បណ្តាញសង្គម

ហេតុផលក្រុមអ្នកស្រាវជ្រាវលើកមកនេះ ធ្វើឲ្យ ម៉េង កែវពេជ្ជតា កាន់តែក្ដៅក្រហាយ

អស់រយៈពេលជិតកន្លះខែទៅហើយដែលតារាចម្រៀងស្រី ម៉េង កែវពេជ្ជតា តស៊ូមតិតាមបណ្ដាញសង្គម ដើម្បីទាមទារសិទ្ធិជាម្ចាស់បទ”ជំនោរដើមខែ”

បន្ទាប់ពីតារាចម្រៀង បាន មុន្នីលក្ខណ៍ យកបទនេះមកច្រៀងឡើងវិញដោយមិនបានសុំការអនុញ្ញាត ឬសុំសិទ្ធិពីអ្នកនាងផ្ទាល់។ ស្រាប់តែល្ងាចមិញនេះ ម៉េង កែវពេជ្ជតា ក្ដៅក្រហាយកាន់តែខ្លាំង ក្រោយពីមានអ្នកស្រាវជ្រាវប្រវត្ដិសិល្បករ-សិល្បការិនីជំនាន់ដើមឈ្មោះក្រុមព្រះសុរិយា ចេញមុខអះអាងថា បើនិយាយតាមផ្លូវច្បាប់ ម្ចាស់កម្មសិទ្ធិនៃបទនេះ គឺផលិតកម្មឆ្លងដែន ដោយក្រុមនេះឲ្យអ្នកនៅមានចម្ងល់ទៅសួរបន្ថែមពីមន្ដ្រី នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលរបស់ក្រសួងវប្បធម៌។

ក្រុមព្រះសុរិយា៖”គ្រប់គ្នាដឹងស្រាប់ហើយថាបើតាមផ្លូវច្បាប់ បទចម្រៀងនោះមិនមែនរបស់លោកស្រី ម៉េង កែវពេជ្ជតា ទេ ពីព្រោះលោកស្រីបានលក់សំឡេងរបស់លោកស្រីជូនទៅផលិតកម្មឆ្លងដែនហើយ”។ ការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវ បន្ទាប់ពីបង្ហាញមុខម្ចាស់សំនៀងដើម នៃបទ”ក្រមុំស្រុកស្រែ” ឬ”ជំនោរដើមខែ” គឺអ្នកស្រី ម៉ម សុខា នេះ ត្រូវបានតារាចម្រៀងវ័យជ្រេ ម៉េង កែវពេជ្ជតា ប្រតិកម្មថា តើឲ្យអ្នកនាងបញ្ចប់ការជជែកវែកញែកលើរឿងនេះយ៉ាងណា បើនៅតែមានអ្នកតាមព្យាបាទ ឬកសាងកំហុសសង្កត់មកលើរូបនាងជាបន្ដបន្ទាប់បែបនេះ។

ម៉េង កែវពេជ្ជតា៖”សួរថាបើខ្ញុំចង់បំបាត់ឈ្មោះគាត់(ម៉ម សុខា)មែន រឿងអីដែលខ្ញុំដាក់ឈ្មោះគាត់ជួរលើខ្ញុំ ហើយបទនេះខ្ញុំច្រៀងតាំងពីឆ្នាំ១៩៩៨ បើខ្ញុំមិនប្រាប់ថាជាបទគាត់ ក៏គ្មាននណាដឹងដែរ រីឯអ្នកអួតយកមុខថាដឹងនោះ គឺក្រោយខ្ញុំបង្ហោះទេ”។ គិតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ សង្គ្រាមពាក្យសម្ដីរវាងតារាចម្រៀងម៉េង កែវពេជ្ជតា និងអ្នកមានមតិផ្ទុយពីការទាមទាររបស់តារាចម្រៀងរូបនេះ នៅតែជជែកគ្នាយ៉ាងក្ដៅគគុកនៅឡើយ។

អ្នកខ្លះគិតថា វាជារឿងត្រឹមត្រូវដែល ម៉េង កែវពេជ្ជតា ទាមទារសិទ្ធិជាម្ចាស់បទ”ជំនោរដើមខែ” ប៉ុន្ដែអ្នកខ្លះវិញក៏សុំឲ្យបញ្ចប់ការជជែករឿងនេះដោយគេគិតថា តាមពិត ម៉េង កែវពេជ្ជតា ក៏មិនមែនជាម្ចាស់សំនៀងដើម នៃបទនេះ គឺអ្នកស្រី ម៉ម សុខា ទេដែលជាម្ចាស់សំនៀងដើម។

ប៉ុន្ដែអ្វីដែលតារាចម្រៀង ម៉េង កែវពេជ្ជតា មិនព្រមឈប់ជជែកនោះ គឺត្រង់ថា នាងបានយកបទអ្នកស្រី ម៉ម សុខា មកច្រៀងមែន តែបានដាក់ឈ្មោះម្ចាស់ដើមត្រឹមត្រូវ ប៉ុន្ដែកញ្ញា បាន មុន្នីលក្ខណ៍ បានយកបទនេះមកច្រៀងឡើងវិញដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយមិនបានដាក់ឈ្មោះអ្នកនាង ឬអ្នកស្រី ម៉ម សុខា ទាល់តែសោះ។

អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថា ក្រៅពីបទ”ជំនោរដើមខែ” បាន មុន្នីលក្ខណ៍ បានបំពានបែបនេះលើបទរបស់ខ្លួនជាង២០បទហើយ៕

ដកស្រង់ពី៖ Sabay