បណ្តាញសង្គម

ចេញហើយ វីដេអូ​ឡាន​ Cybertruck ពិតៗ ​បើក​គ្រប់​ស្ថានភាព​ផ្លូវស៊ីផុយ

បើទោះបីជាការផលិតរថយន្ត Cybertruck របស់ Tesla ត្រូវពន្យារពេលដល់ឆ្នាំ២០២៣ ប៉ុន្តែវីដេអូមួយដែលបង្ហាញពីការបើកបររបស់រថយន្តនេះលើគ្រប់ស្ថានភាពផ្លូវដោយគ្មានការពិបាក នឹងធ្វើឱ្យលោកអ្នកមិនអាចរង់ចាំបានទៀតឡើយ។

តាមរយៈវីដេអូ Teaser ប្រមាណ ១នាទី ដែលត្រូវគេលួចថតបាននៅ Showroom របស់ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញនូវរថយន្ត Cybertruck ត្រូវបានបើកបរលើផ្លូវក្នុងទីក្រុង និងលើផ្លូវលំបាកៗដូចជាផ្លូវ Off-road និងវាលស្មៅ ដោយគ្មានបញ្ហា។

គួរកត់សម្គាល់ថា វីដេអូនេះទំនងជាបានថតកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ពោលគឺនៅពេលដែលលោក Elon Musk បានបើករថយន្តនេះផ្ទាល់ទៅធ្វើទស្សនកិច្ចនៅរោងចក្រ Giga Texas។

ខណៈដែលរថយន្តត្រូវបានបើកទៅដល់ ក្រុមបុគ្គលិក-កម្មករ បានឈរព័ទ្ធរថយន្ត ហើយថតបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីការភ្ញាក់ផ្អើលរបស់ពួកគេ។កន្លងមកនេះ មានការលេចធ្លាយថា តម្លៃនៃរថយន្តអគ្គិសនី Cybertruck គឺមានតម្លៃថោកជាងគេបើប្រៀបធៀបនឹងរថយន្ត Tesla ដទៃទៀត។

រថយន្តនេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ Single-motor ប៉ុង១រត់កង់ខាងក្រោយ) បើប្រៀបធៀបនឹង Model 3 មានតម្លៃ ៤១ ៩៩០ដុល្លារ និង Model Y តម្លៃ ៥៤ ៩៩០ដុល្លារ។

យ៉ាងណាមិញ តម្លៃ Cybertruck នឹងខ្ពស់ជាងនេះពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Dual-motor ប៉ុង២ ឬឡើងដល់ ៦៩ ៩០០ សម្រាប់ប្រភេទ tri-motor ប៉ុង២។ សម្រាប់ប្រភេទ Single Motor រថយន្ត Cybertruck នេះ អាចជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,៥វិនាទី ហើយពេលសាកភ្លើងពេញម្តងអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ។

ចំណែកប្រភេទ Dual Motor អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និងប្រភេទ Tri-motr បន្ថែមដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣,៥វិនាទី)៕

ដកស្រង់ពី៖sabay