និងដាក់ភ្លើងនោះ មិនទាន់បាននិយាយគ្នាដាច់ស្រេចនៅឡើយ ហើយនៅក្នុងវិក្កយបត្រនោះក៏មិនទាន់បានពិនិត្យល្អិតល្អន់ និងមានស៊ីញេលោកនៅលើក្រដាសនោះដែរ ស្រាប់តែលោក សុខ រ៉ាស៊ី ដាក់តម្លៃនោះដោយឯកតោភាគី ដោយពុំមានការយល់ព្រមពីខាងលោកនៅឡើយ។

ទាក់ទងនឹងបញ្ហានេះ Sabay មិនទាន់អាចទាក់ទងលោក សុខ រ៉ាស៊ី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ គឹតត្រឹមម៉ោង១០ ថ្ងៃទី២៩ ខែកក្កដា នេះ។ ប៉ុន្ដែម្សិលមិញនិយាយថា រឿងនៅទើត្រឹមលោកមិនព្រមចេញលិខិត ឬវីដេអូ សុំទោសលោក អ៊ិន សុភិន ជាសាធារណៈ ព្រោះលោកយល់ថាការទម្លាយរឿងជំពាក់លុយនេះ គឺលោកមិនខុសអ្វីឡើយ៕

ដកស្រង់ពី៖ Sabay